ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកភ្នំស្រុកបានចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់បានឈ្លោះប្រកែកជាមួយប្រពន្ធរហូតប្រើហិង្សា យកជំពាមកៅស៊ូបាញ់ប្រពន្ធចំភ្នែកបណ្តាលឲ្យរងរបួសធ្ងន់ ។ ការឈ្លោះគ្នារវាងប្តីប្រពន្ធនេះ កើតឡើងនៅវេលាម៉ោង៦យប់ថ្ងៃទី២៥ ឧសភា ស្ថិតនៅក្នុងភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ទោ ឡុង ស៊ីដា នាយប៉ុស្តិ៍ប៉ោយចារបានឲ្យដឹងថា ជនបង្កជាប្តីមានឈ្មោះ ញ៉ិប ញ៉ែម ភេទប្រុស អាយុ៦៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ ណក់ ហេវ ភេទ អាយុ៥៧ឆ្នាំ រស់នៅភូមិ ត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ទោ ឡុង ស៊ីដា បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនបង្កជាប្តីបានមកពីផឹកស្រាស្រវឹងជោកមកដល់ផ្ទះ ក៏បានរករឿងប្រពន្ធដោយអំណាចជាតិសុរ៉ាចូលពោះនិយាយស្តាប់គ្នាមិនបាន ក៏ឈានដល់បង្កហិង្សាប្តីបាន យកជំពាមកៅស៊ូបាញ់ទៅលើប្រពន្ធ ត្រូវចំគ្រាប់ភ្នែកខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់បែកគ្រាប់ ។
ក្រោយពីកើតហេតុ ហើយអ្នកជិតខាងបានដឹកតាមរថយន្ត បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកជនបង្កហេតុត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនឹងកម្លាំងប៉ុស្តិ៍ប៉ោយចារចុះបង្ក្រាបឃាត់ខ្លួនបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងកសាងសំណុំរឿងមកស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបន្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ