ក្នុងពេលដែលជនជាតិអាមេរិកជាច្រើនអ្នកកំពុងតែព្យាយាមធ្វើការពីផ្ទះជារៀងរាល់ថ្ងៃព្រោះតែការផ្ទុះជំងឺកូវីដ ១៩ វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលបុគ្គលិកកាន់តែច្រើនចាប់ផ្តើមនឿយហត់កាន់តែខ្លាំងនឹងការងារ ព្រោះការរក្សាលំនឹងរវាងការងារ និងការសម្រាកគឺមិនងាយស្រួលដូចមុនឡើយ ។ មានន័យថាពួកគេត្រូវការពេលសម្រាកខ្លះដែរ ។
ដោយហេតុដូចនេះទើបលោក ស៊ុនដារ ពីឆៃ (Sundar Pichai) ដែលជានាយកប្រតិបត្តិរបស់ Google និង Alphabet បានសម្រេចចិត្តឲ្យបុគ្គលិកឈប់សម្រាកមួយថ្ងៃពេញ និងបានបកស្រាយក្នុងអ៊ីមែលមួយដែលបានផ្ញើទៅឲ្យបុគ្គលិកថា៖ ខ្ញុំដឹងថាពួកយើងជាច្រើនអ្នកបានបន្តរត់គ្មានឈប់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយអ្នកប្រហែលជាកំពុងនឿយហត់នឹងការងារ ។ ដូច្នេះខ្ញុំបានប្រើប្រាស់ TGIF (ដែលជាកិច្ចប្រជុំក្រុមហ៊ុន) ជាឱកាសមួយក្នុងការប្រកាសពីថ្ងៃឈប់សម្រាកនៅថ្ងៃទី ២២ ខែឧសភា ។ អ្នកអាចយកពេលវេលាទៅធ្វើអ្វីដែលអ្នកត្រូវធ្វើដើម្បីផ្តល់អាទិភាពលើសុភមង្គលរបស់អ្នកវិញ ។មូលហេតុអ្វីបានជាលោកធ្វើដូច្នេះ?
១. វាជាវិធីបង្ហាញដល់បុគ្គលិកថាពួកគេត្រូវបានទទួលស្គាល់
នរណាៗក៏ចង់ទទួលបានការទទួលស្គាល់ពីអ្នកដទៃជុំវិញខ្លួនដែរ ហើយការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការកោតសរសើរស្ថិតក្នុងចំណោមវិធីល្អៗក្នុងការលើកទឹកចិត្តដល់បុគ្គលិក ។ ប៉ុន្តែក្រៅពីការោតសរសើរហើយ ការផ្តល់រង្វាន់លើកទឹកចិត្តបន្តិចបន្តួចដូចជាការឈប់សម្រាកមួយថ្ងៃអាចនឹងមានតម្លៃជាងរង្វាន់ថវិកាទៅទៀត ។
២. វាជាវិធីអនុញ្ញាតឲ្យបុគ្គលិកសម្រាក
នៅពេលដែលលោកពីឆៃប្រាប់ឲ្យបុគ្គលិកធ្វើអ្វីដែលពួកគេត្រូវធ្វើដើម្បីផ្តល់អាទិភាពដល់សុភមង្គលរបស់ខ្លួន លោកប្រៀបដូចជាកំពុងប្រាប់ដល់ពួកគេថាការឈប់សម្រាកដើម្បីមើលថែខ្លួនឯងមិនមែនជាការខុសឆ្គងទេ ហើយវាពិតជាសំខាន់ណាស់ក្នុងកំឡុងពេលដែលមនុស្សម្នាក់ៗត្រូវប្រឈមមុខនឹងសម្ពាធថ្មីព្រោះតែកូវីដ១៩នេះ ។
៣. វាជួយបង្កើនប្រសិទ្ធិភាពការងារ
មានការស្រាវជ្រាវជាច្រើនដែលបង្ហាញថា ប្រសិទ្ធិភាពការងារនឹងធ្លាក់ចុះប្រសិនបើអ្នកធ្វើការជាច្រើនម៉ោងដោយមិនមានការឈប់សម្រាក ។ ដូច្នេះការប្រាប់ឲ្យបុគ្គលិកសម្រាកពីការងារអនុញ្ញាតឲ្យបុគ្គលិករក្សាប្រសិទ្ធិភាពការងាររបស់ខ្លួនបានរយៈពេលវែងដែលល្អសម្រាប់ស្ថាប័នទាំងស្រុង ៕
ចែករំលែកព័តមាននេះ