ប្រទេសថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រជាជនថៃបានប្រញាប់ប្រញាល់នាំគ្នាទៅផ្សារទំនើបនានានៅទូទាំងប្រទេសវិញ នៅថ្ងៃដំបូងនៃការបើកឱ្យផ្សារទំនើបដំណើរការឡើងវិញ ក្រោយពីមានការបិទទ្វារដោយសារតែកូវីដ១៩ អស់រយៈពេលជាយូរ។ ខណៈនេះ ខាងផ្សារទំនើបក៏បានអនុវត្តវិធានការបង្ការជំងឺ និងទប់ស្កាត់ ដើម្បីជៀសឆ្ងាយពីរលកទី២ នៃកូវីដ១៩។
រោគរាតត្បាតកូវីដ១៩ បានបង្ខំឱ្យមានការបិទហាងលក់ទំនិញ ផ្សារទំនើបខ្នាតយក្ស និងមជ្ឈមណ្ឌលផ្សារទំនើបតូចៗអស់រយៈពេលជិតពីរខែ។ ខណៈដែលមានការបើកឡើងវិញនូវកន្លែងកំសាន្តនានាផ្សេងទៀត នៅកាលពីម្សិលមិញ ប្រជាជនសម្រុកនាំគ្នាទៅជាច្រើនកុះករ។
ការតម្រង់ជួរវែងៗ ត្រូវបានគេឃើញនៅខាងក្រៅផ្សារជាច្រើននៅក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀតមុនពេលបើកទ្វារ។ អ្នកទិញឥវ៉ាន់ត្រូវបានគេតម្រូវឱ្យពាក់ម៉ាស់ការពារ ហើយត្រូវសុំចុះឈ្មោះមុនពេលចូលទៅក្នុងបរិវេណផ្សារ និង ត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា។
បុគ្គលិកផ្សារទំនើបមួយក៏បានបង្ហាញការព្រួយបារម្ភអំពីការវិលត្រឡប់ទៅកាន់កន្លែងសាធារណៈដូចជាមជ្ឈមណ្ឌលលក់ទំនិញដោយនិយាយថា ការរក្សាគម្លាតសុវត្ថិភាព គឺពិបាកនឹងអនុវត្តណាស់ ជាពិសេសគឺនៅពេលដែលមានមនុស្សកកកុញនៅកន្លែងតែមួយ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ