ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋប្រមាណជាង៥០គ្រួសារ ដែលបានផ្ដិតមេដៃលើពាក្យបណ្ដឹងតវ៉ាទាមទារឱ្យរុះរើបង្គោលអង់តែនទូរស័ព្ទចល័ត ហាក់បានស្ងប់ស្ងាត់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅព្រឹកថ្ងៃទី១៧ ឧសភា នេះ ពួកគេបានផ្ទុះការតវ៉ាជាថ្មី នៅពេលឃើញកម្មករមួយក្រុម បាននាំយកឧបករណ៍ឡើងទៅបំពាក់បន្ថែមលើបង្គោលអង់តែននោះ ខណៈកិច្ចសន្យារុះរើកាលពីប៉ុន្មានឆ្នាំមុនមិនទាន់ត្រូវបានម្ចាស់ផ្ទះនោះគោរពនៅឡើយ ។
ទីតាំងដំឡើងបង្គោលអង់តែននោះ ស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ដែលមានម្ចាស់ផ្ទះឈ្មោះ ង៉ែត សារ៉ន ប្រុសអាយុជាង៦០ឆ្នាំ ។ អ្នកតវ៉ាបាននិយាយថា ម្ចាស់ផ្ទះនោះបានរៀបចំតម្លើងបង្គោលអង់តែននោះ តាំងពីឆ្នាំ២០០៨ ហើយនីឆ្នាំ២០១៣ ត្រូវបានប្រជាពលរដ្ឋជាង៥០គ្រួសារ រស់នៅក្នុងមូលដ្ឋានប្ដឹងតវ៉ាទាមទារឲ្យរុះរើចេញវិញ ។ អ្នកភួមិបានប្រាប់ថា កាលនោះម្ចាស់ផ្ទះសន្យាថា នឹងរុះរើចេញនៅឆ្នាំ២០១៨ តែរហូតដល់ឆ្នាំ២០២០ទៅហើយ ម្ចាស់ផ្ទះនេះមិនព្រមរួសរើតាមកិច្ចសន្យាទេ។
មិនតែប៉ុណ្ណោះ ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ឧសភា នេះ ម្ចាស់ផ្ទះឈ្មោះង៉ែត សារ៉ន ថែមទាំងបានយល់ព្រមឲ្យក្រុមហ៊ុនទូរស័ព្ទដទៃៗទៀត យកឧបករណ៍ទៅបំពាក់បន្ថែមនៅលើបង្គោលនោះទៀត ទើបបង្កឲ្យផ្ទុះការតវ៉ាជាថ្មី ។ គេមិនឃើញមន្ត្រីសាលាក្រុងបាត់ដំបង ណាម្នាក់ចុះទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសម្របសម្រូលក្នុងរឿងក្ដីក្ដាំនេះភ្លាមៗទេ បើទោះជាពលរដ្ឋបានព្យាយាទូរស័ព្ទសុំជំនួយអន្តរាគមន៍ច្រើនលើកច្រើនសារក្ដី ។
រីឯម្ចាស់ផ្ទះបង្គោលអង់តែននោះ ក៏មិនឃើញចេញក្រៅ ដើម្បីដោះស្រាយជាមួយពលរដ្ឋដែរ ប៉ុន្តែគេឃើញវត្តមានលោកសំរិទ្ធ ឆន ចៅសង្កាត់ទូលតាឯក និង មន្ត្រីនគរបាលមូលដ្ឋានម្នាក់ បានចុះទៅរារាំងក្រុមកម្មករតម្លើងប្រព័ន្ធទូរស័ព្ទ។ នៅកន្លែងតវ៉ានោះ ប្រជាពលរដ្ឋបានទាមទារឲ្យក្រុមកម្មករតម្លើងប្រព័ន្ធទូរស័ព្ទនោះត្រូវផ្អាកសកម្មភាព ហើយឧបករណ៍ ដែលបំពាក់រួចហើយនៅលើបង្គោលអង់តែន ត្រូវដោះចេញវិញមិនអនុញាតឲ្យធ្វើបន្ថែមទៀតឡើយ។
មូលហេតុដែលប្រជាពលរដ្ឋរស់នៅតំបន់នោះ ប្ដឹងទាមទារមិនឲ្យតម្លើងបង្គោលអង់តែននៅទីនោះ ដោយពួកគេយល់ឃើញថា «បង្គោលអង់តែនប្រព័ន្ធទូរស័ព្ទនោះ មានវិទ្យុសកម្មខ្លាំង ដែលនាំឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ»។ ជាមួយនឹងការស្នើឲ្យមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចគេឃើញលោកសំរិទ្ធ ឆន ចៅសង្កាត់ទូលតាឯក និងមន្ត្រីនគរបាលមូលដ្ឋាន បានចុះទៅដល់ទីនោះ ហើយបានប្រាប់ឱ្យកម្មករទាំងប៉ុន្មាននាក់នោះ បញ្ឈប់សកម្មភាព ហើយត្រូវដោះឧបរកណ៍៍ដែលបំពាក់រួចហើយ ចេញពីបង្គោលអង់តែនវិញផងដែរ ដើម្បីរង់ចាំដំណោះស្រាយបន្ត។
សូមបញ្ជាក់ថា មានបង្គោលអង់តែនប្រព័ន្ធទូរស័ព្ទនេះ ចំនួន២ទីតាំង ដែលប្រជាពលរដ្ឋជាង៥០គ្រូសារនៅភូមិអូរតាគាំ១ និង នៅភូមិអូរតាគាំ២ សង្កាត់ទូលតាឯកខាងលើនេះ ប្ដឹងតវ៉ាឱ្យរួសរើចេញវិញ។ ប៉ុន្តែបង្គោល១កន្លែង បានរុះរើចេញអស់ហើយ នៅឡើយតែបង្គោលអង់តែន នៅលើផ្ទះរបស់ឈ្មោះ ង៉ែត សារ៉ន នេះ តែប៉ុណ្ណោះ។ នៅឆ្នាំ២០១៣ ដែលពលរដ្ឋបានប្ដឹងទាមទារឱ្យរុះរើម្ចាស់ផ្ទះឈ្មោះង៉ែត សារ៉ន នេះបានយលព្រមរើរចេញ តែសុំពន្យារដល់ឆ្នាំ២០១៨ ដោយសារជាប់កុងត្រាជាមួយក្រមហ៊ុនទូរស័ព្ទ។
ការសុំពន្យារពេលរុះរើនោះ ឈ្មោះង៉ែត សារ៉ន បានធ្វើកិច្ចសន្យាត្រឹមត្រូវនៅចំពោះមុខអាជ្ញាធរក្រុងទៀតផង ប៉ុន្តែរហូតមកដល់ខែឧសភា ២០២០ទៅហើយ មិនត្រឹមតែមិនរុះរើទេ ម្ចាស់ផ្ទះនេះ ថែមទាំងអនុញ្ញាតឱ្យក្រុមហ៊ុនទូរស័ទ្ទដទៃយកឧបករណ៍ឡើងទៅបំពាក់បន្ថែមទៀត ។
ទោះបីជាយ៉ាងណា ការតវ៉ាជាថ្មីខាងលើនេះ ភ្លាមៗនោះគេឃើញក្រុមកម្មករនោះផ្អាកសកម្មភាព តែមិនទាន់ទម្លាក់ឧបករណ៍ពីលើបង្គោលតាមការទាមទារបស់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅឡើយទេ ដោយក្រុមកម្មករទាំងនោះប្រាប់ថា រង់ចាំបទបញ្ជាពីខាងក្រុមហ៊ុនសិន ៕
ចែករំលែកព័តមាននេះ