ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ឪពុកចុងម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននាំទៅសាកសួរ ក្រោយពីឪពុកចុងរូបនេះបានកាច់ដៃ និងជើងកូនអាយុ១ខួប បណ្តាលរងរបួសធ្ងន់ ហេតុការណ៍នេះបានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
បើតាមលោកស្នងការនគរបាលខេត្ត បានប្រាប់ថា ក្រោយពីឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះព័ត៌មានមានថា ក្មេងរងគ្រោះម្នាក់ត្រូវឪពុកចុងឈ្មោះ ធួន ផាណា បានធ្វើសកម្មភាពកាច់ដៃឆ្វេង និងជើងឆ្វេងរបស់ក្មេងតូចរងគ្រោះ បណ្តាលរបួសធ្ងន់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ។ ហើយពេលនេះក្មេងរងគ្រោះរូបនេះ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តឧត្តរមានជ័យផងដែរ។
លោកបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាននេះហើយ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ រហូតបានដឹង និងនាំខ្លួនឪពុកចុងរូបនេះ មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ ហើយដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យរូបនេះពិតជាបានប្រើហិង្សាលើក្មេង១ខួប ដែលជាកូនចុង បណ្តាលរបួសធ្ងន់បាក់ដៃ និងជើង។
លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ទៀតថា ក្រោយពេលសាកសួរហើយ ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាឪពុកចុងខាងលើទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ