រាជធានីភ្នំពេញ ៖ តម្លៃបន្លែគ្រប់ប្រភេទនៅក្នុងទីផ្សារកម្ពុជាបានហក់ឡើងខ្ពស់ជាង មុននៅក្នុងរយៈពេលប្រមាណជិតកន្លះខែមកហើយ បន្ទាប់ពីកម្ពុជាបានរកឃើញករណី
វិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នាពេលកន្លងមក បណ្តាលឲ្យប្រជាកសិករមួយចំនួន
មានការភ័យក្លាយមិនបានដាំដុះ ។
នេះបើតាមការអោយដឹងពីអាជីវករលក់បន្លែបោះដុំនិងរាយនៅផ្សារដើមគរ តាមដងផ្លូវព្រះមុន្នីរ៉េត និងតាមបណ្តោយផ្លូវនានា ក្នុងសង្កាត់ទួលស្វាយព្រៃ២ ក្នុងខណ្ឌបឹងកេងកង ដើម្បីចែកចាយទៅទីផ្សារនានានៅក្នុងរាជធានីភ្នំពេញនៅចែកចាយនៅទូទាំងប្រទេស។
ជួបជាមួយកោះសន្តិភាព ចែ ពៅ អាយុ៤២ឆ្នាំ ជាអ្នកជាអ្នកលក់ទិញបន្លែលក់ដុំនិង មានលំនៅសង្កាត់ស្ទឹងមានជ័យ បានអោយដឹងថា បន្លែគ្រប់ប្រភេទបានឡើងថ្លៃ ចាប់តាំង ពីថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរមកម្លេះ ដោយសារតែបន្លែនាំចូលមិនគ្រប់ គ្រាន់សម្រាប់តម្រូវការចែកចាយនៅទីផ្សារនានានៅក្នុងរាជធានីភ្នំពេញ ក៍ដូចជានៅតាមបណ្តាលខេត្តនានា។
ចែ ពៅ បានអោយដឹងថាទៀត បន្លែដែលនាំមកចែកចាយនៅតាមទីផ្សារដើមគរជា
បន្លែនៅក្នុងស្រុកដែលភាគច្រើនជាបន្លែដំដុះនៅស្អាងព្រែកតូច នៃទឹកដីខេត្តកណ្តាល និងមួយចំនួនទៀតនាំចូលពីប្រទេសវៀតណាម ។ បន្លែវៀតណាមជាទូទៅគឺមានតម្លៃថោកជាងបន្លែដាំក្នុងស្រុក ។ សម្រាប់បន្លែដែលនាំចូលពីស្អាងព្រែកតូច ត្រូវបានប្រជាកសិករ និងអ្នករកស៊ីម៉ៅបន្លែ ដឹកយកមកលក់នៅវេលារសៀល ដែលក្នុងនោះ សាឡាត់មានតម្លៃ ៤០០០រៀល ទៅ៥០០០រៀល ក្នុងមួយគីឡូក្រាម, ស្ពៃក្រញ៉ាញ់៣០០០រៀល, ខាត់ណា ១៥០០ រៀលទៅ២០០០រៀល, ស្ពៃខ្មៅតម្លៃ ២២០០រៀល, ស្ពៃចង្កឹះ ក្នុង១គីឡូក្រាម៨០០រៀលជាដើម ។ តម្លៃនេះអាចឡើងនិងចុះបន្លិចបន្តួច ទៅតាមប្រភេទនៃបន្លែល្អ ឬអន់ ខណៈឆ្នាំមុនៗពេលខ្លះសាឡាត់ ឬបន្លែខ្លះទៀតធ្លាក់មកត្រឹម ៥០០ រៀលក្នុងមួយគីឡូក្រាមក៏មានដែរ ។
ប្រភពដដែលបានបញ្ជាក់ថា ចំណែកបន្លែនាំចូលពីប្រទេសវៀតណាមជាទូទៅដឹកមក
ដល់ផ្សារនៅវេលាម៉ោងប្រមាណ៩ទៅម៉ោង១០យប់ លក់ទាល់ភ្លឺតម្លៃ ថោកជាងបន្លែដាំនៅក្នុងស្រុក។ អាជីវកររូបនោះបានអោយដឹងទៀតថានៅក្នុងមួយយប់គាត់បានទិញបន្លែលក់បោះដុំចែកចាយទៅតាមបណ្តាលផ្សារនានាក្នុងរាជធានីភ្នំពេញនិងតាមបណ្តាលខេត្តប្រមាណ៥តោន ដែលក្នុងមួយគីឡូក្រាមចំណេញបានប្រមាណ១០០រៀល ទៅ២០០រៀលតែប៉ុណ្ណោះ។
ចំណែកលោក ស្រីអឿន សុខឃាង អាយុ ៣០ឆ្នាំ ជាអ្នកដាំសាឡាត់នៅស្ពាងព្រែកតូច
ហើយដឹកយកមកលក់នៅផ្សារដើមគេ បានអោយដឹងថា បន្លែគ្រប់មុខទាំងអស់បានឡើងថ្លៃ មូលហេតុ ដោយសារតែប្រជាកសិករមានការភ័យខ្លាចពីជំងឺកូវីដ-១៩ រាត្បាតកន្លងមក ទើបពុំបានដាំដុះបន្លែបង្ការ ជាហេតុធ្វើអោយបន្លែខ្សត់ទើបឡើងថ្ងៃ។
ចំណែកអាជីវករបន្លែលក់និងអ្នកដឹកបន្លែជាច្រើននាក់ទៀតក៏បានអោយដឹងដូចគ្នា នេះដែរ ។ អាជីវករទាំងនោះបានអោយដឹងទៀតថា នៅឆ្នាំកន្លងមកខែនេះបន្លែសំបូរហូរហៀរហើយ ស្រឡាត់និងស្ពៃទាំងនោះពេលខ្លះ ធ្លាក់ថ្លៃរហូតដល់១គីឡូក្រាម ៥០០រៀលគ្មានអ្នកទិញទៀតទុករលួយចោលក៏មានដែរ។
តាមអ្នកមីងម្នាក់ជាអាជីវករលក់ត្រសក់និងផ្លែត្រប់ សូមមិនបញ្ចេញឈ្មោះ បានអោយ
ដឹងថា បន្លែគ្រប់ប្រភេទត្រូវបានអាជីករមកពីស្អាង ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ជាដើម ក្រៅពីនោះក៏បាននាំចូលពីប្រទេសវៀតណាម ។ ឆ្នាំនេះបន្លែបានឡើងថ្លៃគ្រប់មុខទាំងអស់ ដូចជាត្រសក់ ដែលគាត់នាំមកពីខេត្តកំពង់ស្ពឺ បានថ្លៃ ១គីឡូក្រាម១៥០០រៀល និងត្រប់ស្រួយតម្លៃ ១៥០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះគឺបានថ្លៃខ្ពស់ជាងឆ្នាំមុន ដែលលក់បានត្រឹមតម្លៃ ៣០០ ទៅ៤០០រៀលតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ផ្សារដើមគរ ជាទីផ្សារបន្លែធំសម្រាប់ចែកចាយនៅទូទាំងប្រទេស ចំណែកការតាំងលក់បន្លែនេះមិនមែនស្ថិតនៅក្នុងផ្សារដើម.គ ទេ គឺលក់នៅតាមដងផ្លូវ
ព្រះមុនីរ៉េត ខាងកើតផ្សារ និងតាមផ្លូវនានានៅសង្កាត់ទួលស្វាយព្រៃ២ដែលការដាក់តាំងលក់ នេះចាប់ពីវេលារសៀល រហូត់ដល់ភ្លឺហើយ បង្កអោយមានការកក់ស្ទះចរាចរណ៍ផងដែរ ៕
ចែករំលែកព័តមាននេះ