យោងទៅតាមមហាសេដ្ឋី ម៉ាក ឃ្យូបេន (Mark Cuban) បានឲ្យដឹងថា វិធីដែលជួយធ្វើឲ្យកូនៗរបស់អ្នកឈានមុខក្មេងដទៃក្នុងពេលបច្ចុប្បន្ននេះ គឺធានាថាពួកគេបានរៀនសូត្រពីបច្ចេកវិទ្យា Artificial Intelligence ។
លោកបានចែករំលែកគំនិតនេះលើ Twitter របស់លោកដោយមានគោលបំណងផ្សព្វផ្សាយពីកម្មវិធីបង្រៀនពីបច្ចេកវិទ្យា Artificial Intelligence ដែលមូលនិធិសប្បុរសធម៌របស់លោកកំពុងតែចាប់ផ្តើមដោយមានការសហការជាមួយនឹង A.I. For Anyone ដែលជាអង្គការមិនយកប្រាក់ចំណូលមួយ ។
លើសពីនេះទៅទៀត លោកបានសរសេរលើ LinkedIn របស់លោកថា ក្នុងរយៈពេលមួយម៉ោងនៃកម្មវិធីនេះ អ្នកនឹងរៀនពីអ្វីជា AI? តើវាដំណើរការយ៉ាងដូចម្តេច? តើវាមានឥទ្ធិពលអ្វីលើពិភពលោក? ហើយតើអ្នកអាចត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃអនាគត?
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលមហាសេដ្ឋីរូបនេះព្យាយាមផ្សព្វផ្សាយពីបច្ចេកវិទ្យា Artificial Intelligence ។ កាលពីខែមិនាឆ្នាំ ២០១៩ កន្លងមក លោកធ្លាប់បាននិយាយក្នុងសិក្ខាសាលាមួយដែលពីសារៈសំខាន់សម្រាប់អាជីវករក្នុងការយល់ដឹងបន្ថែមពី AI ។លោកបានបកស្រាយថា «ដូចដែលកុំព្យូទ័រជះឥទ្ធិពល ដូចដែលអ៊ីនធើណេតបានក្លាយជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយ AI គឺកាន់តែធំជាងនេះទៅទៀត ។ ហើយប្រសិនបើអ្នកមិនយល់ពីវាទេ អ្នកមិនអាចដើរតាមសង្គមបានទេ។ ជាពិសេសប្រសិនបើអ្នកជាអាជីវករ» ។
លោក ឃ្យូបេន ព្យាយាមអប់រំខ្លួនលោកពីអនាគតដែលមានបច្ចេកវិទ្យា AI ស្ទើរតែគ្រប់វិស័យមិនថាអានសៀវភៅប៉ុន្មានក្បាលទេ ។លោកបានបន្តទៀតថា ប្រសិនបើអ្នកមិនចេះពីការសរសេរកូដ ឬបង្កើតកម្មវិធី Software ដែលប្រើប្រាស់បច្ចេកវិទ្យា AI ទេ យ៉ាងណាក៏អ្នកត្រូវយល់ដឹងពី AI បានគ្រប់គ្រាន់ដើម្បីសួរសំណួរដែលឆ្លាតវៃដែរ ។
«ប្រសិនបើអ្នកមិនចេះប្រើវា ហើយអ្នកមិនយល់ពីវា និងអ្នកមិនអាចយល់ពីវិធីសាស្ត្រផ្សេងៗដែលធ្វើឲ្យវាដំណើរការទេនោះ អ្នកនឹងមើលរំលងនូវឱកាសជាច្រើនដែលអ្នកនឹកស្មានមិនដល់» ៕
ចែករំលែកព័តមាននេះ