ខេត្តកណ្តាល ៖ ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅដឹកនាំដោយ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចុះបង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងក្រុងតាខ្មៅចំនួន៤លើកបានហើយ។
លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ក្រុមមុខសញ្ញាឆក់យ៉ាងសកម្មនេះ បានធ្វើសកម្មភាពឆក់ចំនួន៤ករណីហើយនៅក្រុងតាខ្មៅ និងនៅរាជធានី បានសម្រេចទាំងអស់ ។ បន្ទាប់ពីកម្លាំងធ្វើការស្រាវជ្រាវ និងស៊ើអង្កេតអស់រយៈពេលកន្លះខែប៉ុណ្ណោះ ទើបកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបានតែម្តង។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២០ នៅជុំវិញក្រុងតាខ្មៅ និងតាមផ្លូវរង្វង់មូលវត្តព្រែកប្រាភូមិ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានចំនួន៤នាក់រួមមាន ១-ឈ្មោះ សុខ ស្រីលន់ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ២-ឈ្មោះ សៅ ស្រីណុច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកពេទ្យឯកជន មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៣-ឈ្មោះ សួនកញ្ញា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និង៤-ឈ្មោះអ៊ូសុខា ភេទស្រី អាយុ៥៩ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ ម៉ែន រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ២-ឈ្មោះ រ៉ន ម៉េងហួរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង៣-ឈ្មោះម៉ាត់ សុខគ្រី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កណ្តាល ១S-៦៣០៧ បានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ ហើយជិះគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ទើបសមត្ថកិច្ចបានទទួលព័ត៌មានពីមេការផ្ទះសំណាក់ថា មានមុខសញ្ញាសង្ស័យ៣នាក់ជិះម៉ូតូខាងលើចូលដេកក្នុងផ្ទះសំណាក់របស់គាត់ ទើបកំលាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួន និងដកហូតវត្ថុតាងយកមកចាត់ការតាមនិតិវិធីតែម្តង។
តាមចំលើយសារភាពជនសង្ស័យបានឱ្យដឹងថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់កាបូបគេបានសម្រេចចំនួន៤ដង ដូចរៀបរាប់ខាងលើប្រាកដមែន ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ