រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ភ្លាមៗ ក្រោយពីជនសង្ស័យជិះកង់ឃើញសន្តិសុខកំពុងដេកលង់លក់ ក៏ធ្វើសកម្មភាពលួចទូរស័ព្ទ២គ្រឿង តែត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏ស្រែកផ្អើលឆាឡាដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនបានតែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង៣និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២០នៅចំណុចផ្លូវ១៣៥កែង៤៥៤ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ កែវ វល្លិ៍ ភេទប្រុស អាយុ៤៦ឆ្នាំ ជាសន្តិសុខឯកជន ស្នាក់នៅកន្លែងក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ស្រុីន សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ទួលទំពូងទី១បានអោយដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះល្បាតជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសលួចឆក់ប្លន់ផ្សេងៗដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឮសូរសំឡេងប្រជាពលរដ្ឋស្រែកផ្អើលឆាឡាថាមានចោរលួចទូរស័ព្ទ ហើយភ្លាមៗនគរបាលអន្តរាគមន៍ឃាត់ខ្លួនបាន និងនាំខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។
តាមប្រភពដដែលបានបន្តថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទចំនួន២គ្រឿងមែន ។ ពេលមុនកើតហេតុ ខ្លួនជិះកង់ក្នុងគោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋណាដែលប្រហែស លុះមកដល់ប្រទះឃើញសន្តិសុខដេកលក់លើប៉ៅអីនិងដាក់ទូរស័ព្ទនៅលើក្បាលដំណេក ហើយខ្លួនក៏ចូលលួចយកបានប្រុងរត់គេចដែរ តែម្ចាស់ភ្ញាក់ក៏ទាន់ស្រែកផ្អើលដល់នគរបាលឃាត់តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវនគរបាលឃាត់ខ្លួនរួមនឹងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្ត ចំណែកទូរស័ព្ទបានប្រគល់អោយជនរងគ្រោះវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ