រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវចាត់ទុកភូមិណាមួយដែលមានពលរដ្ឋខ្មែរមកពីថៃម្នាក់ក្តី គឺជាគោលដៅក្តៅ ហើយត្រូវតាមដានជាប្រចាំចំពោះសុខភាព ចៀងវាង ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិ ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនានេះស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ចំពោះអំពើល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៧ ខែមីនា នៅទីស្តីការក្រសួង ។
សម្តេច ស ខេង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានពលករខ្មែរមកពីថៃមានចំនួន៤៣០៧៤នាក់ ។ សម្តេចក៏បានលើកឡើងថា ទោះបីជាភាគីថៃប្រកាសបិទច្រកព្រំដែនជាមួយកម្ពុជាក៏នៅមានពលករខ្មែរចូលពីថៃមកកម្ពុជាតាមច្រករបៀងតូចៗផងដែរ ។ ចំណុចនេះសមត្ថកិច្ចកម្ពុជាត្រូវធ្វើការសហការជាមួយភាគីថៃ ដើម្បីសម្រួលឲ្យពួកគាត់បានចូលតាមច្រកព្រំដែន អន្តរជាតិ ដើម្បីអាចពិនិត្យសុខភាពគាត់បាន ។ ព្រោះថា បើកអ្នកវិភាគសិក្សាស្រាវជ្រាវវៀតណាមបានឲ្យដឹងថា អ្នកមានជំងកូវីដ១៩នេះអាចចម្លងបានមនុស្ស៥នាក់ ។
សម្តេចបន្តថា ការឆ្លងនេះនៅប្រទេសវៀតណាម គ្រាន់តែក្នុងភូមិមួយមានអ្នកឆ្លងតែម្នាក់បានចម្លងទៅមនុស្សប្រាំនាក់រហូតដល់វៀតណាមសម្រេចបិទភូមិរបស់ខ្លួនតែម្តង ។ សម្តេចបញ្ជាក់ថា ៖«អីញ្ចឹងចំណុចនេះ ត្រូវចាត់ទុកភូមិណាមួយ ដែលមានពលករមកពីថៃម្នាក់ជាគោលដៅក្តៅ ហើយតាមដានជាសុខភាពជានិច្ច ដើម្បីចៀងវាងការឆ្លងទៅផ្សេងទៀត ។ ហើយបើករណីសង្ស័យត្រូវបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុក ឬ ខេត្ត ដើម្បីធ្វើការព្យាបាល» ៕
ចែករំលែកព័តមាននេះ