មេរោគ កូរ៉ូណា ឬ កូវីដ-១៩ (COVID-19) បានធ្វើឲ្យមនុស្សជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីវាបានរាតត្បាតឆ្លងទៅប្រទេសយ៉ាងតិច ៩៧ប្រទេសដែរមកដល់ពេលនះ និងបង្កឲ្យមនុស្សប្រមាណ ៣,៨០០នាក់បាត់បង់ជីវិតផងដែរ ។
លោក អ៊ីឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ Telsa និងលោក ប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិករបស់ Microsoft បានចែករំលែកទស្សនៈរបស់ពួកគេលើស្ថានការបច្ចុប្បន្ននេះ ហើយទស្សនៈរបស់ពួកគេស្ទើរតែផ្ទុយគ្នាទាំងស្រុង ។
កាលពីថ្ងៃសុក្រកន្លងមកលោក ម៉ាស បានចែករំលែកលើ Twitter របស់លោកថា «ការភ័យខ្លាចវីរុស កូរ៉ូណា ពិតជាល្ងង់ណាស់» ។ ផ្ទុយមកវិញលោក ហ្គេតស៍ បានចែករំលែកអត្ថបទមួយលើ Blog របស់លោកក្រោមចំណងជើងថា «វិធីឆ្លើយតបនឹង COVID-19» និងបានបន្តថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ COVID-19 បានចាប់ផ្តើមមានអាកប្បកិរិយាដូចមេរោគដែលមានតែមួយក្នុងរយៈពេល ១០០ឆ្នាំដូចដែលយើងព្រួយបារម្ភ ។ លោកបានបន្តទៀតថា «ខ្ញុំសង្ឃឹមថា វាមិនធ្ងន់ធ្ងរដូច្នេះ ប៉ុន្តែពួកយើងគួរតែសន្មត់ថាវានឹងធ្ងន់ធ្ងរលុះត្រាតែយើងអាចបញ្ជាក់ផ្ទុយពីនេះ» ។
មហាសេដ្ឋីដែលសុទ្ធតែជាមនុស្សដ៏វៃឆ្លាតទាំងពីររូប ហើយការឆ្លើយតបរបស់អ្នកទាំងពីរមានសារៈសំខាន់ ព្រោះពួកគេមានមនុស្សចាំគាំទ្ររាប់លាននាក់ ។ ការឆ្លើយតបរបស់លោក ម៉ាស ធ្វើឲ្យមនុស្សឈប់ចាតុទុកថាមេរោគនេះជារឿងដ៏ធ្ងន់ធ្ងរដែលអាចធ្វើឲ្យពួកគេកាន់តែធ្វេសប្រហែស ខណៈដែលការឆ្លើយតបរបស់លោក ហ្គេតស៍ ផ្តល់ជាការព្រមានដល់មនុស្សខណៈដែលព្យាយាមប្រាប់កុំឲ្យភ័យខ្លាច ។
ក្រៅពីការចែករំលែកទស្សនៈលើប្រព័ន្ធសង្គម លោក ហ្គេតស៍ បានចូលរួមក្នុងការប្រឆាំងនឹងមេរោគខាងលើតាមរយៈមូលនិធិសប្បុរសធម៌របស់លោក ។ កាលពីខែមុនមូលនិធិ Bill & Melinda Gates Foundation បានសន្យាថានឹងបរិច្ចាគ ១០០លានដុល្លារដើម្បីឆ្លើយតបនឹង COVID-19 ហើយកាលពីសប្តាហ៍មុន ពួកគេបានប្រកាសម្តងទៀតថាពួកគេនឹងបរិច្ចាគ ៥លានដុល្លារទៀតទៅកាន់ភ្នាក់ងារសុខភាពសាធារណៈនៅតំបន់ Greater Seatle ដើម្បីប្រឆាំងនឹងមេរោគនេះ ៕
ចែករំលែកព័តមាននេះ