ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានរឿងមួយដែលគួរឱ្យសង្វេគចិត្តបំផុត ដែលមិនអាចទទួលយកបានសម្រាប់ជនរងគ្រោះ ខណៈជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងតែដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី នៅឯភ្នំពេញ ដោយមិនទាន់ដឹងពីស្ថានភាពបែបណាផងនោះ ក៏ស្រាប់តែជួបនឹងរឿងមួយទៀតបានកើតឡើង គឺផ្ទះជនរងគ្រោះត្រូវគេលួចដុតឆេះអស់គ្មានសល់ទៅទៀត ដែលកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។
បើតាមលោក ប៊ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំង បានប្រាប់តាមទូរស័ព្ទថា ផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យបានលេបត្របាក់ឆេះអស់ទាំងស្រុងខាងលើនោះមានចំនួន២ខ្នង ក្នុងនោះម្ចាស់ផ្ទះទី១-ឈ្មោះ មាស សាម៉ន អាយុ៥៦ឆ្នាំ ចំណែកប្រពន្ធឈ្មោះ វ៉ា ស្រី អាយុ៥៧ឆ្នាំ ផ្ទះមានទំហំ 5×6ម៉ែត្រ ខូចខាតទាំងស្រុង និងសម្ភារដែលបាត់បង់មាន ម៉ូតូវីវ៉ា១គ្រឿង អង្ករ១បេ មាស៣ជី កង់១គ្រឿង និងសម្លៀកបំពាក់ទាំងអស់ ដែលជារបស់ជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺឯមន្ទីរពេទ្យរុស្ស៊ី នៅរាជធានីភ្នំពេញនោះ។
លោកអធិការរងបន្តថា ចំណែកម្ចាស់ផ្ទះទី២ មាន ឈ្មោះ វ៉ា សារឿន អាយុ៦០ឆ្នាំ មានទំហំ 4×5ម៉ែត្រ ឆេះទាំងស្រុង ចំណែកសម្ភារៈដែលខូចខាតមាន កង់២គ្រឿង ទូរទស្សន៍១គ្រឿង ប្រាក់ 1,5000បាត ស្រូវ អង្ករ និងសម្លៀកបំពាក់ផងដែរ។
លោកអធិការរងនគរបាលស្រុកបន្តទៀតថា ដោយសាររដូវនេះជារដូវក្តៅផងនោះ ធ្វើឱ្យភ្លើងឆាបឆេះយ៉ាងរហ័សបំផុត ជាហេតុដែលធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យមិនអាចជួយសង្គ្រោះផ្ទះទាំង២ខ្នងខាងលើពីអគ្គិភ័យបានឡើយ ហើយនៅពេលដែលរថយន្តពន្លត់អគ្គិភ័យទៅដល់នោះ គឺអណ្តាតភ្លើងបានឆាបឆេះអស់ទៅហើយ។
បើតាមសាក្សីរស់នៅក្បែរផ្ទះកើតហេតុនេះបានឱ្យដឹងថា នេះពិតជាទុក្ខជាន់លើទុក្ខហើយ សម្រាប់ជនរងគ្រោះ មាស សាម៉ន និង វ៉ា ស្រី ដែលពេលនេះពួកគាត់កំពុងតែដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីឯភ្នំពេញ ដែលត្រូវគេលួចកាប់គាត់ដល់ក្នុងផ្ទះនោះហើយពួកគាត់មានកូន៣នាក់ តែការចេញអស់២នាក់ហើយ គឺមានតែកូនម្នាក់នៅជាមួយគាត់ ហើយពេលនេះកំពុងនៅមើលថែពួកគាត់នៅឯមន្ទីរពេទ្យ ។
សាក្សីដដែលបានបន្តទៀតថា ក្រុមគ្រួសារពួកគាត់នេះ ធ្វើជាគ្រូខ្មែរ ហើយត្រូវប្រជាពលរដ្ឋក្នុងភូមិបានចោទប្រកាន់ថា ចេះអាប់ធ្មប់ និងមិនពេញចិត្តចំពោះគ្រួសារពួកគាត់គ្រប់ៗគ្នា។
គួរំលឹកផងដែរថា នៅយប់ថ្ងៃទី៣ មីនា ឆ្នាំ២០២០ កាលពីម៉ោងជាង១១និង១៥នាទីយប់ គឺមានជនសង្ស័យចំនួន២នាក់បងប្អូនបង្កើតបានជិះម៉ូតូ១គ្រឿងប្រដាប់ដោយកាំបិតក្រង៉ុកចូលទៅកាប់ប្រហារមិនប្រណីដៃទៅលើជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធតែម្តង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ីភ្នំពេញ។ លុះដល់ព្រឹកថ្ងៃទី៤ ខែមីនា នោះ ជនសង្ស័យម្នាក់ឈ្មោះម៉ម ឯម ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ចំណែកឯឈ្មោះម៉ម អន ជាប្អូន បានរត់គេចខ្លួនបាត់ស្រមោល។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ