ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទីតាំងលាក់ទុកឈើជាច្រើនដុំមួយកន្លែង ដែលត្រូវបានក្រុមឈ្មួញលួចដឹកយកមកលាក់ទុកក្នុងព្រៃនោះ ហើយបំរុងលើកដាក់ឡើងរថយន្ត តែត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាប ហេតុការណ៍នេះបានកើតឡើងនៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ។
បើសតាមលោក សុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី៤ មីនា ២០២០នេះ ឱ្យដឹងថា គំនរឈើមួយកន្លែង ដែលក្រុមឈ្មួញបានយកមកលាក់ទុកនៅក្នុងព្រៃ ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ នេះ គឺត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រទះឃើញកាលពីល្ងាចថ្ងៃទី៣ មីនាម្ល៉េះ និងបានសហការគ្នាជាមួយជំនាញរដ្ឋបាលព្រៃឈើ ធ្វើការបង្ក្រាបតែម្តង នៅថ្ងៃទី៤ ខែមីនានេះ ។
លោកបន្តថា នៅពេលចុះបង្ក្រាបនោះ ក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ទៅហើយ បន្សល់ទុកតែវត្ថុតាងដូចជា រទេះក្របី និងគំនរឈើតែប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា លុះមកទល់ពេលនេះ កម្លាំងជំនាញកំពុងតែធ្វើការប្រមូលវត្ថុតាងទាំងអស់ ដើម្បីយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងកំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ហើយ ។ ដោយឡែកចំនួនឈើទាំងអស់ គឺនៅមិនទាន់ទទួលបានទិន្នន័យច្បាស់លាស់នៅឡើយទេ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ