ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ធារាសាស្ត្រ​សម័យ​អង្គរ​មានជីវិត​ឡើង​វិញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ នា​ឆ្នាំ​២០០៤ ស្រះស្រង់ និង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​រីង​ទឹក​នា​រដូវប្រាំង ។ នៅ​ពេល​នោះ​មាន​សំណួរ​ចំនួន​២​ដែល​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ទឹក​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ ១)​តើ​បុព្វបុរស​បង្កើត​ក​សិន្ធុ​ទឹក និង​បារាយណ៍ធំ​ៗ​មក​ដើម្បី​អ្វី​បើ​គ្មាន​មធ្យោបាយ​បញ្ចូល​ទឹក ? ២)​តើ​បុព្វបុរស​បង្កើត​ក​សិន្ធុ​ទឹក…

ខេត្តសៀមរាប​៖ នា​ឆ្នាំ​២០០៤ ស្រះស្រង់ និង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​រីង​ទឹក​នា​រដូវប្រាំង ។ នៅ​ពេល​នោះ​មាន​សំណួរ​ចំនួន​២​ដែល​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ទឹក​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ ១)​តើ​បុព្វបុរស​បង្កើត​ក​សិន្ធុ​ទឹក និង​បារាយណ៍ធំ​ៗ​មក​ដើម្បី​អ្វី​បើ​គ្មាន​មធ្យោបាយ​បញ្ចូល​ទឹក ? ២)​តើ​បុព្វបុរស​បង្កើត​ក​សិន្ធុ​ទឹក បារាយណ៍ និង​អាង​ទឹក​តាម​ប្រាសាទ​ដើម្បី​អ្វី ?

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ ជាតិ​អប្សរា​ផ្សាយ​ថា លោក​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​លើក​ឡើង​ថា​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ផ្នែក​បុរាណវិទ្យា និង​ឯកសារ ផ្សេង​ៗ និង​នៅ​លើ​ការដ្ឋាន​ផ្ទាល់​យើង​រក​ឃើញ​ថា រាល់​គ្រឹះ​ប្រាសាទ​តែង​មាន​ស្រទាប់​ខ្សាច់ ហើយ​គ្រឹះ​ស្រទាប់​ខ្សាច់​ក្រោម​ប្រាសាទ​មានការ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ទឹក​ក្រោម​ដី ព្រោះ​ទឹក​ក្រោម​ដី​បាន​ជួយ​ស្រទាប់​ខ្សាច់​បាន​រឹង​មាំ​និង​ទ្រទ្រង់​ប្រាសាទ​ដែល​មាន​ទម្ងន់​មហិមា ។

បន្ទាប់​ពី​សិក្សា​ឈ្វេងយល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ទឹក នៅ​ក្នុង​ឆ្នាំ​២០០៥ នាយកដ្ឋាន​គ្រប់គ្រង​ទឹក ដែល​ពេល​នោះ​គ្រប់គ្រង​ផ្ទាល់​ដោយ​ឯកឧត្តម បាន​សម្រេច​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​សម័យ​អង្គរ​ឡើង​វិញ​មាន​ដូច​ជា​នៅ​ប្រាសាទអង្គរវត្ត ស្រះស្រង់ បន្ទាប់​មក​ឆ្នាំ​២០០៧ ចាប់​ស្ដារ​បារាយណ៍​ខាងជើង​។ បន្ទាប់​មក​ទៀត​បាន​ស្ដារ​ឡើង​វិញ​នូវ​ប្រឡាយ និង​ទំនប់​ជា​ច្រើន​ដែល​មាន​ប្រវែង​សរុប​ជាង​៥២​គីឡូម៉ែត្រ​ដែល​ក្នុង​នោះ​មាន​ទ្វារ​ទឹកជា​ច្រើន​ដែរ​។ ចាប់ពី​ពេល​នោះ​មក​បារាយណ៍​ខាងជើង​ចាប់ផ្តើម​មានទឹក​ឡើង​វិញ ក្រោយ​ពី​បាន​គោក​គ្មាន​ទឹក និង​បាត់បង់​តួនាទី​ជាង​៥០០​ឆ្នាំ​មក​ហើយ ។

ទន្ទឹម​នឹង​នេះ​បារាយណ៍ និង​ប្រព័ន្ធ​ប្រឡាយ​ទឹក ផ្សេង​ៗ​ក៏​ចាប់ផ្តើម​ស្ដារ​ឡើង​វិញ​ធ្វើ​ឱ្យ​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​ដូច​ជា​បារាយណ៍​ខាងជើង ក​សិន្ធុ​ប្រាសាទអង្គរវត្ត ក​សិន្ធុ​ក្រុង​អង្គរធំ ស្រះ​ស្រង់​ជាដើម មាន​ប្រព័ន្ធ​បញ្ចូល​ទឹក​ឡើង​វិញ និង​អាច​រក្សា​ទឹកបាន​ទាំង​ខួបប្រាំងខួបវស្សា ។

លើស​ពី​នេះ​ទៀត ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណសម័យ​អង្គរ​មានជីវិត​ឡើង​វិញ​បាន​ធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ​លែង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ធានា​បាន​គ្រប់គ្រាន់​ទឹក​សម្រាប់​ទ្រ​គ្រឹះ​ប្រាសាទ​នា​រដូវប្រាំង ព្រមទាំង​បញ្ជៀ​សបាន​នូវ​បញ្ហា​ទឹកជំនន់​ទៀត​ផង​ចាប់ពី​ឆ្នាំ​២០១២​មក ។

លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​បន្ថែម​ថា​អ្វី​សម្រេច​បាន​នា​ពេល​នេះ​គឺ​គ្រាន់តែ​យក​ប្រព័ន្ធ​ធារាសាស្ដ្រ​បុរាណសម័យ​អង្គរ​ដែល​មាន​ស្រាប់​ដែល​បន្សល់​ពី​បុព្វបុរស​ខ្មែរ មក​ធ្វើ​ឱ្យ​វា​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ដែល​ចំណុច​ទាំងនេះ​ហើយ​ត្រូវ​អង្គការ​យូ​ណេ​ស្កូ ក៏​ដូច​ជា​អន្ដរជាតិ​ឱ្យ​តម្លៃ​ដល់​កម្ពុជា និង​តែងតែ​អញ្ជើញ​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​អោយទៅ​ចែករំលែក​បទ​ពិសោធន៍​គ្រប់គ្រង​ទឹក​ដល់​ស្ថាប័ន​អន្តរជាតិ ផ្សេង​ៗ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ