ខេត្តប៉ៃលិន ៖ បើធ្វើដំណើរចេញពីទីរួមខេត្តប៉ៃលិន ឆ្ពោះទៅទិសខាងកើ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ស្ថិតនៅក្បែរផ្លូវជាតិលេខ៥៧ ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុង ប៉ៃលិន ហើយងាកបែរទៅខាងឆ្វេងដៃ នឹងឃើញមានសកម្មភាពកម្មករ ក្មេង ចាស់ ប្រុស ស្រី នាំគ្នាអង្គុយចិញ្ច្រាំដំឡូងមីបណ្តាក់គ្នាយ៉ាងរដឹក ។
ហើយបើគេដើរចូលទៅដល់ទីលានហាលចំណិតដំឡូងមីវិញ នឹងឮសូរសម្លេងកាំបិតកាប់ចិញ្ច្រាំប្រដេញគ្នា ប៉ុងប៉ាំងៗ ចុះឡើងៗ មិនដាច់សូរ ខណៈកម្មករខ្លះកាប់ចិញ្ច្រាំតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ដាំបាយធ្វើម្ហូបទទួលទាន រួចនាំគ្នាបន្តទៀតរហូតដល់ល្ងាច សម្រាកហូបអាហារបន្ត ក៏នាំគ្នាកាប់ចិញ្ច្រាំរហូតដល់ម៉ោង១២យប់ពាក់កណ្តាលអធ្រាត្រ ទើបនាំគ្នាឈប់សម្រាក ។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃពលកម្មនៅឆ្នាំ២០២០នេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺមួយកញ្ឆេត្រឹមតែ១០០០រៀលប៉ុណ្ណោះ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០នេះ មានបុរសម្នាក់ឈ្មោះ វី ខន អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ ឆេង ចន្នី អាយុ៤៥ឆ្នាំ មានស្រុកកំណើតរស់នៅខេត្តកំពង់ឆ្នាំង បានមកស៊ីឈ្នួលចិញ្ច្រាំចំណិតដំឡូងមីឱ្យថៅកែម្នាក់អស់រយ:ពេល១០ថ្ងៃមកហើយ ។
គាត់បន្តទៀតថា ការនាំគ្នាមកស៊ីឈ្នួលនេះ ១កញ្ឆេ១០០០រៀល ដោយក្នុង១ថ្ងៃចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២យប់ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធអាចចិញ្ច្រាំបាន១២០ ទៅ១៣០កញ្ឆេ បើគិតជាប្រាក់ ១២០០០០រៀល ទៅ១៣០០០០រៀលដែរ ។ ប៉ុន្តែក៏មានពេលសម្រាកអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច រហូតដល់យប់ជ្រៅទើបឈប់សម្រាកយកកម្លាំង ។ បើសិនជាថ្ងៃក្តៅខ្លាំង ពួកគាត់យកមែកឈើមកចងធ្វើជាម្លប់បាំងដោយសំពត់ ឬកន្សែង ដើម្បីបន្តកាប់ចិញ្ច្រាំ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
គាត់បញ្ជាក់ថា ជារៀងរាល់ថ្ងៃ ពួកគាត់គ្មានដីស្រែចម្ការនឹងគេនោះទេ សូម្បីតែដីផ្ទះសម្រាប់ស្នាក់នៅក៏គ្មានដែរ ព្រោះឪពុកម្តាយក្រ អត់មានកេរ្តិ៍អាករចែកឱ្យកូនចៅនោះទេ ហើយដើរជួលផ្ទះគេស្នាក់នៅធ្វើការ កន្លែងនេះម្តង កន្លែងនោះម្តង ពេលអស់ការងារក៏ធ្វើដំណើរទៅកន្លែងផ្សេងទៀត ។ ចំណែកកូនៗរបស់ពួកគាត់មិនបានសិក្សារៀនសូត្រចេះដឹងនឹងគេនោះទេ ដោយសារជីវភាពខ្វះខាត ហើយឈរជើងមិននឹង ណាមួយបើទុកនៅជាមួយម្តាយចាស់ ខ្លាចក្រែងកូនធ្លាក់ទឹកលង់ ទើបមិនហ៊ានបណ្តោយឱ្យកូនៗទៅរៀននោះទេ គឺយកតាមខ្លួនជាប់ជានិច្ចតែម្តង ។
បើតាមបុរសម្នាក់ឈ្មោះ ម៉ៅ អាយុ៤៧ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឱ្យដឹងដែរថា ឱ្យតែដល់រដូវប្រមូលផលដំឡូងមី គាត់តែងតែនាំប្រពន្ធកូនទៅសង់ខ្ទមតង់កៅស៊ូ ស្នាក់នៅស៊ីឈ្នួលចិញ្ច្រាំដំឡូងមីក្នុងខេត្តប៉ៃលិន ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈកូនចៅរបស់ពួកគាត់ភាគច្រើនរៀនបានត្រឹមតែថ្នាក់ទី៣ ទី៤ តែប៉ុណ្ណោះ អត់សូវចេះអក្សរស្ទាត់នោះទេ ហើយក៏បង្ខំចិត្តឱ្យពួកគេឈប់រៀនទាំងអស់ រួចនាំគ្នាដើរចល័តពីខេត្តមួយទៅខេត្តមួយ ដើម្បីធ្វើជាកម្មករ ដូចជាស៊ីឈ្នួល កាច់ពោត ដាំពោត ដាំដំឡូងមី ចិញ្ច្រាំដំឡូងមី និយាយឱ្យចំទៅ គឺការងារដែលប្រើកម្លាំងបាយ ពួកគាត់ធ្វើទាំងអស់មិនរើសអើងនោះទេ ។
គាត់បញ្ជាក់ថា ការងារប្រើកម្លាំងមិនបានកម្រៃច្រើននោះទេ ជាពិសេសពេលកើតមានជំងឺម្តងៗ ស្ទើរតែយកថវិកាទាំងនោះទៅព្យាបាលសឹងតែមិនគ្រប់នោះឡើយ ។ តែទោះបីជាយ៉ាងណា ពួកគាត់ត្រូវតែខិតខំប្រឹងប្រែងតស៊ូ រហូតដល់ថ្ងៃអស់ជីវិតនៅលើផែនដី ក៏មិនប្រាថ្នាអ្វីច្រើន គឺចង់បានតែបាយហូបគ្រប់គ្រាន់ សុខភាពល្អ កម្លាំងមាំមួន ងាយស្រួលលីសែងកសិផលឱ្យថៅកែចម្ការប្រចាំថ្ងៃប៉ុណ្ណោះ ៕ (កែសម្រួឡដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ