ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជំនួញរត់ពន្ធឈើខុសច្បាប់នៅទឹកដីស្រុកកែវសីមា ហាក់មិនមានសញ្ញាល្អណាមួយដែលអាចបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនោះឡើយ ខណៈឈើប្រភេទប្រណីតៗដូចជា បេង ធ្នង់ នាងនួន និងប្រភេទកម្រមួយចំនួន ត្រូវបានសកម្មជនព្រៃឈើអះអាងថា ស្ទើរបាត់វត្តមានទាំងស្រុងពីព្រៃ នៃតំបន់ភូមិភាគឦសាន ។
តាមសេចក្តីរាយការណ៍ពីស្រុកកែវសីមាបានឲ្យដឹងថា ក្រុមលេខាធិការដ្ឋានស្រុកកែវសីមា បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឈើ ជាក់ស្ដែងនៅយប់រំលងអធ្រាត្រថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ហឿន សុខណា បានប្រដេញចាប់បានរថយន្តដឹកឈើ២គ្រឿង លួចដឹកឈើខុសច្បាប់ឆ្លងកាត់ស្រុកកែវសីមា។
សេចក្តីរាយការណ៍បន្តថា ករណីទី១ កើតនៅម៉ោង១និង២០នាទីយប់ នៅថ្ងៃទី១៨ កុម្ភៈ ក្រុមលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុក បានសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើថ្នាក់ខេត្ត និងកម្លាំងអាវុធហត្ថខេត្ត បង្ក្រាបរថយន្តកាមរីហើម១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 2A 6593 នៅចំណុចភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយរថយន្តនេះដឹកឈើប្រណីតធ្នង់ជាច្រើនដុំ។
ដោយឡែកករណីទី២ កើតឡើងនៅម៉ោង៣និង៣០នាទីយប់នៅថ្ងៃដដែល កម្លាំងចម្រុះបានបន្តចាប់រថយន្តសាំយ៉ុង១គ្រឿង ពុំមានស្លាក់លេខ ពណ៌ទឹកប្រាក់ ដឹកឈើអារជ្រៀកប្រភេទលេខ១សុក្រម ចំនួន៨សន្លឹក ស្ថិតនៅចំណុចភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន វត្ថុតាងបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើកែវសីមា យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ។
ជុំវិញបទល្មើសធនធានធម្មជាតិនេះ អ្នកតាមដានបញ្ហាបរិស្ថានបានលើកឡើងពីមហន្តរាយព្រៃឈើនៅខេត្តមណ្ឌលគិរី ត្រូវគេមើលឃើញថា បានបាត់បង់អស់រាប់ម៉ឺនម៉ែត្រគូប ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ជាការកត់សម្គាល់ បើគិតចាប់ពីឆ្នាំ២០១៦ ក្រោយគណៈកម្មធិការថ្នាក់ជាតិ ទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្រុមការងារនេះ បានរកឃើញឈើខុសច្បាប់ជាង៦ម៉ឺនម៉ែត្រគូប តាមបណ្តាក្រុមហ៊ុន និងដីសម្បទានសេដ្ឋកិច្ចជាច្រើននៅក្នុងខេត្តមណ្ឌលគិរី។
បន្ទាប់ពីស្ងាប់ស្ងាត់មួយរយៈ សកម្មភាពជួញដូរឈើបានកក្រើកឡើងវិញនាអំឡុងឆ្នាំ២០១៩ ហើយគណៈកម្មការថ្នាក់ជាតិដដែល បានចុះបង្ក្រាបបន្ទាន់ឈានដល់ចាប់ឃាត់មនុស្សមួយចំនួនដាក់ពន្ឋធានាគារ និងបំផ្លាញរថយន្តកែច្នៃរាប់សិបឈើដែលបម្រើដល់ការដឹកជញ្ជូនឈើខុសច្បាប់នេះផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ