ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តហាយឡិនឌ័រមួយគ្រឿងបានធ្លាក់ចេញពីផ្លូវជាតិលេខ៥៣ និងបានបុករះ និងដុំថ្មបាយក្រៀមបែកផ្កាភ្លើង បណ្តាលឱយឆាបឆេះខ្ទេចទាំងស្រុងតែម្ដង ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៣ ត្រង់ចំណុចភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស ដែលបានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់បានដឹងថា ៖ លោកមិនទាន់ដឹងអត្ដសញ្ញាណម្ចាស់រថយន្តនោះទេ ។ ប៉ុន្តែតាមការពិនិត្យរថយន្តនោះ គឺបើកបរក្នុងល្បឿនលឿនលុះដល់ចំណុចផ្លូវកោងបត់មិនរួច ក៏ធ្លាក់ចុះចូលទៅព្រៃប៉ះនឹងថ្មបាយក្រៀមធំៗជាច្រើនកន្លែង បណ្ដាលឱ្យបែកផ្កាភ្លើង និងឆាបឆេះតែម្តង ។ សំណាងល្អម្ចាស់រថយន្តបានបើកទ្វាររថយន្តចេញរួច បន្ទាប់មកបានឡើងជិះរថយន្តចេញទៅបាត់ដោយមិនខ្វល់នឹងរថយន្តរបស់ខ្លួនដែលកំពុងឆាបឆេះនោះឡើយ សូម្បីតែសមត្ថកិច្ចសួរនាំក៏មិនបានផង ។ តែសំណាងល្អមិនមាននរណារងរបួសក្នុងហេតុការណ៍នោះទេ ។
លោកអធិការស្រុកទឹកផុសបានបញ្ជាក់ថា ៖ រថយន្ដខាងលើពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB.4707 ។ ក្រោយពីបាញ់ទឹកពន្លត់រថយន្តឆេះសល់តែឆ្អឹងហើយនោះនឹងយករថយន្តស្ទូចយកទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីទុកប្រគល់ជូនទៅម្ចាស់ដើមវិញ ។
សមត្ថកិច្ចបានបញ្ជាក់គ្រោះថ្នាក់ចរាចរណ៌ខាងលើបណ្តាលមកបើកបរក្នុងល្បឿនលឿនហួសការកំណត់ទើបបណ្តាលឲ្យមានគ្រោះថ្នាក់លើផ្លូវកោងបែបនេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ