ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សំណេះសំណាលជាមួយកម្លាំងនគរបាល៣ជំនាន់ ក្នុងគោលបំណងពង្រឹងវិន័យ និងតួនាទីជានគរបាលជាតិ បើមានឈ្មោះជាប់ជាក្របខ័ណ្ឌនគរបាលជាតិហើយនោះគឺត្រូវដាក់ខ្លួនបន្ទន់កាយបម្រើប្រជាពលរដ្ឋដោយឥតគឹតថ្លៃ និងដោយស្មោះត្រង់ ។ មិនត្រូវយកតួនាទី ភារកិច្ច របស់ខ្លួនទៅធ្វើអ្វីដែលខុសផ្ទុយពីកាតព្វកិច្ចរបស់ខ្លួនពីច្បាប់ និងពីវិន័យ សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិនោះឡើយ ។
នេះគឺជាប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីនគរបាលទាំងនេះ បានបញ្ចប់វគ្គសិក្សា និងមានឈ្មោះក្នុងក្របខ័ណ្ឌជាកងកម្លាំងនគរបាលជាតិចំនួន៣ជំនាន់(វគ្គ) គឺ ជំនាន់(វគ្គ) ឆ្នាំ២០១៧-ឆ្នាំ២០១៨ និងឆ្នាំ២០១៩ សរុបចំនួនជាង២៥០នាក់ មកពីតាមបណ្តាការិយាល័យជំនាញ អធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា ៖ ប្អូនៗ ក្មួយៗ គឺជាទំពាំងស្នងប្ញស្សី ក្នុងជួរកងកម្លាំងនគរបាលជាតិនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដូច្នេះត្រូវតែយកចិត្តទុកដាក់ក្នុងការបម្រើប្រជាជន ការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ជាមួយគ្នានោះគឺមិនត្រូវយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តនូវអំពើល្មើសច្បាប់ ដូចជាធ្វើកំណត់ហេតុ ឬរបាយការណ៍បំភ្លៃការពិត ដោយឃុបឃិតជាមួយជនប្រព្រឹត្តបទល្មើស យកខ្មៅទៅជាសនោះឡើយ ដែលធ្វើឲ្យអ្នកគ្មានកំហុសទៅជាមានកំហុសនោះគឺប្អូន និងក្មួយៗ នឹងមានវិប្បដិសារីនៅពេលក្រោយបន្ទាប់ពីដឹងថា ខ្លួនបានក្បត់ពីឧត្តមគតិរបស់ខ្លួន ត្រង់ន័យនេះ ក្នុងនាមជាថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តសូមហាមជាដាច់ខាត ហើយក៏មិនមានន័យថា ធ្វើជានគរបាលទៅបម្រើឲ្យគ្រួសានិយម បក្សពួកនិយមនោះឡើយ នគរបាលគឺត្រូវបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួនដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ បម្រើផលប្រយោជន៍រួម ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ