ខេត្តបាត់ដំបង ៖ កសិករដែលដាំដំណាំស្វាយកែវល្មៀត បានត្អូញត្អែរយ៉ាងខ្លាំងអំពីតំលៃទីផ្សារ ដែលបច្ចុប្បន្នបានធ្លាក់ចុះស្ទើរពាក់កណ្ដាល បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ ។ កសិករខ្លះចោទថា «ស្វាយធ្លាក់ថ្លៃ ដោយសារឈ្មួញកណ្ដាលក្រឡុកទីផ្សារ» រីឯឈ្មួញឆ្លើយតបវិញថា «តំលៃស្វាយធ្លាក់ចុះ ដោយសារពេលនេះ ជារដូវប្រមូលផលស្វាយ (សំបូរស្វាយ) និងទៅតាមទីផ្សារជាក់ស្ដែង»។
បើតាមការសង្កេតជាក់ស្ដែងក្នុងពេលនេះ កសិករដែលមានដំណាំស្វាយកែវល្មៀត ស្ទើរគ្រប់ទីកន្លែង កំពុងតែត្អូញត្អែរពីតំលៃស្វាយធ្លាក់ចុះនេះ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ម្នាក់ៗបានបង្កើនការដាំដំណាំស្វាយកែវល្មៀតនេះកាន់តែច្រើន ។ កសិករនៅស្រុកបាណន់ម្នាក់ គឺលោកកង ប៊ុន បាននិយាយថា តំលៃស្វាយកែវល្មៀតក្នុងពេលនេះ បានដាំក្បាលចុះយ៉ាងកំហុគ បើធៀបនឹងឆ្នាំមុន។ កសិករវ័យ៦០ឆ្នាំប្លាយរូបនេះ បាននិយាយយ៉ាងដូច្នេះថា «កាលពីឆ្នាំមុនក្នុងខែនេះ ខ្ញុំប្រមូលផលស្វាយលក់បានថ្លៃគួរសម តែដល់ពេលនេះ បែរជាផ្លែស្វាយធ្លាក់ថ្លៃស្ទើរពាក់កណ្ដាល» ។
លោក កង ប៊ុន បានបញ្ជាក់ថា ផ្លែស្វាយគាត់ដែលប្រមូលផលរាល់រដូវ មាន២ប្រភេទ គឺប្រភេទស្វាយសម្រាប់ឈ្មួញនាំចេញទៅរោងចក្រក្រៅស្រុក និងប្រភេទស្វាយសម្រាប់នាំចេញដែរ តែសម្រាប់ដាក់លក់នៅតាមទីផ្សារ (ស្វាយច្រកថង់នៅលើដើម) ។ ឆ្នាំមុនស្វាយសម្រាប់ចូលរោងចក្រ គាត់លក់បានតំលៃចន្លោះពី១០០០រៀល ដល់១៤០០រៀល ក្នុង១គីឡូក្រាម។
រីឯស្វាយច្រកកញ្ចប់សម្រាប់លក់លើទីផ្សារ លក់បានតំលៃចន្លោះពី១៨០០រៀល ដល់២៣០០រៀល ក្នុង១គីឡូក្រាម តែពេលនេះស្វាយទាំង២ប្រភេទនេះ គាត់លក់បានតំលៃស្ទើរមិនបានពាក់កណ្ដាលឆ្នាំទៅមិញផង ។ គាត់មិនដឹងអំពីមូលហេតុ នៃការធ្លាក់ចុះតំលៃនេះទេ តែបើតាមការស្វែងយកខ្លះៗ និងម្ចាស់ចំការដទៃទៀតដែលនិយាយតៗគ្នា ទំនងដោយសារក្រុមឈ្មួញកណ្ដាលក្រឡុកទីផ្សារតែម្ដង ។ ដោយឡែក កសិករដទៃទៀតក៏បានត្អូញត្អែរ និង បានយល់ឃើញដូច្នេះដែរ ចំពោះទីផ្សារផ្លែស្វាយធ្លាក់ចុះនេះ។
ផ្ទុយពីការយល់ឃើញរបស់កសិករខាងលើនេះ លោក ពឿន ពុច ឈ្មួញកណ្ដាលម្នាក់ នៅឃុំឈើទាល ស្រុកបាណន់ បានផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាពថា តំលៃស្វាយកែវល្មៀតនៅពេលនេះ ពិតជាធ្លាក់ថ្លៃស្ទើរពាក់កណ្ដាលមែន បើប្រៀបធៀបទៅនឹងទីផ្សារកាលពីប៉ុន្មានខែមុននេះ និងឆ្នាំទៅមិញ ។ គាត់បានប្រាប់ថា «សព្វថ្ងៃខ្ញុំទិញតែប្រភេទស្វាយដែលនាំចេញទៅប្រទេសថៃ សម្រាប់ចូលរោងចក្រតែប៉ុណ្ណោះ។ សព្វថ្ងៃស្វាយប្រភេទនេះ ខ្ញុំទិញពីកសិករដល់ចំការ ក្នុងតំលៃចន្លោះពី៥០០ទៅ៦០០រៀល ក្នុង១គីឡូក្រាម តែបើឃើញផ្លែល្អនិងធំៗបន្តិច ខ្ញុំអាចទិញក្នុងតំលៃដល់៧០០រៀលដែរ»។
លោកពឿន ពុច បានបកស្រាយអំពីការធ្លាក់ចុះ នៃទីផ្សារយ៉ាងដូច្នេះថា « ខ្ញុំធ្លាប់ឮម្ចាស់ចំការត្អូញត្អែរអំពីតំលៃផ្លែស្វាយធ្លាក់ចុះនេះដែរ។ ពួកគាត់ខ្លះចោទថា បណ្ដាលមកឈ្មួញក្រឡុកទីផ្សារ មិនមែនអញ្ចឹងទេ..! គឺសព្វថ្ងៃនេះតំលៃស្វាយធ្លាក់ចុះ ដោយសារតែរដូវនេះសំបូរស្វាយ»។ គាត់បានពន្យល់ថា សព្វថ្ងៃនេះកសិករចាប់ផ្ដើមប្រមូលផល ផ្លែស្វាយធម្មតាផង (ស្វាយដែលផ្លែតាមរដូវកាល មិនប្រើថ្នាំបញ្ជា) និងផ្លែស្វាយដែលប្រើថ្នាំបញ្ជាខុសរដូវផង ទើបសំបូរស្វាយនៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យធ្លាក់ថ្លៃយ៉ាងគំហុកបែបនេះ ។ ប៉ុន្តែបើរដូវណា ដែលមានតែស្វាយបញ្ជាផ្លែខុសរដូវ គឺមានទីផ្សារខ្ពស់ហើយ ព្រោះពេលនោះមិនសូវសំបូរស្វាយ។ ដូច្នេះ តំលៃស្វាយធ្លាក់ចុះនៅពេលនេះ មិនមែនមកពីឈ្មួញក្រឡុកទីផ្សារទេ គឺដោយសារខែនេះសំបូរស្វាយ និងទីផ្សារនៅប្រទេសក្បែរខាងធ្លាក់ចុះដែរ។
ដោយឡែក ឈ្មួញកណ្ដាលមួយរូបទៀត ក៏បានលើកឡើងស្រដៀងគ្នានឹងការបកស្រាយរបស់លោកពឿន ពុច ដែរ អំពីទីផ្សារស្វាយកែវល្មៀតធ្លាក់ចុះយ៉ាងគំហុកនេះ ។ អ្នកស្រី ធួន នី ជាឈ្មួញកណ្ដាលទទូលទិញស្វាយកែវល្មៀតប្រចាំផ្សារទំនើប «ភូពុយ» ក្នុងក្រុងបាត់ដំបង បាននិយាយថា កន្លងមកអ្នកស្រីមិនធ្លាប់ទទូលទិញប្រភេទផ្លែស្វាយសម្រាប់នាំចេញទៅកាន់រោងចក្រក្រៅប្រទេសទេ អ្នកស្រីទទូលទិញតែប្រភេទផ្លែស្វាយល្អ (ស្វាយច្រកថង់លើដើម) តែជាប្រភេទស្វាយសម្រាប់នាំចេញដែរ។
អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា «រឿងទីផ្សារស្វាយមិនទៀងទាត់ទេ វាអាស្រ័យលើទីផ្សារនាំចេញ និង ទៅតាមរដូវកាល នៃការប្រមូលផល មិនមែនមកពីឈ្មួញកណ្ដាលក្រឡុកទីផ្សារ ទើបធ្វើឲ្យតំលៃស្វាយធ្លាក់ចុះនោះទេ»។ ឈ្មួញរូបនេះបានបញ្ជាក់ថា កាលពីជាង១ខែមុននេះ ផ្លែស្វាយកែវល្មៀតសម្រាប់នាំចេញដាក់លក់លើទីផ្សារធំៗ ជាពិសេសនាំចេញទៅប្រទេសវៀតណាម នៅមានតំលៃខ្ពស់នៅឡើយ គឺគាត់ទទូលទិញក្នុងតំលៃចន្លោះពី១៨០០រៀល ដល់២៣០០រៀល ក្នុង១គីឡូក្រាម។ ប៉ុន្តែសព្វថ្ងៃនេះ ស្វាយប្រភេទនេះ គាត់ទទូលទិញចូលត្រិមតែតំលៃចន្លោះពី៨០០រៀល ដល់១០០០រៀល តែប៉ុណ្ណោះ គឺធ្លាក់ចុះស្ទើរពាក់កណ្ដាល ។
គួរកត់សម្គាល់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ប្រជាកសិករនៅខេត្តបាត់ដំបង ហាក់បង្កើនសន្ទុះយ៉ាងខ្លាំង ក្នុងការពង្រីកផ្ទៃដីដាំដំណាំស្វាយកែវល្មៀតនេះ ដោយសារតែពួកគេមើលឃើញថា ស្វាយកែវល្មៀតនេះមានទីផ្សារល្អ ទាំងនៅក្នុងស្រុក និងការនាំចេញ។ ព្រោះតែមើលបែបនេះហើយ ទើបកសិករមួយចំនួនបានសម្រេចបង្កើនការដាំដុះដំណាំស្វាយនេះ ស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែមិនដូចការរំពឹងទុកទេសម្រាប់ទីផ្សារស្វាយកែវល្មៀតនេះ ។ ព្រោះតំលៃឡើងចុះដូចទឹកជំនន់ដែរ ដែលនាំឲ្យកសិករដេកមិនលក់បក់មិនល្ហើយ ដោយសារតែទីផ្សារត្រូវពឹងលើប្រទេសជិតខាងស្ទើរទាំងស្រុង។
ពាក់ព័ន្ធនឹងសន្ទុះ នៃការកើនឡើងរបស់កសិករដាំដំណាំស្វាយកែវល្មៀតនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា ធ្លាប់បានប្រាប់កោះសន្តិភាព ដោយទទូលស្គាល់ថា បច្ចុប្បន្នប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ពិតជាកំពុងផ្ដោតខ្លាំងទៅលើដំណាំស្វាយកែវល្មៀតនេះមែន ព្រោះតែពួកគាត់សំឡឹងឃើញទីផ្សារល្អទៅអនាគត់ ។ ប៉ុន្តែយ៉ាងណា លោកបានបញ្ជាក់ដែរថា តំលៃទីផ្សារដំណាំកសិកម្ម មិនទៀតទាត់ទេ គឺវាអាស្រ័យទៅលើទីផ្សារជាក់ស្ដែង និង ទៅតាមរដូវកាល នៃការប្រមូលផល ៕
ចែករំលែកព័តមាននេះ