អាជីវករតែងតែដាក់សម្ពាធលើខ្លួនឯងខ្លាំង ដើម្បីអាចមើលឃើញអាជីវកម្មរបស់ខ្លួនជោគជ័យទៅមុខបាន ដែលជាហេតុធ្វើឲ្យពួកគេជួបប្រទះនឹងការស្ត្រេសជាប្រចាំដែលមិនអាចជៀសវាងបាន ។ យ៉ាងណាក្តី ការស្ត្រេសអាចជាឧបសគ្គធំមួយទាំងក្នុងអាជីវកម្ម និងក្នុងជីវិតផ្ទាល់ខ្លួនព្រោះវាអាចធ្វើឲ្យអាជីវករមិនអាចសម្រេចចិត្តបានត្រឹមត្រូវ និងអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សសំខាន់ៗក្នុងជីវិត ។ ដូច្នេះក្នុងនាមជាអាជីវករ តើមានយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយស្ត្រេស?
១. គិតពីនិយមន័យនៃការមានសុខភាពល្អឡើងវិញ៖
មានការសិក្សាស្រាវជ្រាវជាច្រើនដែលតែងតែរំឭកដល់មនុស្សគ្រប់ៗរូបជារៀងរាល់ថ្ងៃពីការមើលថែមទាំសុខភាពព្រោះការមានសុខភាពល្អរឹងមាំ មិនមែនគ្រាន់តែមានន័យថាអ្នកមានជីវិតរស់រានដកដង្ហើមបានធម្មតាទេ ។ មនុស្សដែលមានសុខភាពល្អពិតប្រាកដ ឫមនុស្សដែលមានលំនឹងភាពក្នុងផ្នែករាងកាយ សតិ និងផ្លូវចិត្តជាដើម ហើយវាពិតជាពិបាកក្នុងការទទួលបានលំនឹងភាពនេះណាស់ប្រសិនបើអ្នកចូលដំណេកមិនបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ឬទទួលទានគ្រឿងស្រវឹងនិងអាហារមិនល្អជារៀងរាល់ថ្ងៃ ។
២. រកអ្នកមានសមត្ថភាពខ្ពស់ឲ្យធ្វើការឲ្យអ្នក៖
ចៀសវាងការធ្លាក់ក្នុងអន្ទាក់នៃការរកតែមនុស្សដែលខ្សោយជាងខ្លួនដើម្បីធ្វើការឲ្យខ្លួន ។ អ្នកជាម្ចាស់អាជីវកម្មពិតមែនប៉ុន្តែមិនមែនមានន័យថាអ្នកជាមនុស្សដែលមានជំនាញខ្ពស់ជាងគេគ្រប់ផ្នែកទេ ។ ហើយសម្រាប់អាជីវករ វាគ្មានអ្វីដែលកាត់ស្ត្រេសជាងការបែងចែកការងារដែលអ្នកមានក្នុងដៃឲ្យទៅមនុស្សដែលអ្នកទុកចិត្តថានឹងធ្វើបានល្អឡើយ ។
៣. ព្យាយាមយល់ដឹងពីទស្សនៈរបស់អ្នកដទៃមកលើអ្នក៖
ចូរចងចាំថា ទស្សនៈរបស់មនុស្សគឺជាតថភាពជាក់ស្តែងរបស់ពួកគេ ហើយពួកគេមានសិទ្ធិក្នុងការមើលមកអ្នកក្នុងផ្លូវដែលអ្នកមិនយល់ស្រប ។ ប៉ុន្តែអ្នកត្រូវតែទទួលយក និងព្យាយាមយល់ពីទស្សនៈរបស់ពួកគេមកលើអ្នកមិនថាវាអាចផ្តល់ជាការឈឺចាប់ដល់អ្នកប៉ុណ្ណាទេ ព្រោះវានឹងជួយឲ្យអ្នករៀនសូត្រនិងអភិវឌ្ឍន៍ខ្លួនបន្ថែម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ