រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងបុកជាមួយរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរទាំងសងខាងបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤និង២០នាទីទៀបភ្លឺថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចទល់មុខផ្សារឈូកមាស តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនពោធិ៍សែន ។
ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ជន ហុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ម្ជូរ ស្នាក់នៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅខេត្តតាកែវ ជាអ្នកបើកបររ៉ឺម៉កកង់បីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១BG-៤២៩៨ ។ ចំណែកម្នាក់ទៀតឈ្មោះ លី គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្លឹបនៅម្តុំស្ពានអាកាសផ្សារដីហុយ មានស្រុកកំណើតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រំ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល ១AH-៨១១៩។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់បើកបររ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ហើយបានវ៉ារថយន្តមិនចាំម៉ាក ដែលបើកបរក្នុងទិសដៅស្របគ្នា លុះពេលបុរសម្នាក់នោះបើកម៉ូតូលឿនវ៉ារថយន្ដមិនផុតក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីរបស់ស្ត្រីយ៉ាងពេញទំហឹង បណ្តាលឱ្យរ៉ឺម៉កកង់បី ដាច់កង់ផ្នែកខាងមុខ រីឯម៉ូតូបានរងការខូចខាតយ៉ាងដំណំផងដែរ ចំណែកអ្នកបើកបរទាំងសងខាងបានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីស្រី្ដម្នាក់ដែលធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុខាងលើបាននិយាយថា មុនពេលកើតហេតុ ខណៈពេលគាត់ជិះកង់ពីក្រោយរ៉ឺម៉កម៉ូតូរបស់ស្ត្រីរងគ្រោះ មិនបានឃើញរថយន្ដបើកបរនៅពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះឡើយ គឺឃើញតែម៉ូតូ និងរ៉ឺម៉កម៉ូតូកង់បីបុកគ្នាតែប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុ គេឃើញបុរសជាប្តីរបស់ស្ត្រីរងគ្រោះបាននាំកូនតូចៗចំនួន៣នាក់មកដល់កន្លែងកើតហេតុ ព្រមទាំងយំរៀបរាប់ថា ជារៀងរាល់ព្រឹកគឺគាត់ជាអ្នកទៅទិញអីវ៉ាន់ទេ ប៉ុន្តែពីបីថ្ងៃនេះគាត់មិនស្រួលខ្លួន ទើបស្ត្រីជាប្រពន្ធបើករ៉ឺម៉កម៉ូតូកង់បីក្នុងគោលបំណងទៅទិញអីវ៉ាន់នៅផ្សារនាគមាស ក៏ជួបគ្រោះអកុសលបែបនេះតែម្តង ។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងយកទាំងម៉ូតូនិងរ៉ឺម៉កម៉ូតូកង់បីទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ