ប្រទេសចិន ៖ យោងតាមតុល្យការថ្មីបានប្រកាសកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីនៅចិនដីគោក ចំនួនអ្នកបាត់បង់ជីវិតឡើងដល់៥៦៣នាក់។ ហើយបណ្ដាវិធានរឹតត្បិតត្រូវបានពង្រីកនៅចិន និងនៅបរទេស។
ក្រោយពីដាក់ក្រុងវូហាននិងខេត្តហ៊ូប៉ីឲ្យនៅដាច់ពីគេ បណ្ដាទីក្រុងនៅភាគខាងកើតចិន បានចាត់បណ្ដាវិធានការរិតត្បិត ក្នុងការដើរហើរ សម្រាប់ប្រជាជនច្រើនសិបលាននាក់ថែមទៀត។
នៅក្រុងវូហានអ្នកទទួលខុសត្រូវម្នាក់អះអាងថា ក៏ទោះបីមានការកសាងបន្ទាន់មន្ទីរពេទ្យ និងការបង្វែរអគាររដ្ឋនានាសម្រាប់ជាទីតាំងទទួលអ្នកជំងឹក្ដី ក៏ទីក្រុងនោះជួបការខ្វះខាតខ្លាំងនូវគ្រែ និងបណ្ដាឧបករណ៍ព្រមទាំងសម្ភារនិងថាបណ្ដាគ្រូពេទ្យក៏ខ្វះខាត។
គណៈកម្មាធិការសុខាភិបាលជាតិគូសបញ្ជាក់នាថ្ងៃទី៦កុម្ភៈថា ចំនួនមនុស្សដែលឆ្លងបានឡើងដល់២៨.០១៨នាក់ នៅចិនដីគោកមិនគិតក្រុងហុងកុងនិងម៉ាកាវ ជាមួយអ្នកឆ្លងថ្មីតែមួយថ្ងៃមានដល់៣.៦៩៤នាក់។ គណៈកម្មាធិការនោះរៀបរាប់ម្យ៉ាងទៀតពីអ្នកស្លាប់៧៣នាក់ ក្នុងនោះ៧០នាក់នៅខេត្តហ៊ូប៉ី ជាប្រភពនៃការឆ្លងវីរុសនេះ នាំឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបឡើងដល់៥៦៣នាក់់ក្នុងប្រទេស។
អង្គការសុខភាពពិភពលោក WHO បានអំពាវនាវរកមូលនិធិ៦៧៥លានដុល្លារ ហើយប្រកាសថា ម៉ាស៥០០.០០០ និងស្រោមដៃ៣៥០.០០០គូត្រូវបញ្ជូនទៅកាន់ប្រទេស២៤ ព្រមទាំងមានការធ្វើតេស្ត២៥០.០០០ ក្នុងមន្ទីរពិសោធន៍ជាង៧០លើពិភពលោកទាំំងមូល។ ចំណែកមូលនិធិប៊ីលនិងមេលីនដាហ្គេត គូសបញ្ជាក់ថាខ្លួនសន្យាបញ្ចេញប្រាក់១០០លានដុល្លារសម្រាប់តស៊ូប្រឆាំងវីរុសថ្មីនេះ។
ជិត២០០នាក់ឆ្លងនៅក្រៅប្រទេសចិន
មនុស្សជិត២០០នាក់រកឃើញឆ្លងវីរុសថ្មីនោះក្រៅប្រទេសចិនក្នុងប្រទេសជាង២០។ ក្រុងហុងកុងដែនដីពាក់កណ្ដាលស្វយ័តចិន រៀបរាប់កាលពីថ្ងៃទី៤កុម្ភៈពីអ្នកបាត់បង់ជីវិតដំបូងម្នាក់។ នៅសហរដ្ឋអាមេរិកមានអ្នកឆ្លងថ្មីម្នាក់ទៀត ក្នុងរដ្ឋវីស្កុនសីនជាមនុស្សពេញវ័យម្នាក់ដែលមកពីចិន ហើយធ្លាប់នៅក្បែរអ្នកផ្ទុកវីរុស។ យន្តហោះ២គ្រឿងបានធ្វើមាតុភូមិនិវត្តន៍ បណ្ដាជនជាតិអាមេរិកមកពីចិនរួចហើយ។ យន្តហោះ២គ្រឿងទៀតត្រូវដឹកជនជាតិអាមេរិកមកដល់នាថ្ងៃទី៧កុម្ភៈ។
នៅជប៉ុនមនុស្ស៣៧០០នាក់មានសញ្ជាតិផ្សេងៗគ្នា នៅជាប់ក្នុងនាវាកម្សាន្តមួយយ៉ាងតិច១៤ថ្ងៃក្នុងទីក្រុងយូកូហាម៉ា ហើយអ្នកដែលឆ្លងក្នុងនាវានោះនាថ្ងៃទី៦កុម្ភៈបានឡើងពី១០នាក់ដល់២០នាក់។
នៅកំពង់ផែក្រុងហុងកុង មនុស្ស១៨០០នាក់ត្រូវបង្ខាំងទុកពីថ្ងៃទី៥កុម្ភៈមក ដើម្បីឆ្លងកាត់ការធ្វើតេស្តក្រោយពីរកឃើញអ្នកឆ្លងវីរុស៣នាក់ ក្នុងចំណោមអ្នកដំណើរនៃនាវាកម្សាន្ត។ ក្រោមការគាបសង្កត់ អាជ្ញាធរហុងកុងបានបិទស្ទើរទាំងអស់ប៉ុស្តិ៍ព្រំដែនជាមួយចិនដីគោក ហើយចាប់ពីថ្ងៃទី៨កុម្ភៈទៅ នឹងបង្ខាំងទុកយ៉ាងតិច២សប្ដាហ៍រាល់មនុស្សទាំងអស់មកពីចិនដីគោក។
ឥណ្ឌូណេស៊ីបានកាត់ផ្ដាច់កាលពីថ្ងៃទី៥កុម្ភៈរាល់ជើងយន្តហោះជាមួយចិន នាំឲ្យអ្នកទេសចរចិនច្រើនពាន់នាក់ជាប់គាំងនៅកោះទេសចរណ៍បាលី៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ