រាជធានីភ្នំពេញ ៖ បន្ទាប់ពីកម្ពុជាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតំបន់មួយចំនួនជាយដែនប្រទេស និងនៅក្បែររាជធានីភ្នំពេញនោះ បានធ្វើអោយប្រជាកសិករ មួយចំនួនធំ បានបោះបង់ការចិញ្ចឹមជ្រូកចោល ហើយត្រូវនាំចូលពីប្រទេសជិតខាងមកជំនួសវិញជាពិសេសមកពីប្រទេសថៃ ដែលធ្វើអោយតម្លៃជ្រូករស់ក្នុងប្រទេសកម្ពុជាបានកើនឡើងខ្ពស់ ។ ទោះបីជាយ៉ាងណាក្ដីប្រជាពលរដ្ឋកម្ពុជាមួយចំនួន នៅតែមិនទាន់ហ៊ានបរិភោគសាច់ជ្រូកពេញលេញនៅឡើយ ដោយហេតុខ្លាចប៉ះជ្រូកមានផ្ទុកជំងឺប៉េសជ្រូកអាហ្វ្រិកបើទោះបីជាក្រសួងបានបញ្ជាក់ថាជំងឺនេះមិនប៉ះពាល់ដល់សុខភាពមនុស្សក្ដី ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះបានអោយដឹងថា តម្លៃជ្រូករស់បានកើនឡើងថ្លៃ គឺចាប់តាំងពីប្រទេសវៀតណាមបានទទួលរងនូវការផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក និងធ្វើអោយការចិញ្ចឹមជ្រូកមានការថយចុះ ហើយការផ្គត់ផ្គង់សាច់ជ្រូកមិនអាចផ្គត់ផ្គង់គ្រប់តម្រូវការទីផ្សារ ។
ក្នងសេចក្តីប្រកាសនោះបានបង្ហាញថា បច្ចុប្បន្នវៀតណាមបានយកកម្ពុជា ធ្វើជាកន្លែងឆ្លងកាត់ការនាំចូលជ្រូកពីប្រទេសថៃ ទៅផ្គត់ផ្គង់ប្រទេសខ្លួន ហើយតម្លៃជ្រូករស់នៅប្រទេសវៀតណាមបានកើនឡើងខ្ពស់ ។ ដោយឡែកកម្ពុជាជាប្រទេសនាំចូលជ្រូកមកផ្គត់ផ្គង់ដែរ ព្រោះតែកសិករកម្ពុជា បានបោះបង់ចោលការចិញ្ចឹមជ្រូកដែលជាហេតុធ្វើអោយខ្វះខាតក្នុងការផ្គត់ផ្គង់និងត្រូវនាំចូលពីប្រទេសថៃមកបំពេញតម្រូវការ និងនាំអោយជ្រូកបានឡើងថ្លៃខ្ពស់ ។
បើតាមប្រភពដដែលនោះបានអោយដឹងផងដែរថា នៅប្រទេសវៀតណាមតម្លៃជ្រូករស់មានតម្លៃចាប់ពី ១៤០០០រៀល ទៅ១៦០០០រៀលក្នុងមួយគីឡូក្រាម ខណៈនៅកម្ពុជាវិញតម្លៃជ្រូករស់មានតម្លៃចន្លោះពី១១០០០រៀល ទៅ១២០០០រៀលក្នុងមួយគីឡូក្រាម តែមានតំបន់ខ្លះនៅប្រទេសកម្ពុជាអាចលក់បានដល់ទៅ១៤០០០រៀល ក្នុងមួយគីឡូក្រាម ។
លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអោយដឹងថា បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលជ្រូកតែពីប្រទេសថៃមួយគត់មកបំពេញតម្រូវការក្នុងស្រុក ហើយក៏លែងនាំចូលពីព្រោះវៀតណាមដែរ ដោយសារតែនៅវៀតណាមក៏កំពុងខ្វះខាតខ្លាំងក្នុងការផ្គត់ផ្គង់ជ្រូករស់និងសាច់ជ្រូក ដូច្នេះហើយតម្លៃជ្រូកនៅវៀតណាមក៏ថ្លៃខ្ពស់ជាងជ្រូកនៅកម្ពុជា ។លោកបានបន្តថា ចាប់តាំងពីជ្រូកនៅវៀតណាមរងការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានធ្វើអោយវៀតណាមត្រូវសម្លាប់ជ្រូកក្នុងស្រុកអស់ជាច្រើន ហើយកសិករក៏ត្រូវផ្អាកការចិញ្ចឹមមួយរយៈផងដែរ ដើម្បីអោយជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះបានសាបរលាបបន្តិច ។ មិនខុសគ្នានេះដែរ កម្ពុជាក៏បានរងនូវផលប៉ះពាល់ពីជំងឺប៉េសជ្រូកអាហ្វ្រិកនេះដែរ ដែលធ្វើអោយកសិករមួយចំនួនត្រូវបង្ខំផ្អាកការចិញ្ចឹមមួយរយៈសិន រង់ចាំស្ថានភាពប្រសើរឡើងវិញ ទើបចាប់ផ្ដើមចិញ្ចឹម ។
ដោយសារតែកត្តាជំងឺប៉េសជ្រូកអាហ្វ្រិកនេះ ធ្វើអោយពលរដ្ឋកម្ពុជាមួយចំនួននៅតែខ្លាចរអារមិនហ៊ានបរិភោគសាច់ជ្រូកពេញលេញ ធ្វើអោយអ្នកលក់សាច់ជ្រូកលើទីផ្សារមានផលពិបាកបន្តិច ខណៈពរលដ្ឋស្វែងរកសាច់ផ្សេងមកជំនួសសាច់ជ្រូកវិញ ដូចជាសាច់ត្រី សាច់មាន់ សាច់គោជាដើម ។
អ្
នកលក់សាច់ជ្រូកម្នាក់នៅផ្សារកំពង់ត្រាចខេត្តកំពត បាននិយាយថា បើទោះបីជារដូវកាលនេះជារដូវកាលមានតម្រូវការសាច់ជ្រូកខ្ពស់ក្ដី តែការលក់មិនជាដាច់ប៉ុន្មានទេ តែតម្លៃវិញឡើងកប់ពពក ។ ការឡើងថ្លៃនេះ មិនមែនដោយសារតែជារដូវមានតម្រូវការនោះទេ ពោលគឺបានឡើងយូរហើយ ហើយចេះតែឡើងជាបន្តបន្ទាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ