រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់ត្រូវបានអ្នកអ្នកភូមិប្រទះឃើញដេកនៅតាមចិញ្ចើមផ្លូវ ហើយមុនដំបូងនឹកស្មានថា ជាជនអនាថា គ្មានទីជម្រកដើរតែដេកគ្មានគោលដៅ លុះពេលចូលទៅដាស់ឲ្យភ្ញាក់ហើយសួរនាំទើបគាត់ប្រាប់ថា គាត់ពុំមែនជាជនអនាថាឡើយ តែគាត់គឺជាមេជាងសំណង់ម្នាក់ ។ ប៉ុន្តែគាត់បានផឹកស្រាជុំមិត្តភក្ដិរហូតដល់ស្រវឹងក៏បានជិះម៉ូតូ១គ្រឿង ទៅលេងសង្សារនៅឯខេត្តតាកែវទាំងយប់ ខណៈនោះស្រាប់តែជួបចោរ១ក្រុមធាក់ផ្ដួលប្លន់យកម៉ូតូ និងកាបូបលុយទៅបាត់ ។
ក្រោយមកគាត់មិនអាចបន្តដំណើរទៅមុខ ឬត្រឡប់ក្រោយបានឡើយ ម្យ៉ាងបានរងរបួសផង និងស្រវឹងផងនោះក៏បានដេកនៅនឹងកន្លែងកើតហេតុនោះ រួចហើយក៏លង់លក់រហូតដល់ភ្លឺបែបនេះតែម្ដង ។ ប៉ុន្តែចំពោះករណីមួយនេះ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាននិយាយតាមប្រព័ន្ធWatsApp ជាចំហរថា «មិនទាន់ច្បាស់លាស់ថា ត្រូវចោរធាក់ប្លន់ ឬស្រវឹងស្រាជិះម៉ូតូដួលដោយខ្លួន និងដេកលក់ហើយត្រូវគេយកម៉ូតូទៅបាត់ក៏អត់ដឹងដែរ ដូច្នេះមិនដឹងថា ជារឿងអ្វីពិតប្រាកដនៅឡើយទេ ព្រោះពេលនាំទៅសាកសួបំភ្លឺបុរសនោះនិយាយអត់ដឹងថា ម៉ូតូទៅណាទេ ហើយក៏អត់ទាន់ប្ដឹងដែរ ប្ដឹងអីបើអត់ដឹងថា ម៉ូតូត្រវគេលួច ឬក៏ត្រូវបងប្អូនយកទៅផងនឹង» ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១ ហៅផ្លូវតាកន ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លុះរហូតដល់ព្រឹកព្រលឹមថ្ងៃទី១៨ ខែមករានេះ ទើបអ្នកភូមិប្រទះឃើញគាត់ដេកនៅលើចិញ្ចើមផ្លូវត្រង់ចំណុចខាងលើក៏បានដាស់សាកសួរនាំទើបគាត់ដឹងថា គេយកម៉ូតូកាបូបលុយបាត់អស់ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលជាក់ស្តែង ។
បុរសរងគ្រោះខាងលើត្រូវបានអ្នកភូមិជួយលើកនាំយកទៅឲ្យអង្គុយរួចយកទឹកឲ្យលុបមុខ និងឲ្យផឹកភេសជ្ជៈរហូតដល់ស្វាងទើបសាកសួរមុនពេលប្រគល់ជូននគរបាល ហើយគាត់បាននិយាយថា គាត់មានឈ្មោះ យឹម វិទូ អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅក្រុងព្រៃវែង ខេត្តព្រៃវែង ។ នៅវេលាយប់ថ្ងៃទី១៧ ខែមករា គាត់បានផឹកស៊ីជួបជុំមិត្តភក្ដិនៅក្នុងភូមិកើតហេតុខាងលើ លុះដល់វេលាម៉ោង១១យប់ ថ្ងៃដដែលទើបឈប់ផឹក ហើយដោយមានការនឹករលឹកនាងជាសង្សារពេក ទើបជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ មិនចាំស្លាកលេខចេញពីក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យឆ្ពោះទៅកាន់ផ្ទះមិត្តនាង ស្ថិតនៅឯផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
បុរសនោះបានបន្តទៀតថា ខណៈនោះគាត់ជិះតែម្នាក់ឯប៉ុណ្ណោះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានចោរប្លន់១ក្រុមជិះម៉ូតូដេញតាមធាក់ បណ្តាលឲ្យគាត់ដួលម៉ូតូរងរបួស រួចហើយក្រុមចោរដណ្តើមយកម៉ូតូ និងយកកាបូបលុយគេចទៅបាត់ស្រមោល ។ ពេលនោះដោយសារតែរបួសផង និងស្រវឹងផង ម្យ៉ាងនៅទីនោះក៏ស្ងាត់ទៀតគាត់មិនអាចបន្តដំណើរទៅមុខ ឬក៏ត្រឡប់ក្រោយវិញបានឡើយ ទើបដេកនៅលើចិញ្ចើមផ្លូវ ហើយក៏បានលង់លក់រហូតដល់ភ្លឺតែម្ដង ៕
ចែករំលែកព័តមាននេះ