ខេត្តកំពង់ឆ្នាំង ៖ គណៈកម្មការវត្តភ្នំខ្លា រួមនិងតាអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ បានកើតទុក្ខមុនសុខចិត្តនិងព្រះសង្ឃមួយអង្គ គង់នៅវត្តភ្នំខ្លា ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយបានធ្វើចោទប្រកាន់ព្រះអង្គថា បានកាន់បច្ច័យវត្តចាយវាយវាយខ្ជះខ្ជាយ គ្មានបញ្ជីស្នាមត្រឹមត្រូវ និងធ្វើឱ្យបាត់ប្រាក់ប្រមាណជាង៣០លានរៀល ។
ការតវ៉ានេះ បានផ្ទុះឡើងនៅរសៀលថ្ងៃទី១៥ មករា ឆ្នាំ២០២០ ដោយមានការចូលរូមសម្របសម្រួលពី មន្ត្រីសង្ឃ និងមន្ត្រីការិយាល័យធម្មការស្រុកចូលរួមផងដែរ ។ លោក យឹម សូន ប្រធានគណៈកម្មការវត្តភ្នំខ្លា រួមនិងតាអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បាននិយាយឱ្យដឹងថា ព្រះអង្គ ជុំ វាសនា បាននិមន្តមក
ពីខេត្តតាកែវ និងបានសុំគង់នៅក្នុងវត្តភ្នំខ្លានេះ ដើម្បីជួយកសាងវត្តបាន១វស្សាហើយ តែគ្មានតួនាទីអ្វីឡើយ ជាព្រះភិក្ខុសង្ឃធម្មតា ។
ប៉ុន្តែការគង់នៅវត្តនេះ ព្រះអង្គបានចាត់ទុកអង្គឯងជាអ្នកគ្រប់គ្រងវត្ត ទុកដាក់ប្រាក់ចំណូល ចំណាយរបស់វត្តដោយខ្លួនឯង គឺដោយអត្តនោម័ត មិនអោយគណៈកម្មការវត្តបានដឹងឡើយ ។ រយៈកាលកន្លងមក តាមការកត់ត្រារបស់ គណៈកម្មការវត្តចំពោះតែប្រាក់ចំណូលធំៗ ដូចជាក្នុងបុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន និងបុណ្យផ្កា ប្រាក់ដែលទទួលបានសម្រាប់ កសាងវត្តសរុបមានចំនួន ៥៧លានរៀល ហើយការដកការចំណាយទៅវិញ គឺត្រូវនៅសល់ប្រមាណជាង៣០លានរៀល។
ប៉ុន្តែពេលគណៈកម្មការ សួរនាំ លោកបានឆ្លើយថាលុយកសាងវត្តបានចំណាយអស់ហើយ គឺចាយវាយតែអង្គឯងគ្មានវិក័យបត្រ គ្មានគណៈកម្មការវត្តណាមួយបានដឹងឮឡើយ ។ ម្យ៉ាងទៀតកាលពី ២ថ្ងៃមុន ព្រះអង្គ ជុំ វាសនា បានលក់ស្រូវក្នុងវត្តជិត៣តោនទៀត បានប្រាក់ជាង២លានរៀលតើលុយលក់ស្រូវនោះនៅឯណា ។ កន្លងមក លោកបានទិញឡានកាមរី៩៦មួយគ្រឿងមាន តម្លៃ៤៥០០ដុល្លា និងថាជួលជុលអស់ដល់ទៅ៧០០០ដុល្លារ ឥឡូវយកឡានទៅលាក់បាត់ទៀត ។ នៅរសៀលនោះផងដែរ ព្រះសង្ឃ ជុំ វាសនា មិនបានចេញមកចូលរួមដោះស្រាយបញ្ហា រឿងលុយកាក់នោះទេ ដោយព្រះអង្គនិមន្តចូលបន្ទប់បិទទ្វារមិនព្រមចេញ ទោះគណៈកម្មការ និងអាចារ្យវត្ត ហៅយ៉ាងណាក៍មិនព្រមចេញដែរ ។
ដោយហេតុនេះហើយ ក្នុងកិច្ចប្រជុំសមូហភាព មានគណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ រួមនិងលោ កមេភូមិ បានឯកភាពគ្នា ផ្តិតមេដៃមិនអោយ ព្រះអង្គ ជុំ វាសនា គង់នៅក្នុងវត្តភ្នំខ្លាទៀតឡើយ ។ ទាក់ទងនិងរឿងនេះ ព្រះអង្គ ជុំ វាសនា ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេ តែបើតាមគណៈកម្មការវត្ត បានស្រង់ថេរដិការព្រះអង្គ ដែលធ្លាប់បានឆ្លើយប្រាប់លោកអភិបាលស្រុករលាប្អៀរ និង លោកមេឃុំថា៖ ចំណូលចំណាយបានធ្វើរបាយការជូន ស្រុក អស់ហើយម្តេចពេលនេះ នៅលើកកកាយមកសួរទៀត ។
ដោយឡែក លោកស្រី ប្រធានការិយាល័យធម្មការស្រុករលាប្អៀរ បានបញ្ជាក់ថា៖ តាមពិត ទីនេះមិនទាន់ក្លាយជាវត្តនៅឡើយនោះទេ គឺមានឈ្មោះត្រឹមជា អាស្រមតែប៉ុណ្ណោះ ។ ចំណែកគណៈ កម្មការវត្ត និងព្រះអង្គ ជុំ វាសនា ក៏មិនទាន់មានការចាត់តាំង ឬតែងតាំងតួនាទីអ្វីជាផ្លូវការនៅឡើយដែរ ។
ថ្ងៃនេះ យើងដោះស្រាយវិវាទមិនទាន់បានសម្រេចនៅឡើយ ទេ ហេតុនេះហើយ បានឯកភាពគ្នា លើកយក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មកដោះស្រាយម្តងទៀត ដោយតម្រូវឱយ ព្រះអង្គ ជុំ វាសនា ធ្វើរបាយការ និងយកវិក័យបត្តិ ច្បាស់លាស់យកមកបកស្រាយ ការចោទប្រកាន់ ។ ចំណែកគណៈកម្មការ លោកតាចារ្យ ក៏ត្រូវធ្វើរបាយការច្បាស់លាស់ដែរ ថាតើ ប្រាក់ចំណូលសម្រាប់កសាងវត្ត ពេលនេះធ្វើអ្វីបានខ្លះហើយ ដើម្បីឱ្យអធិករនេះបានស្ងប់ទទួលយកទាំងសងខាង។
ចែករំលែកព័តមាននេះ