តាមប្រភពពីរ៉យទ័របានផ្សព្វផ្សាយថា បរិមាណប្រេងឆៅ និងឧស្ម័នបំរុងរបស់វៀតណាមក្នុងពេលបច្ចុប្បន្នមានលក្ខណៈគ្រប់គ្រាន់ចំពោះតំរូវការក្នុងការផលិតរយៈពេលប្រហែល៣០ឆ្នាំទៅមុខ នេះបើតាមការបង្ហើបឱ្យដឹងទីភ្នាក់ងារវៀតណាម ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការបញ្ជាក់ខាងលើនេះ គឺជាការប៉ាន់ស្មានលើការស្រាវជ្រាវរកប្រភពប្រេងដែលគេប្រទះឃើញក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។ លោកឌិញ ឡាថាង ប្រធានក្រុមហ៊ុនប្រេង និងឧស្ម័នរបស់វៀតណាម (ភតេរៀវិតេនាម) បានបញ្ជាក់ថា “បើសិនជារាប់បញ្ចូលបរិមាណនៃប្រភពប្រេង ដែលស្រាវជ្រាវរកឃើញយើងអាចផលិតប្រេងឆៅ និងឧស្ម័នបានប្រហែល៣០ឆ្នាំ” ។
ប្រធានប៉េត្រូវៀតណាមបានបន្ដឱ្យដឹងទៀតថា ក្រុមហ៊ុនកំពុងមមាញឹកបង្កើនការស្រាវជ្រាវសំរាប់បង្កើនប្រភពត្រៀមបំរុងទុកប្រេងឆៅ និងឧស្ម័នជាច្រើនកន្លែងនៅទូទាំងប្រទេស ។ គួររំលឹកថា ប្រសិនបើមិនរួមបញ្ចូលប្រភពបំរុងប្រេងឆៅ និងឧស្ម័នរបស់ក្រុមហ៊ុននៅបរទេសប៉េត្រូវៀតណាមនឹងមាន ប្រេងឆៅ និងឧស្ម័នបន្ថែមចំនួន៣៤លានតោនទៀតពីប្រភពប្រេងដែលបានស្រាវជ្រាវប្រទះឃើញនៅក្នុងប្រទេសនៃអំឡុងឆ្នាំ២០០៩កន្លងមកសរុបទាំងអស់មានចំនួន១៦១លានតោន ។
ប្រធានប៉េត្រូវៀតណាមបានបន្ដថា ក្រុមហ៊ុនមានគំរោងបង្កើនបរិមាណបំរុងប្រេងឆៅ និងឧស្ម័នប្រហែល៣៥-៤០លានតោន ក្នុងឆ្នាំ២០១០ ដោយឈានឆ្ពោះទៅរកការវិនិយោគទុនស្រាវជ្រាវរកប្រភពប្រេង និងឧស្ម័ននៅបរទេសសំរាប់ធ្វើឱ្យមានបរិមាណគ្រប់គ្រាន់នឹងតំរូវការផ្នែកថាមពលនៅក្នុង ប្រទេសដែលកើនឡើងខ្ពស់ជាបន្ដបន្ទាប់ ។ “ប៉េត្រូវៀតណាម” មានការរំពឹងទុកថាផលិតផលប្រេងឆៅក្នុងឆ្នាំ២០១០នេះនឹងថយចុះប្រហែល៦ភាគរយមានប្រេងឆៅប្រហែល១៥លានតោន ឬប្រហែល៣០១,០០០ធុងក្នុងមួយថ្ងៃ ពីព្រោះប្រភពប្រេងមួយចំនួនត្រូវបានបូមយកមកប្រើប្រាស់ក្នុងរយៈពេលយូរ ៕
ចែករំលែកព័តមាននេះ