ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ស្ត្រី​វ័យក្មេង​បំផុត​ជប៉ុន ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ដោយ​ការ​ឈប់​សម្រាកលំហែ​មាតុភាព

20 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ អភិបាលក្រុង​ស្ត្រី​វ័យក្មេង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជប៉ុន កំពុង​តែ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយ​ការ​ឈប់​សម្រាកលំហែ​មាតុភាព​ក្នុង​នាម​ជា​មន្ត្រី​ជាប់​ឆ្នោត​កំពុង​កាន់​តំណែង​ដំបូង​បង្អស់​ក្នុង​ប្រទេស​នេះ​។ គម្រោង​ឈប់​សម្រាក​របស់​លោកស្រី​បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​ខ្លាំង​ពាសពេញ​ប្រទេស​ជប៉ុន អំពី​តុល្យភាព​រវាង​ការងារ និង​ជីវិត​គ្រួសារ ពិសេស​ការ​ខ្វះខាត​ការ​ការពារ​ផ្នែក​ច្បាប់​សម្រាប់​អ្នកនយោបាយ​ស្ត្រី​។ នេះ​បើ​យោង​តាម​ប្រភព​ពី CNN ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦​។

លោកស្រី សូ​កូ កា​វ៉ា​តា (Shoko Kawata) អាយុ ៣៥ ឆ្នាំ អភិបាល​ទីក្រុង​យ៉ា​វ៉ា​តា (Yawata) ខេត្ត​ក្យូ​តូ (Kyoto) ដែល​ជាប់​ឆ្នោត​ជា​អភិបាលក្រុង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​នាម​ជា​អភិបាលក្រុង​ស្ត្រី​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​អាយុ ៣៣ ឆ្នាំ នៅ​ពេល​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា លោកស្រី​នឹង​សម្រាកលំហែ​មាតុភាព (​សម្រាក​សម្រាលកូន​) អំឡុង​ពេល​សម្រាលកូន​នៅ​ពាក់កណ្តាល​ខែកញ្ញា​ខាង​មុខ​នេះ ហើយ​លោកស្រី​នឹង​ឈប់​សម្រាក​ចំនួន ១៦ ស​ប្តា​ហ៍ ពោល​គឺ ៨ ស​ប្តា​ហ៍​មុន និង ៨ ស​ប្តា​ហ៍​ក្រោយ​សម្រាល​។

ត្រង់​ចំណុច​នេះ ក្រឡេក​ទៅ​ច្បាប់​ស្តង់ដារ​ការងារ​របស់​ប្រទេស​ជប៉ុន​ឯណោះ​វិញ ធានា​ការ​សម្រាកលំហែ​មាតុភាព​សម្រាប់​តែ​បុគ្គលិក​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ក្រប​ខណ្ឌ​ច្បាប់​ណាមួយ​ការពារ ឬ​កំណត់​ការ​សម្រាក​បែប​នេះ សម្រាប់​មន្ត្រី​ជាប់​ឆ្នោត ដូច​ជា​អភិបាលក្រុង​ឡើយ​។

យ៉ាងណាមិញ លោកស្រី កា​វ៉ា​តា សង្ឃឹមថា ការ​ទម្លុះ​ឧបសគ្គ​ច្បាប់​របស់​លោកស្រី​អាច​ក្លាយជា​កាតាលីករ​ដ៏​សំខាន់ សម្រាប់​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ច្បាប់ ខណៈ​ពេល​ដែល​ប្រទេស​ជប៉ុន​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​អត្រាកំណើត និង​គម្លាត​យេ​ន​ឌ័​រ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ភាព​ជា​ដឹកនាំ​នយោបាយ​។

បើ​យោង​តាម​ទិន្នន័យ​ពី​ស្ថាប័ន IPU Parline ដែល​តាមដាន​ទិន្នន័យ​សកល​ស្តី​ពី​សភាជាតិ​បាន​បង្ហាញ​ថា ប្រទេស​ជប៉ុន​ទើបតែ​បាន​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ជា​ស្ត្រី​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន​ស្ត្រី​មាន​ចំនួន​តិច​ជាង ១៥% នៅ​ក្នុង​រដ្ឋសភា​។

លោកស្រី កា​វ៉ា​តា គ្រោង​នឹង​តែងតាំង​អនុប្រធាន​ម្នាក់​ឱ្យ​បំពេញការងារ​អំឡុង​ពេល​ដែល​លោកស្រី​អវត្តមាន​ពី​ការ​ដឹកនាំ​ទីក្រុង​ដែល​មាន​ប្រជាជន​ជិត ៧​ម៉ឺន​នាក់​មួយ​នេះ ដែល​មាន​ចម្ងាយ​ប្រហែល ៤៥៨​គីឡូម៉ែត្រ ភាគ​និរតី​ទីក្រុង​តូ​ក្យូ (Tokyo)​។ ទោះ​អវត្តមាន​ពី​ការិយាល័យ​ពិតមែន ប៉ុន្តែ​លោកស្រី​នឹង​នៅ​តែ​មាន​ពិនិត្យ​មើល​អ៊ីមែល (Email) ជា​ទៀងទាត់ និង​ចូលរួម​ប្រជុំ​សំខាន់​ៗ​តាម​អន​ឡាញ អំឡុង​ពេល​មើល​ថែទាំ​កូន​នៅផ្ទះ​។

ការ​រិះគន់​ជុំវិញ​គម្រោង​ឈប់​សម្រាក​មាតុភាព​របស់​លោកស្រី កា​វ៉ា​តា បាន​ផ្ទុះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ជប៉ុន ដោយ​អ្នកខ្លះ​លើក​ឡើង​ថា អវត្តមាន​របស់​មន្ត្រី​សាធារណៈ​ពី​កន្លែង​ការងារ ជា​ការ​ខ្ជះខ្ជាយ​លុយ​ពន្ធ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោកស្រី កា​វ៉ា​តា បាន​និយាយ​ថា មនុស្ស​ដែល​លោកស្រី​បាន​ជួប​ជជែក​ផ្ទាល់​ផ្ទុយ​ទៅ​វិញ គឺ​មានការ​យល់​អំពី​បញ្ហា​យ៉ាង​ខ្លាំង ដោយ​សូ​ម្បី​បុគ្គលិក​នៅ​ការិយាល័យ​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ បាន​ប្រាប់​លោកស្រី​ដោយ​មិន​រារែក​ទាល់​ថា គួរតែ​សម្រាក​មួយ​រយៈ​សិន​។

ក៏​មានការ​លើក​ឡើងជា​ច្រើន​ផ្សេង​ទៀត​ថា តើ​ការ​ឈប់​សម្រាកលំហែ​មាតុភាព​របស់​លោកស្រី កា​វ៉ា​តា ផ្ទុយ​នឹង​ច្បាប់​ដែរ​ឬទេ? ត្រង់​ចំណុច​នេះ យោង​តាម​សម្តី​លោកស្រី សាវ៉ា​កូ ស៊ី​រ៉ា​ហា​សេ (Sawako Shirahase) សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា សាកលវិទ្យាល័យ​តូ​ក្យូ​បានឱ្យ​ដឹង​ថា ឥរិយាបថ​ជា​ច្រើន​របស់​ប្រទេស​ជប៉ុន​ចំពោះ​រដ្ឋាភិបាល គឺ​ផ្អែក​លើ​ការ​សន្មត​បែប​បុរាណ​ខ្លាំង​ពេក ដែល​មិន​ដើរ​ទាន់​តម្រូវការ​របស់​ស្ត្រី​សម័យ​ទំនើប​នៅ​ក្នុង​កម្លាំង​ពលកម្ម​នោះ​ទេ​។

លោកស្រី​បន្ត​ថា ក្របខ័ណ្ឌ​ច្បាប់​ខ្លួនឯង មិន​បាន​សន្មត​ថា អភិបាលក្រុង ឬ​ប្រធាន​ការិយាល័យ​សាធារណៈ នឹង​ត្រូវ​ច្បាប់​សម្រាកលំហែ​មាតុភាព​នោះ​ទេ​។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​គ្មាន​នរណា​ម្នាក់​អាច​ហាមឃាត់​នរណា​ម្នាក់ មិន​ឱ្យ​ឈប់​សម្រាក​បាន​ដែរ ដូច្នេះ​វា​ហាក់ដូចជា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ​។

ការ​ជជែក​ដេញដោល​អំពី​ច្បាប់​សម្រាកលំហែ​មាតុភាព​របស់​អភិបាលក្រុង​យ៉ា​វ៉ា​តា​ក៏​កើតឡើង​ក្នុង​បរិបទ​នៃ​កិច្ច​ប្រឹងប្រែង​អស់​រយៈពេល​រាប់​ទសវត្សរ៍​របស់​រដ្ឋាភិបាល​ជប៉ុន ដើម្បី ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​នៃ​អត្រាកំណើត​ផង​ដែរ ដោយ​ប្រទេស​នេះ បាន​កត់ត្រា​ចំនួន​ទារក​កើត​ដែល​មាន​សញ្ជាតិ​ជប៉ុន​ចំនួន ៦៧១,២៣៦ នាក់​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០២៥៕