ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​សកល​កា.ត់​បន្ថយ​ការ​ព្យាករណ៍​ប្រាក់​ចំណេញ​ឆ្នាំ​នេះ ដោយសារ​វិប.ត្តិ​ប្រេងឥន្ធនៈ

21 ម៉ោង មុន

អន្តរជាតិ ៖ ឧស្សាហកម្ម​អាកាសចរណ៍​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៦ បាន​សម្រេច​កាត់​បន្ថយ​ការ​ព្យាករណ៍​ប្រាក់​ចំណេញ​សម្រាប់​ឆ្នាំ​២០២៦​របស់​ខ្លួន​ជិត​ពាក់កណ្តាល ដោយសារ​តែ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា រុញច្រាន​តម្លៃ​ប្រេងឥន្ធនៈ​ឱ្យ​ហក់​ឡើង​ខ្ពស់ រំខាន​ដល់​ច្រករបៀង​ហោះហើរ​សំខាន់​ៗ ដែល​បាន​បង្ហាញ​ពី​ភាព​រង្គោះរង្គើ​ខ្លាំង​នៃ​វិស័យ​មួយ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាង ៣៧០ និង​គ្របដណ្តប់​ប្រហែល ៨៥% នៃ​ចរាចរណ៍​ផ្លូវអាកាស​សកលលោក បាន​បញ្ជាក់​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ថា ខ្លួន​រំពឹង​ថា​ឧស្សាហកម្ម​អាកាសចរណ៍​ពិភពលោក នឹង​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​រួម​គ្នា​ប្រហែល ២៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២៦ ដោយ​ចំនួន​នេះ ទាប​ជាង​ឆ្ងាយ​ពី​ការ​ព្យាករណ៍​ពី​មុន ដែល​មាន​ប្រហែល ៤១ ពាន់​លាន​ដុល្លារ ហើយ​ក៏​បាន​ធ្លាក់​ចុះ​ពី​ចំនួន ៤៥ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២៥ ផង​ដែរ​។

ការ​កាត់​បន្ថយ​ការ​ព្យាករណ៍​នេះ បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​ងាយ​រង​គ្រោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ពិភពលោក​ចំពោះ​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ និង​ការ​ប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ បើ​ទោះជា​តម្រូវការ​អ្នកដំណើរ​នៅ​តែ​មាន​ភាពរឹងមាំ យន្តហោះ​ហោះ​ពេញ​ៗ និង​ចំណូល​ត្រូវ​បាន​រំពឹង​នឹង​កើនឡើង​ដល់​លើស ១,១​ទ្រី​លាន​ដុល្លារ​យ៉ាងណា​ក៏​ដោយ​។

ជម្លោះ​មជ្ឈិមបូព៌ា បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ត្រូវ​ប្តូរ​ផ្លូវ​ហោះ​ហើយ​។ កត្តា​នេះ​បាន​បន្ថែម​រយៈពេល​រាប់​ម៉ោង​លើ​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន និង​បង្កើន​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​។ ទន្ទឹម​នឹង​នេះ​ដែរ ថ្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ខ្ពស់​ដោយសារ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់ ដែល​រុញច្រាន​ឱ្យ​ថ្លៃ​ប្រេង​យន្តហោះ​កើនឡើង​យ៉ាង​ខ្លាំង និង​ធ្វើ​ឱ្យ​ផល​ចំណេញ​របស់​រោងចក្រ​ចម្រាញ់​ប្រេង​កាន់តែ​កើនឡើង​។ ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ប្រឈម​មុខ​នឹង​ការ​លោត​ផ្លោះ​នៃ​ការ​ចំណាយ​ដ៏​ធំ​បំផុត​របស់​ខ្លួន​។

IATA រំពឹង​ថា ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ពិភពលោក​នឹង​កើនឡើង​ដល់​ប្រហែល ៣៥០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ពី​ចំនួន​ត្រឹម​ប្រហែល ២៥២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដោយ​ប្រេងឥន្ធនៈ​មាន​ចំណែក​ជិត​មួយ​ភាគ​បី​នៃ​ចំណាយ​លើ​ប្រតិបត្តិការ​។ តាម​រយៈ​នេះ កំពុង​ធ្វើ​ឱ្យប្រាក់​ចំណេញ​ជា​មធ្យម​ដែល​ទទួល​បាន​ពី​អ្នកដំណើរ​ម្នាក់​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤,៥០ ដុល្លារ ពោល​ធ្លាក់​ចុះ​ពាក់កណ្តាល​បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ដោយឡែក ការ​ព្យាករណ៍​វិជ្ជមាន​វិញ IATA រំពឹង​ថា ចំណូល​នៅ​ក្នុង​វិស័យ​នេះ​នឹង​កើនឡើង ៩,៤% ដល់​ប្រហែល ១,១៦ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ដែល​ជំរុញ​ដោយ​តម្រូវការ​ធ្វើ​ដំណើរ​មាន​ស្ថិរភាព តម្លៃ​សំបុត្រ​យន្តហោះ​ឡើង​ខ្ពស់​ជាង​មុន និង​ការ​កើនឡើង​ប្រាក់​ចំណេញ​ពី​សេវាកម្ម​បន្ថែម​ផ្សេង​ៗ​ទៀត​៕