ទីក្រុងហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីកំពុងគ្រោងបង្កើតកម្មវិធីអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយនៅលើពិភពលោក ជាមួយគោលដៅបង្កើនសមត្ថភាពផលិតរហូតដល់ ១០០ ជីហ្គាវ៉ាត់ និងប៉ាន់ស្មានថាត្រូវចំណាយទុនវិនិយោគប្រមាណ ៧១,៣ ពាន់លានដុល្លារអាមេរិក ដ្បិតប្រទេសសេដ្ឋកិច្ចជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្វែងរកការជំរុញការផ្លាស់ប្តូរថាមពលឱ្យបានលឿន ក៏ដូចជាកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានចេញផ្សាយ។
ក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ខ្លួនបានសម្របសម្រួលជាមួយក្រសួងកិច្ចការកសិកម្ម និងរៀបចំដែនដី ដើម្បីរៀបចំដីទំហំប្រហែល ២៤ ០០០ ហិកតា នៅលើកោះជ្វា សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំនេះ។ អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Yuliot Tanjung បានថ្លែងថា អាជ្ញាធរបានបញ្ចប់ការវាយតម្លៃដីធ្លី និងកំណត់តំបន់គ្រប់គ្រាន់សម្រាប់កម្មវិធីអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យនេះ ហើយនៅក្នុងដំណាក់កាលដំបូង រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់បណ្តាគម្រោង ដែលមានសមត្ថភាពផលិតសរុបប្រហែល ១៧ ជីហ្គាវ៉ាត់។
ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ីមានផែនការអភិវឌ្ឍប្រព័ន្ធផ្ទុកថាមពលថ្ម ដែលជាបច្ចេកវិទ្យាទំនើបសម្រាប់ចាប់យក រក្សាទុក និងចែកចាយថាមពលអគ្គិសនី ដែលមានសមត្ថភាពសរុបប្រហែល ៣៣ ជីហ្គាវ៉ាត់ ដើម្បីធានាបាននូវស្ថិរភាពបណ្តាញអគ្គិសនី ចំពេលដែលចំណែកនៃថាមពលកកើតឡើងវិញសម្រាប់ប្រភពថាមពលជាតិកំពុងបន្តកើនឡើង។
គួរបញ្ជាកថា ប្រទេសឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់របស់ពិភពលោក ដោយសារការរស់រានពឹងផ្អែងលើការផលិតថាមពលដើរដោយធ្យូងថ្មយ៉ាងខ្លាំង។ ដូច្នេះ ការពង្រីកថាមពលកកើតឡើងវិញត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបំពេញការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័ន និងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យនៅក្នុងទសវត្សរ៍ខាងមុខ។ ជាមួយសមត្ថភាពគ្រោងទុក ១០០ ជីហ្គាវ៉ាត់ គម្រោងនេះត្រូវបានរំពឹងថា មិនត្រឹមពង្រឹងសន្តិសុខថាមពលរបស់ឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រទេសមួយនេះ ក្លាយជាមជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យឈានមុខគេមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕


ចែករំលែកព័តមាននេះ