ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ពិចារណា​បង្វែរ​ទ្រព្យសម្បត្តិ​អ៊ី​រ៉​ង់​ទៅ​ឱ្យ​បណ្តា​សម្ព័ន្ធមិត្ត​ឈូង​សមុទ្រ​ដែល​រង​ការ​ខូចខាត

1 ថ្ងៃ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ពិចារណា​បង្វែរ​ទ្រព្យសម្បត្តិ​របស់​ប្រទេស​អ៊ី​រ៉​ង់​ដែល​ខ្លួន​បង្កក ទៅ​ឱ្យ​បណ្តា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​ដើម្បី​យក​ទៅ​ប្រើប្រាស់​ជួសជុល​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​ខូចខាត ដែល​បង្ក​ឡើង​ដោយ​ការ​វាយប្រហារ​ពី​សំណាក់​អ៊ី​រ៉​ង់​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​ស្រង់​ប្រភព​មួយ​ដឹង​ពី​បញ្ហា​នេះ​។

ប្រភព​ដដែល​នោះ​បាន​បន្ត​ថា លោក Scott Bessent រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក បាន​ដឹកនាំ​ក្រុម​មួយ​ឱ្យ​វាយតម្លៃ​ថ្លៃដើម​សម្រាប់​ការ​ខូចខាត​ដែល​អ៊ី​រ៉​ង់​បង្ក​ឡើង​រួច​ហើយ​លើ​សម្ព័ន្ធមិត្ត​ឈូង​សមុទ្រ ដោយ​បាន​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​ក៏​នឹង​ពិចារណា​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​អ៊ី​រ៉​ង់ សម្រាប់​ស្តារ​ឡើង​វិញ​នូវ​ការ​បំផ្លិចបំផ្លាញ​ណាមួយ​នា​ពេល​អនាគត​ផង​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ ព័ត៌មាន​នេះ​មិន​បាន​បញ្ជាក់​ជាក់លាក់​ថា តើ​ទ្រព្យសម្បត្តិ​ប្រភេទ​ណា​ដែល​ក្រសួង​រតនាគារ​អា​មេ​រិ​ក កំពុង​តែ​ធ្វើការ​ពិនិត្យពិច័យ​នោះ​ទេ​។ ការ​បង្ហាញ​នេះ បាន​កើតឡើង​១​ថ្ងៃ បន្ទាប់​ពី​លោក Mohsen Rezaei ទីប្រឹក្សា​មេដឹកនាំ​កំពូល​របស់​អ៊ី​រ៉​ង់​បាន​ប្រាប់​សារព័ត៌មាន CNN ថា កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់សង្គ្រាម​រយៈពេល​៣​ខែ គឺ​អាស្រ័យ​លើ​ការ​ប្រគល់​ទ្រព្យសម្បត្តិ​អ៊ី​រ៉​ង់​ចំនួន ២៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​បង្កក​ដោយ​សហរដ្ឋអាមេរិក​ត្រឡប់​មក​វិញ​។

ការ​ចរចា​សន្តិភាព​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​ហាក់បីដូចជា​បាន​ជាប់​គាំង បើ​ទោះបីជា​មាន​រដ្ឋមន្ត្រី​ម្នាក់​មក​ពី​ប៉ា​គី​ស្ថាន​ដែល​ជា​ប្រទេស​អ្នកសម្របសម្រួល បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តេ​ហេ​រ៉​ង់​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៦ ជាមួយ​លិខិត​មួយ​ច្បាប់​ជូន​មេដឹកនាំ​កំពូល​របស់​អ៊ី​រ៉​ង់ លោក Ayatollah Mojtaba Khamenei យ៉ាងណា​ក៏​ដោយ​៕