ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ជុំវិញ​ការ​បាត់​យន្ត​ហោះ​ម៉ាឡេស៊ី​ ដែល​នៅ​តែ​ពុំ​ទាន់​អាច​រក​ឃើញ​

10 ឆ្នាំ មុន

ជិត​៣​ថ្ងៃ​ហើយ​ក្រោយ​ការបាត់​ដាន​យន្ត​ហោះ​ជើង​ហោះ​ហើរ​ MH 370 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ MALAYSIA AIRLINES ដែល​ដឹក​មនុស្ស​២៣៩​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ដល់​ទៅ​ជាង​១៥០​នាក់​ ដែល​​វាសនារបស់​ពួក​គេ​នៅ​តែ​ពុំ​ទាន់​ដឹង​ច្បាស់​រហូត​មក​ទល់​ពេល​នេះ ។​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ការ​ហោះ​ហើរ​នៅ​ស៊ូ​បាង​ ម៉ាឡេស៊ី​ បាន​បាត់​ការ​​ទាក់​ទង​ជា​មួយ​យន្ត​ហោះ​ប៊ូអុីង​ ៧៧៧-​២០០​

ជិត​៣​ថ្ងៃ​ហើយ​ក្រោយ​ការបាត់​ដាន​យន្ត​ហោះ​ជើង​ហោះ​ហើរ​ MH 370 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ MALAYSIA AIRLINES ដែល​ដឹក​មនុស្ស​២៣៩​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ដល់​ទៅ​ជាង​១៥០​នាក់​ ដែល​​វាសនារបស់​ពួក​គេ​នៅ​តែ​ពុំ​ទាន់​ដឹង​ច្បាស់​រហូត​មក​ទល់​ពេល​នេះ ។​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ការ​ហោះ​ហើរ​នៅ​ស៊ូ​បាង​ ម៉ាឡេស៊ី​ បាន​បាត់​ការ​​ទាក់​ទង​ជា​មួយ​យន្ត​ហោះ​ប៊ូអុីង​ ៧៧៧-​២០០​ នោះ​ ១​ម៉ោង​ក្រោយ​ការ​​ហោះចេញ​ពី​ទីក្រុង​គូឡា​ឡាំពួរ ។​ ពួក​អ្នក​ជំនាញ​ការ​បាន​ធ្វើ​ការ​ពន្យល់​ពី​អាថ៌​កំបាំង​ធំ​មួយ​ចំនួន​ជុំវិញ​ការបាត់​យន្ត​ហោះ​នេះ ។​

តើ​យន្ត​ហោះ​អាច​បាត់​ការ​ទាក់​ទង​ភ្លាមៗ​បែបណា ?​ ពួក​អ្នក​វិភាគ​បាន​លើក​ឡើង​ពី​លទ្ធភាព​៣ ។ ទី​១-យន្ត​ហោះ​ហោះ​​ចូល​ក្នុង​ភ្នំ​ទឹក ហើយ​បាត់​ការត្រួត​ត្រា ។ ទី​២​-គ្រោះ​ថ្នាក់​មួយ​ចំនួន​កើត​មាន​ចំពោះ​ពួកអ្នក​​បើក ។ ទី​៣​-ការ​ទាក់​ទង​ពី​អាកាស​មក​ដី​ត្រូវ​កាត់​ផ្តាច់​មក​ពី​មាន​ការ​ខូច ។​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​លើ​ដី​តាម​ដាន​យន្ត​ហោះ​តាម​ផ្លូវ​៣ គឺ​តាម​រ៉ាដា​ តាម​ការ​ទាក់​ទង​គ្នា​ដោយ​មាត់​ផ្ទាល់​ និង​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​ទិន្ន​ន័យ​អាកាស-​ដី​ផ្អែក​លើ​បច្ចេក​វិទ្យា​គមនា​គមន៍​តាម​ផ្កាយ​រណប ។​

ពេល​មធ្យោ​បាយ​ទាំង​៣​នោះ​លែង​មាន​យន្ត​ហោះ​អាច​ចាត់​ទុក​ថា​បាត់​ដាន ។​ លោក W​I​L​-LI​AM WALDOCK ដែល​បណ្តុះ​បណ្តាល​ការសើុប​អង្កេត​លើ​បណ្តា​គ្រោះ​ថ្នាក់​នៅ​សាកល​វិទ្យា​ល័យ​ EMBRY-RIDDLE AERONAUTICAL នៅ​ក្រុង PRESCOTT សហ​រដ្ឋ​អាមេរិក​យល់​ថា​ អវត្ត​មាន​ការទាក់​ទង​បង្ហាញ​ថា​ មាន​អ្វី​កើត​មាន​ភ្លាមៗ​ ហើយ​សាហាវ​បំផុត។​ ប្រសិន​បើមាន​បញ្ហា​មេកានិក​តូច​តាច​ ឬ​ក៏​មានអ្វី​ដែល​ធ្ងន់​ធ្ងរ​ខ្លាំង​ដូចជា​ម៉ាស៊ីន​ទាំង​ពីរ​របស់​យន្ត​ហោះ​គាំង​លែង​ដើរ​ជា​ដើម​នោះ​ ពួក​អ្នក​បើក​ក៏​អាច​មាន​ពេល​បញ្ជូន​សញ្ញា​អាសន្ន​បាន​ដែរ ។​

កាល​ពី​ថ្ងៃ​ទី១​ មិថុនា ឆ្នាំ​២០០៩​ យន្ត​ហោះ​ដឹក​អ្នកដំណើររបស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​បារាំង AIR FRANCE ជើង​ហោះ​ហើរ​ AF 447 ជា​យន្ត​ហោះ​ធុន AIRBUS A330-200 ​បាន​ធ្លាក់​ក្នុង​មហា​សមុទ្រ​អាត្លង់​ទិក​ជា​មួយ​មនុស្ស​២២៨​នាក់​ ។ រន្ទះ​បាញ់​ពី​ដំបូង​ចាត់​ទុក​ថា​ ជា​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ ។​ ក៏​បុ៉ន្តែ​របាយ​ការណ៍​សើុប​អង្កេត​ចេញ​ផ្សាយ​៣​ឆ្នាំ​ក្រោយ​មក​បង្ហាញថា​ បញ្ហា​បច្ចេក​ទេស ​និង​កត្តា​មនុស្ស​ជា​ប្រភព​​នៃ​គ្រោះ​ថ្នាក់​នោះ ។​

ការបាត់​​យន្ត​ហោះ​ MH-370 ពិត​ជា​មាន​អាថ៌​កំបាំង​ខ្លាំង​ប្រហែល​ជា​វា​កើត​មាន​ពេល​យន្ត​ហោះ​កំពុង​ហោះ​នឹង​ពុំ​មែន​ក្នុង​ដំណាក់​កាល​គ្រោះ​ថ្នាក់​បំផុត​ពេល​ហោះ​ឡើង ​ឬ​ពេល​ចុះ​ឡើយ ។​ យោង​តាម​ស្ថិតិ​ពីគ្រោះ​ថ្នាក់​យន្ត​ហោះ​ពាណិជ្ជ​កម្ម​ធ្វើ​ដោយ​ក្រុម​ហ៊ុន​ប៊ូ​អុីង​ថា​ គ្រោះ​ថ្នាក់​ពេល​យន្ត​ហោះ​កំពុង​បើក​ក្នុង​កម្ពស់​នឹង​អាច​កើត​មាន​ត្រឹម​៩% ទេ ។​ ពួក​អ្នក​ជំនាញ​ការ​យល់​ថា​ យន្ត​ហោះ​ស្រាប​់តែ​ខូច​ភ្លាមៗ​ពេល​កំពុង​ហោះ ។​ វា​អាច​ធ្លាក់​ដាំ​ក្បាល​ត្រង់​តែ​ម្តង​ពេល​កំពុង​ហោះ​លឿន ។​

​ក្រោ​យ​ការវាយ​ប្រហារ​ភេរវ​កម្ម​ថ្ងៃទី​១១ កញ្ញា​ ២០០១ នៅ​ក្រុង​ញូវ​យ៉ក​ បណ្តា​យន្ត​ហោះ​លើ​ពិភព​លោក​​ គេដាក់​ទ្វារ​ការពារ​គ្រាប់​សម្រាប់​បន្ទប់​បើក​បរ​របស់​យន្ត​ហោះ​ ដើម្បី​អាច​ឱ្យ​ពួក​អ្នក​បើក​មាន​ពេល​គ្រប់​គ្រាន់​រាយ​ការណ៍​មក​ដី​ ប្រសិន​បើ​យន្ត​ហោះ​ត្រូវ​ចាប់​ពង្វាង​ដោយ​ពួក​ភេរវ​ករ ។​

សារ​ព័ត៌​មាន​ចិន​រិះ​គន់​ម៉ាឡេ​ស៊ី​ខ្លាំង​បំផុត​
សារ​ព័ត៌​មាន​ចិន​រិះ​គន់​ខ្លាំង​បំផុត​ចំពោះ​អាជ្ញា​ធរ​ម៉ាឡេស៊ី​ និង​ក្រុម​ហ៊ុន MALAYSIA AIRLINES កាល​ពីថ្ងៃ​ទី​១០​ មីនា ចំពោះ​ការ​គ្រប់​គ្រង​​លើ​រឿង​បាត់​យន្ត​ហោះ​ ដោយ​បរិហារ​ថា​ ពុំ​មាន​វិធាន​ការ​សន្តិ​សុខ​គ្រប់​គ្រាន់​ ហើយ​មាន​ប្រតិកម្ម​យឺត​យ៉ាវ ។​
កាសែត​ផ្លូវការ​ចិន GLOBAL TIMES គូស​បញ្ជាក់​ក្នុង​បទ​បរិយាយ​របស់​ខ្លួ​នថា​ អាជ្ញា​ធរ​ម៉ាឡេស៊ី​ពុំ​អាច​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ទាំង​ឡាយ​ឡើយ ។​ ប្រតិ​កម្ម​ពី​ដំបូង​របស់​ម៉ាឡេ​ស៊ី​ពុំ​រហ័ស​រហួន​ ហើយ​ក៏គ្មាន​សេចក្តី​រាយ​ការណ៍​ភ្លាមៗ​ពីក្រុម​ហ៊ុន MALAYSIA AIRLINES និង​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ខាង​សន្តិ​សុខ​ដែរ ។​

ចំណែក​កាសែត​ CHINA DAILY វិញ​និយាយថា​ សេណារីយូ៉​ភេរវ​កម្ម​ពុំ​អាច​បដិសេធ​ឡើយ ​និង​ថា​​អាជ្ញាធរ​ម៉ាឡេស៊ី​និង​អន្តរ​ជាតិ​នៅ​តែ​ពុំ​អាច​និយាយ​ថា​ តើ​អ្នក​ណា​ជាអ្នក​ដំណើរ​​ដែល​ឡើង​ជិះ​យន្ត​ហោះ​ប្រើ​អត្ត​​សញ្ញាណ​ក្លែង​ក្លាយ ។​ ​ប្រការដែល​មនុស្ស​អាច​ឡើង​ជិះ​យន្ត​ហោះ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​នាំ​ឱ្យ​យើង​យល់​ថា​ បណ្តាញសន្តិ​សុខ​លើ​ពិភព​លោក​នៅ​ពុំ​ទាន់​ល្អ​ខ្លាំង​ ពិសេសសម្រាប់​បណ្តា​ព្រលាន​យន្ត​ហោះ ។​

ក្រោយ​ការបាត់​យន្ត​ហោះ​នេះ ការសង្ស័យ​លើ​ការវាយ​ប្រហារ​ភេរវ​កម្ម​មាន​កាន់​តែខ្លាំង​នា​ថ្ងៃទី​៩​ មីនា ។​ ម៉ាឡេស៊ី​ធ្វើ​ការ​សើុប​អង្កេត​លើ​ពួកអ្នក​ដំណើរ​សង្ស័យ​៤​នាក់ជិះ​ក្នុង​យន្ត​ហោះ​។ ​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៤​នាក់​នោះ យ៉ាង​តិច​២​នាក់​ប្រើ​លិខិត​ឆ្លងដែន​អឺរុ៉ប​ដែល​លួច​ពី​បុរស​ជន​ជាតិ​អូទ្រីស​ម្នាក់ និង​លួច​ពី​បុរស​អុីតា​លី​ម្នាក់ ។​ អាមេរិក​ដែល​មាន​ជន​ជាតិ​គេ​៣​នាក់​ជិះ​ក្នុង​យន្ត​ហោះ​នោះ​ដែរ​បាន​បញ្ជូន​ភ្នាក់​ងារ​ FBI មក​ ដោយ​បញ្ជាក់​ថា​ មក​ដល់​ដំណាក់​កាលនេះ​នៅ​ពុំ​ទាន់​មាន​ភស្តុតាង​ពី​ភេរវ​កម្ម​នៅ​ឡើយ ។​
អ្នក​ទទួល​ខុស​ត្រូវ​ម៉ាឡេស៊ី​ម្នាក់​និយាយ​ថា​ ការ​តាម​រុករក​យន្ត​ហោះបាត់​ដាន​ចាប់​តាំង​ពី​ជាង​៤៨​ម៉ោង​មក​ហើយ​ នៅតែ​ពុំ​ទាន់​ទទួល​បាន​លទ្ធ​ផល​ណា​មួយ​នា​ថ្ងៃទី​១០ មីនា ។​

នាយក​អាកាស​ចរណ៍​ម៉ាឡេស៊ី​ លោក AZHARUDDIN ABDUL RAHMAN ​ថ្លែង​ថា​ គួរ​ឱ្យ​សោក​ស្តាយ​ដែល​យើង​​នៅ​ពុំ​ទាន់​រក​ឃើញ​អ្វី​សោះ​ទាក់​ទិន​ដល់​យន្ត​ហោះបាត់ ។​ ខាង​អាកាស​ចរណ៍​វៀត​ណាម​ កាល​ពី​យប់​ថ្ងៃទី​៣ មីនា​ ប្រទះ​ឃើញ​បំណែក​សង្ស័យ​ជា​បំណែក​យន្ត​ហោះ​ក្នុង​ដែន​ទឹក​នៃ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ ក៏​បុ៉ន្តែ​នៅ​ពុំ​ទាន់​មាន​ការអះ​អាង​បញ្ជាក់​នៅ​ឡើយ ៕​