រាជធានីភ្នំពេញ ៖ អង្គការសង្គមស៊ីវិលប្រមាណជាង១០០ បានប្រជុំពិភាក្សាគ្នាពីបញ្ហាជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលបានអូសបន្លាយអស់រយៈពេលជាង៧ខែមកហើយ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ។
លោក សឿង សារឿន នាយកប្រតិបត្តិការនៃអង្គការ CCC មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានដាច់ដោយឡែក បន្ទាប់ពីថ្លែងក្នុងវេទិកាប្រជុំប្រចាំឆ្នាំ២០១៣ នៃអង្គការCCC ក្រោមប្រធានបទ «ការជំរុញ ប្រសិទ្ធភាពនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា » នាព្រឹកថ្ងៃទី៥ មីនា នៅសណ្ឋាគារកំបូឌីយ៉ាណា ថា មានអង្គការប្រមាណជាង១០០ចូលរួមប្រជុំគ្នានៅថ្ងៃនេះ ។ អង្គការទាំងនោះសុទ្ធតែមានកង្វល់ចំពោះបញ្ហានយោបាយក្នុងប្រទេសកម្ពុជា ។ ដោយនយោបាយក្នុងប្រទេសកម្ពុជា មិនទាន់បានដោះស្រាយទូលំទូលាយ ឬចប់សព្វគ្រប់នោះ ដូច្នេះធ្វើឱ្យអង្គការសង្គមស៊ីវិលពិបាកធ្វើកិច្ចការងារ ។ កន្លងមកនេះ លំហប្រជាធិបតេយ្យរបស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមអភិវឌ្ឍន៍និងបញ្ចេញមតិមានការរឹតត្បិត និងកញ្ចប់ថវិការបស់សង្គមស៊ីវិល មានការលំបាក ព្រោះថាដៃគូអភិវឌ្ឍន៍មួយចំនួនមិនទាន់ទុកចិត្តស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា ។
លោក សឿង សារឿន បន្តថា បញ្ហានេះជាកត្តាចម្បងមួយដែលធ្វើឱ្យសង្គមស៊ីវិលជាង១០០ស្ថាប័ន និងអង្គការ កំពុងតែប៉ះពាល់ផ្នែកកញ្ចប់ថវិកា ។ អ្វីដែលអង្គការសង្គមស៊ីវិលបានប៉ះពាល់នេះ ក៏ជាបញ្ហាមួយក្នុងការអភិវឌ្ឍប្រទេសជាតិដែរ ព្រោះថាបញ្ហានយោបាយជាផ្នែកសំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ជាការឆ្លុះបញ្ចាំងនោះ គឺប្រសិនបើក្បាលម៉ាស៊ីនមិនដំណើរការនោះវាមិនអាចធ្វើអ្វីបានទេ ។ ការមិនស្រុះស្រួលគ្នារវាងគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច វប្បធម៌ បរិស្ថាន ឬដល់ការងារសង្គមតែម្តង ។ លោកបញ្ជាក់ថា បើនយោបាយនៅតែជាប់គាំងនោះវានឹងប៉ះពាល់អវិជ្ជមានដល់វិស័យឯកជន និងរាជរដ្ឋាភិបាលខ្លួនឯង និងសង្គមស៊ីវិលផងដែរ ។ ភាពជាប់គាំងនយោបាយ បានជះឥទ្ធិពលដល់ការចូលរួមអភិវឌ្ឍន៍ពីអង្គការសង្គមស៊ីវិល ដូច្នេះអង្គការសង្គមស៊ីវិលស្នើឱ្យគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី៥ ជួបចរចាគ្នារកដំណោះស្រាយណា មួយដែលសមស្របដើម្បីផលប្រយោជន៍ជាតិ ពិសេសនោះសម្រាប់ប្រជាជនកម្ពុជា ។
លោកសឿង សារឿន បានថ្លែងទៀតថា កន្លងមកគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា (CCC ) ក៏ដូចជាអង្គការជាដៃគូ បានដាក់របាយការណ៍នៃការស្នើសុំមួយចំនួនទៅរដ្ឋាភិបាលសម្រាប់ទស្សនវិស័យរបស់អង្គការ ដែលត្រូវការធ្វើការនៅឆ្នាំ២០១៥ ក្នុងការអភិវឌ្ឍសង្គម ។ បច្ចុប្បន្ន មានអង្គការសង្គមសីុវិលប្រមាណ៤.០០០ស្ថាប័ន ក្នុងប្រទេសកម្ពុជា តែមានអង្គការប្រមាណតែ១ភាគ៣គឺប្រមាណជា១.៣១៥ប៉ុណ្ណោះ ដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជាដ៏សកម្ម ។ លោក សឿង សារឿន បញ្ជាក់ថា រយៈពេលជាង៣០ឆ្នាំមកហើយ រាជរដ្ឋាភិបាលសហការជាមួយអង្គការសង្គមសីុវិលក្នុងការអភិវឌ្ឍប្រទេស ហើយតាមសេចក្តីព្រាងអំពីផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ឆ្នាំ២០១៤ ដល់២០១៨ បានទទួលស្គាល់តួនាទីរបស់អង្គការសង្គមសីុវិល ។ ប៉ុន្តែក្នុងសេចក្តីព្រាងនោះ បានទទួលស្គាល់អង្គការសង្គមសីុវិលតែពីរទេ គឺអង្គការសង្គមសីុវិលដែលផ្តល់សេវាកម្ម និងអ្នកគាំទ្រចំពោះការផ្តល់ជំនួយមនុស្សធម៌ ។ ចំណែកសង្គមសីុវិលដែលធ្វើការផ្សេងទៀត មិនបានទទួលស្គាល់នោះទេ ហើយសង្គមសីុវិលបាន និងកំពុងទាមទារឱ្យរដ្ឋាភិបាលទទួលស្គាល់នូវអ្វីដែលពួកយើងកំពុងធ្វើ ។
ទាក់ទងនឹងការស្នើសុំរបស់អង្គការសង្គមសីុវិលដែលបានត្អូញត្អែរពីបញ្ហានយោបាយ កំពុងជាប់គាំង និងស្នើសុំឱ្យគណបក្សនយោបាយជាប់ឆ្នោតក្នុងរដ្ឋសភាពន្លឿនការដោះស្រាយឱ្យបានឆាប់នេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃដដែលថា គណបក្សសង្គ្រោះជាតិសាទរចំពោះការស្នើសុំរបស់សង្គមសីុវិល ហើយគណបក្សសង្គ្រោះជាតិចង់ឱ្យមានការដោះស្រាយបញ្ហានយោបាយនៅកម្ពុជាឱ្យបានឆាប់ ពោលគឺឱ្យមានការបោះឆ្នោតឡើងវិញមុនអាណត្តិ ។ មូលហេតុដែលជាប់គាំងនយោបាយរហូតមកដល់សព្វថ្ងៃនេះ ដោយសារតែគ្មានតម្លាភាព មិនសេរី ត្រឹមត្រូវ យុត្តិធម៌ និងពិតប្រាកដ ដូច្នេះប្រជាពលរដ្ឋចង់ឱ្យមានការបោះឆ្នោតមួយល្អប្រសើរ គឺទាមទារឱ្យបោះឆ្នោតឡើងវិញ ។ លោកយ៉ែម បុញ្ញឫទ្ធិ លើកឡើងទៀតថា ពេលនេះគណបក្សសង្គ្រោះជាតិកំពុងរកវិធីសាស្ត្រដោះស្រាយភាពជាប់គាំងនយោបាយនេះ ។ ប៉ុន្តែចំពោះការជាប់គាំងនយោបាយនេះ សង្គមស៊ីវិល ក៏ដូចជាគណបក្សសង្គ្រោះជាតិ ធ្លាប់ត្រូវបានមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលើកឡើងថា គ្មានអ្វីជាការជាប់គាំងនយោបាយនោះទេនៅកម្ពុជាក្រោយការបោះឆ្នោត ព្រោះស្ថាប័នរបស់រដ្ឋទាំងអស់បានដំណើរការជាធម្មតា ។ អ្វីដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាលើកឡើង ត្រូវបានលោកយ៉ែម បុញ្ញឫទ្ធិ លើកឡើងថា មិនជាប់គាំង ព្រោះថាសភាកើតឡើងដោយឯកបក្សហើយគណរដ្ឋមន្ត្រីដែលបានរៀបចំដោយឯកបក្សដែរ ។ ដូច្នេះយើងត្រូវតែជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិយល់ព្រមចំពោះសំណើរបស់សង្គមសីុវិល ព្រោះថាគណបក្សចង់ឱ្យមានការដោះស្រាយដោយសន្ដិវិធី អហិង្សា នៅពេលដោះស្រាយរួចយើងនឹងអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា ។
គួររំឭកថា គណបក្សប្រជាជនកម្ពុជាធ្លាប់បានលើកឡើងថា គណបក្សនៅតែប្រកាន់ជំហរបើកទ្វារចំពោះការចរចាជាមួយគណបក្សសង្គ្រោះជាតិជានិច្ច តែជំហរមួយនេះមិនប្រែប្រួលគឺការចង់ឱ្យមានការបោះឆ្នោតមុនអាណត្តិនោះ មិនអាចទៅរួចទេ ហើយការមិនចូលសភារបស់គណបក្សសង្គ្រោះជាតិមិនមែនជាកំហុសរបស់គណបក្សប្រជាជនកម្ពុជាឡើយ គឺគណបក្សសង្គ្រោះជាតិដែលចាញ់ឆ្នោតឯណោះទេ ដែលមិនចូលរួម ។ ក្រុមអ្នកវិភាគបានលើកឡើងថា បញ្ហានយោបាយនៅតែកើតមានប្រសិនបើគណបក្សនយោបាយមិនទាន់់រកចំណុចរួមគ្នាឱ្យបានឆាប់ ហើយបញ្ហានេះបានចោទចំពោះប្រជាជនទូទៅ ជាក់ស្ដែងអ្នកដែលដាក់ទុនវិនិយោគនៅកម្ពុជា ។ ពួកគេមិនទាន់ដឹងច្បាស់ថា បញ្ហានយោបាយនៅកម្ពុជានឹងចប់នៅពេលណានោះទេ ប៉ុន្តែប្រសិនបើអ្នកនយោបាយចេះគិតប្រយោជន៍រួមជាតិជាធំ ចាប់ដៃគ្នាក្នុងការអភិវឌ្ឍសង្គមជាតិជាការប្រសើរ ៕
ចែករំលែកព័តមាននេះ