សារព័ត៌មានបរទេសផ្សាយថា ក្រុមអ្នកបុរាណវិទ្យាជនជាតិអេស្ប៉ាញ រកឃើញម៉ាំមីអេហ្ស៊ីប អាយុ៣.៦០០ឆ្នាំ នៅក្នុងមឈូសឈើតុបតែងលម្អ ដោយក្បូរក្បាច់ពីរោមសត្វដ៏កម្រក្នុងទីក្រុងឡាក់ស៊័រ ប្រទេសអេហ្ស៊ីប ។ លោកម៉ូហាម៉េដ អីុប្រូហីុម រដ្ឋមន្ត្រីក្រសួងវត្ថុបុរាណ អេហ្សុីប ឱ្យដឹងកាលពីពេល ថ្មីៗនេះថា មឈូសឈើនោះមានប្រវែង២ម៉ែត្រ ទទឹង៥០សង្ទីម៉ែត្រ ស្ថិតក្នុងស្ថានភាពល្អ និងមានពណ៌ឆើតឆាយ រួមទាំងមានរូបគំនូររំលេចពីរោមសត្វដ៏កម្រ ។
ចំណែកលោកអាលី អេល-អាសហ្វារ៍ អ្នកជំនាញផ្នែកមាំុមីបុរាណរបស់អេហ្សុីប ថ្លែងថា មឈូសរក្សាទុកមាំុមីដែលរកឃើញនោះ ស្ថិតក្នុងរាជវង្សទី១៧ ឬប្រហែល៣.៦០០ឆ្នាំ មុនគ្រិស្តសករាជ ។ តាមការត្រួតពិនិត្យជាលើកដំបូង រួមទាំងពិនិត្យលើអក្សរដែលចារឹកនៅលើមឈូស អ្នកជំនាញសន្និដ្ឋានថា ជាមាំុមីរបស់បុគ្គលវណ្ណៈខ្ពស់ក្នុងយុគសម័យនោះ ។ ចំណុចដែលប្រទះឃើញ គឺនៅបរិវេណមាត់ទន្លេ ប៉ែកបស្ចិមក្នុងទីក្រុងឡាក់ស៊័រ ក្បែរផ្នូរបស់ព្រះរាជិនីហាតស៊េបស៊ុត សមាជិករាជវង្សទី១៨ ដែលគ្រប់គ្រងអេហ្សុីបពីឆ្នាំ ១៥០២ដល់១៤៨២ មុន គ្រិស្តសករាជ ៕
ចែករំលែកព័តមាននេះ