ស្ត្រីគ្រប់រូបនៅពេលជិតដល់ថ្ងៃសម្រាលកូនតែងព្រួយបារម្ភពីសុវត្ថិភាពនៃការសម្រាលនោះដោយបំណងប្រាថ្នាតែសុខចម្រើននិងរួចផុតពីគ្រោះថ្នាក់ដោយប្រការផ្សេងៗទាំងកូន និងម្ដាយ។ ជួបជាមួយលោកវេជ្ជបណ្ឌិតអ៊ូច ឌីណា ឯកទេសផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរសម្ភព និងសម្រាកព្យាបាលឥន្ទ្រទេវី បានប្រាប់កោះសន្ដិភាពឱ្យដឹងថា សម្រាលកូនដោយការវះកាត់ គឺជាបទអន្តរាគមន៍ដោយការវះកាត់ស្ត្រីដើម្បីយកកូនចេញពីផ្ទៃម្ដាយ(ស្បូន)ខណៈការសម្រាលដោយធម្មជាតិមិនអាចប្រព្រឹត្តទៅបាន ។ វិធីសម្រាលកូនដោយការវះកាត់បានកើនឡើងតាំងពីក្នុងឆ្នាំ១៩៩០ ។
ជាទូទៅវិធីសម្រាលកូនដោយការវះកាត់ត្រូវបានបែងចែកជា២របៀបគឺ ៖ វះកាត់បន្ទាន់ និងវះកាត់ដោយការដាក់កម្មវិធី ។
នៅពេលណាទើបគេអនុវត្តធ្វើការវះកាត់យកទារកចេញពីផ្ទៃម្ដាយ ?
- នៅពេលអាងត្រគាកម្ដាយតូចចង្អៀត
– ម្ដាយទទួលគ្រោះថ្នាក់ដោយបាក់ឆ្អឹងលើអាងត្រគាក ។
- រយៈពេលនៃការឈឺពោះសម្រាលកូនមានរយៈពេលយូរនឹងឈឺខ្លាំងដែលមិនអាចទ្រាំបាន។
– ម្ដាយមានជំងឺប្រចាំកាយដូចជា ជំងឺខ្សោយបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺខ្សោយក្រលៀនធ្ងន់ ។
– ស្បូនខ្សោយ
– សុកពាំងជិតមាត់ស្បូន
– មានដុះដុំពកនៅផ្នែកខាងក្រោមស្បូន
-ស្បូនមានរូបរាងខុសធម្មតា
– ទារកមានសុខភាពខ្សោយខ្លាំង
-ស្រុតធ្លាក់ទងសុកមកក្រៅទ្វារមាស
- ចង្វាក់បេះដូងកូនប្រែប្រួលខុសធម្មតា
– ទម្រង់កូនមិនធម្មតាដូចជា កូននៅទទឹងពោះ កូនហុចដៃមកមុន ហុចគូទមកមុន កូនមានទំហំធំពេកជាទូទៅលើសពី៤គីឡូក្រាម
– កូនមានទំហំក្បាលធំ… ។
ការសម្រាលកូនដោយវះកាត់មានអត្ថប្រយោជន៍យ៉ាងណាខ្លះ ?
ជួយស្រោចស្រង់ជីវិតម្ដាយនិងកូន ។
– បន្ថយការឈឺចាប់របស់ម្ដាយនៅពេលឈឺពោះសម្រាល ។
– ផុតព្រួយបារម្ភពីការខូចខាតឬដាច់រហែកទ្វារមាស ។
– ទទួលបានកូនមួយដែលមិនមានការប៉ះទង្គិចអ្វីទាំងអស់ ។
– ចៀសផុតពីគ្រោះថ្នាក់ទាំងឡាយកើតឡើងពីការសម្រាល ។
លោកវេជ្ជបណ្ឌិតអ៊ូច ឌីណា បានបន្តថា ចំពោះផលវិបាកមានដូចជា ៖
១ -ចំពោះម្ដាយ
– អាចមានការឈឺចាប់នៅក្រោយពេលវះកាត់នៅលើមុខរបួស ។
– ធ្វើឱ្យមានវិបត្តិលើផ្លូវរំលាយអាហារដូចជា មិនដើរខ្យល់មួយរយៈ ហើមពោះ ឈឺក្នុងពោះ ទល់លាមកជាដើម ។
– ម្ដាយមានការខ្សោយកម្លាំងខ្លាំងជាងការសម្រាលដោយធម្មជាតិ ។
– ខាតបង់ចំណុះឈាមច្រើនជាងសម្រាល ធម្មតា ។
– អាចនឹងមានដុំឈាមកកនៅក្នុងពោះ ។
– មានការក្លាយរោគ(Intection )លើស្នាមរបួសក្នុងពោះបណ្ដាលមកពីជំងឺអាប់សែឬរលាកស្រោមពោះស្រួចស្រាវ អាចបណ្ដាលឱ្យកើតលើផ្លូវមូត្រ ។
– ស្ទះសរសៃឈាមលើផ្លូវដង្ហើម
– ធ្វើឱ្យស្បូនមានស្នាមរបួស ។
-អាចបង្កឱ្យកើតជំងឺអារ(Infertilite )។
– បង្កើនគ្រោះថ្នាក់ទៅលើគភ៌លើកក្រោយដូចជា កូនស្លាប់ក្នុងពោះ ធ្លាក់ឈាមតាមទ្វារមាសធ្វើឱ្យទងសុកទៅលើភ្នាសស្បូនមិនធម្មតា
(Placenta Proevia )។
– អាចត្រូវវះកាត់នៅពេលមានគភ៌បន្ទាប់ ។
២- ចំពោះទារក
ការសម្រាលដោយវះកាត់ជាទូទៅទារកកើតមកដោយគ្មានប៉ះពាល់អ្វីទាំងអស់ ប៉ុន្តែមានករណីខ្លះដែលគេសង្កេតឃើញគឺអាចមានបញ្ហាលើផ្លូវដង្ហើមដោយសារសួតមានសំណើមធ្វើឱ្យការដកដង្ហើមពិបាក ករណីនេះអាចធូរស្រាលវិញក្នុងរយៈពេលខ្លី ។
អ្នកត្រូវចងចាំថា ចំពោះមាតាដែលដឹងខ្លួនថានឹងត្រូវទទួលការវះកាត់នៅពេលសម្រាលកូនតែបានទទួលនូវការបំប៉នឱ្យបានល្អដើម្បីចៀសវាងនូវជំងឺមួយចំនួន ។ ក្រោយពេលវះកាត់អ្នកជំងឺគប្បីតាំងចិត្តឱ្យរឹងមាំចៀសវាងការស្ពឹកស្រពន់ (ថ្នមខ្លួន) ដើម្បីធ្វើឱ្យមានសុខុមាលភាពក្នុងរយៈពេលឆាប់ខាងមុខ ។ ភ្លាមៗត្រូវសម្រាកឱ្យបានស្ងៀម ហាមងើបអង្គុយរយៈពេល២៤ម៉ោង ។ សម្រាកនៅលើគ្រែដោយសណ្ដូកជើង ចំណែកចំណីអាហារត្រូវទទួលទានឱ្យបានគ្រប់គ្រាន់ដូចជា សាច់ ត្រី បន្លែ ផ្លែឈើ ជំរុញឱ្យដំណើរការរបស់ពោះវៀនមានចលនាបានល្អ ។ ជាពិសេសត្រូវលេបថ្នាំមានជាតិដែកនិងកាល់ស្យូម ញ៉ាំទឹកឱ្យបានច្រើនដើម្បីឱ្យមានទឹកដោះ គ្រប់គ្រាន់ ។ ត្រូវបំបៅដោះកូនដោយអង្គុយឱ្យបានត្រឹមត្រូវចៀសវាងការដេកបំបៅ ។ ត្រូវតមរួមរ័កក្នុងរយៈពេល៦សប្ដាហ៍យ៉ាងតិច ហើយអាចធ្វើកីឡាបន្តិចបន្តួចក្រោយ៨សប្ដាហ៍ ៕
ចែករំលែកព័តមាននេះ