ក្រុងប៉ោយប៉ែត ៖ ករណីផ្ទុះហិង្សាមួយប្រាវរវាងក្រុមឆ្មាំ អ្នកនាំភ្ញៀវដែលមានអាជីពដូចគ្នា ឬហៅ(ក្រុមហ៊ីវថៃ) បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរត់ជាន់ជើងគ្នាបាតជើងសព្រាត កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២៧ ធ្នូ ២០១៣ នៅចំណុចរង្វង់មូលមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
សាក្សីដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសមួយក្រុមមានគ្នា៣ទៅ៤នាក់ផឹកស៊ីសប្បាយ ហើយដៀមដាមពាក្យសម្តីដាក់គ្នាទៅវិញទៅមកក៏ផ្ទុះជាជម្លោះ និងប្រើហិង្សាប្រតាយប្រតប់គ្នាមួយប្រាវបង្កឱ្យភ្ញាក់ផ្អើលដល់ភ្ញៀវជាតិ និងអន្តរជាតិនៅចំណុចនោះរត់ជាន់ជើងគ្នា។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យកម្មករអូសរទេះឆាលីម្នាក់បែកក្បាល ខណៈ ក្រុមនោះវាយត្រូវមួយដំបងប្ញស្សីចំកណ្តាលក្បាលដោយមិនដឹងខ្លួន។
ក្រោយកើតហេតុជនបង្កទាំង២ក្រុម រួមទាំងជនរងគ្រោះត្រូវប៉ូលិសក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនីតិវិធី៕



ចែករំលែកព័តមាននេះ