ខេត្តកំពត ៖ ពិរុទ្ធជនជាមេចោរប្លន់ប្រដាប់អាវុធល្បីឈ្មោះម្នាក់ ដែលធ្វើសកម្មភាពប្លន់ប្រដាប់អាវុធជាច្រើនករណីនៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តដទៃទៀត រួមទាំងរាជធានីភ្នំពេញ ផងនោះ ត្រូវបានចាប់ខ្លួនរួមជាមួយបក្ខពួក២នាក់ទៀត ។ ពិរុទ្ធជនជាមេចោរប្លន់ប្រដាប់អាវុធដែលត្រូវសមត្ថកិច្ចខេត្តរតនគិរីចាប់ខ្លួនដាក់ពន្ធនាគារខេត្តរតនគិរី និងបញ្ជូនមកឱ្យនគរបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២០ ធ្នូ ឈ្មោះ រស់ ហុក ហៅពេជ្រ និងបក្ខពួកពីរនាក់ទៀត គឺឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងឈ្មោះ ឃុន ដាណៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ។
តាមចម្លើយសារភាពរបស់ពិរុទ្ធជនជាមេខ្លោងឱ្យដឹងថា ក្រោយពេលខ្លួន និងបក្ខពួកសរុប៥នាក់ ធ្វើសកម្មភាពប្លន់ដោយរៀបចំគម្រោងប្លន់មិនបានសម្រេច កាលពីអំឡុងខែសីហា ឆ្នាំ២០១១ នៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ រួចមក ខ្លួនបានទៅរស់នៅលាក់ខ្លួននៅរាជធានីភ្នំពេញអស់រយៈពេល៩ខែ រីឯបក្ខពួក៤នាក់ទៀត បានបែកគ្នាអស់ ។ ក្រោយមក ខ្លួនឮដំណឹងថា បក្ខពួករបស់ខ្លួនដែលបែកគ្នាទាំង៤នាក់ (ស្រី២នាក់) ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ ឌុល ហៅឆាង ។ នៅពេលខ្លួនទៅស្នាក់នៅរាជធានីភ្នំពេញ រយៈពេល៩ខែនោះ ខ្លួនបានទាក់ទងបក្ខពួក២នាក់ទៀត ដើម្បីធ្វើសកម្មភាពលួច និងប្លន់នៅរាជធានីភ្នំពេញ ។ បក្ខពួក២នាក់នោះ ម្នាក់ឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឃុន ដាណៃ ។ នៅថ្ងៃទី១២ ធ្នូ ខ្លួន និងបក្ខពួក បានធ្វើដំណើរទៅកាន់ខេត្តរតនគិរី ស្នាក់នៅផ្ទះសំណាក់ក្នុងខេត្តរតនគិរីអស់មួយយប់ លុះនៅយប់ថ្ងៃទី១៣ ធ្នូ ក៏ត្រូវកម្លាំងសមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួនទាំង៣នាក់ រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត តាំងពីពេលនោះ
មក ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត មានប្រសាសន៍កាលពីល្ងាចថ្ងៃទី២០ ធ្នូ ថា ពិរុទ្ធជនទាំង៣នាក់ ដែលលោកដឹកនាំកម្លាំងទៅទទួលយកពីពន្ធនាគារខេត្តរតនគិរីមកនាពេលនេះ មានម្នាក់ជាមុខសញ្ញាចោរប្លន់ធ្លាប់ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធជាច្រើនករណីក្នុងខេត្តកំពត និងខេត្តដទៃទៀតនាពេលកន្លងទៅ ។ ករណីដែលកម្លាំងសមត្ថកិច្ចខេត្តរតនគិរីឃាត់ខ្លួនជនទាំង៣នាក់នេះបាន គឺនៅពេលមានកើតករណីប្លន់នៅក្នុងខេត្តនោះមួយកន្លែង ។ លោកស្នងការរង មានប្រសាសន៍បន្តថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានសាកសួរជនទាំង៣នាក់នោះ ទើបដឹងថា ក្នុងចំណោមពួកគេនេះ ឈ្មោះ រស់ ហុក ហៅពេជ្រ គឺជាមុខសញ្ញាដែលមានឈ្មោះត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរកចាប់ខ្លួនជាយូរមកហើយ (មុខសញ្ញាចោរប្លន់) ទើបសមត្ថកិច្ចខេត្តរតនគិរីទាក់ទងមកសមត្ថកិច្ចនគរបាលខេត្តកំពត ។ ក្រោយពីបានដឹងព័ត៌មានខាងលើ ទើបខាងស្នងការដ្ឋាននគរបាលខេត្តកំពត ស្នើឡើងទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីបញ្ជូនពិរុទ្ធជនទាំង៣នាក់ រួមមានមេខ្លោងចោរប្លន់ក្នុងចំណោមនោះផងមក សាលាដំបូងខេត្តកំពត ដើម្បីសាកសួរបន្ត នូវករណីជាច្រើន ដែលពិរុទ្ធជនធ្លាប់ធ្វើសកម្មភាពប្លន់នាពេលកន្លងមក និងដើម្បីចាត់ការតាមនីតិវិធី ។
គួររំលឹកថា កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១១ មានករណីរៀបចំគម្រោងប្លន់មួយ តែមិនបានសម្រេច ។ ពេលបែកការណ៍ ក្រុមចោរទាំង៥នាក់ (ស្រី២ ប្រុស៣នាក់) ដែលក្នុងនោះក៏មានឈ្មោះ រស់ ហុក និងឈ្មោះ ឆាង ដែលបានចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង ហើយពេលនោះបានបាញ់ប្រជាពលរដ្ឋជាជីដូន និងចៅស្រីអាយុ៧ឆ្នាំ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ មុនពេលក្រុមនេះរត់គេចខ្លួន និងទើបតែពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួន
បាន ៕
ចែករំលែកព័តមាននេះ