នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងកាលពីថ្ងៃទី៨ ធ្នូ ថា លោកស្រីត្រៀមខ្លួនលាលែងចេញពីតំណែងឬរំលាយសភា ដើម្បីបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន ។
ទោះជាយ៉ាងណា លោកស្រី យីងឡាក់ គូសបញ្ជាក់ថា ការបោះឆ្នោតមួយត្រូវធ្វើរយៈពេល៦០ថ្ងៃ ក្រោយរំលាយសភា ។ លោកស្រីបន្តថា លោកស្រីពុំចង់ឃើញបណ្តាគណបក្សធ្វើពហិការចំពោះការបោះឆ្នោតឬការធ្វើរដ្ឋប្រហារយោធា មួយដូចកាលពីឆ្នាំ២០០៦ឡើយ ។ លោកស្រីព្រមានថា ប្រសិនបើពួកបាតុករប្រឆាំងរដ្ឋាភិបាលបដិសេធសំណើនេះ នោះភាពទ័លច្រកនយោបាយនឹងនៅមានយូរតទៅទៀត ។
កាលពីថ្ងៃទី៧ ធ្នូ លោកស្រី យីងឡាក់ អះអាងជាថ្មីថា លោកស្រីនៅតែបើកទ្វារចំហសម្រាប់ការចរចាជាមួយមេខ្លោងធ្វើបាតុកម្ម លោកស៊ូថេប ធឿកស៊ូបាន់ ក៏ប៉ុន្តែលោកស៊ូថេប អះអាង នាពេលមុននេះថា ទាំងការលាលែងរបស់លោកស្រី យីងឡាក់ ទាំងការរំលាយសភា នឹងមិនបញ្ចប់បាតុកម្មឡើយ ។ លោកបានស្នើឱ្យបង្កើតក្រុមប្រឹក្សាប្រជាជនមួយដើម្បីដឹកនាំប្រទេស ក៏ប៉ុន្តែលោកស្រី យីងឡាក់ ចាត់ទុកសំណើនេះថា មិនអាចធ្វើទៅបានទេ យោងតាមរដ្ឋធម្មនុញ្ញ ។ កាលពីយប់ថ្ងៃទី៦ ធ្នូ លោក ស៊ូ ថេប បានអំពាវនាវដល់ពលរដ្ឋថៃឱ្យចូលរួមនាថ្ងៃទី៩ ធ្នូ ក្នុងការប្រមូលផ្តុំមនុស្សយា៉ងធំបំផុតមួយ ដែលលោកហៅថា ជាការប្រឈមមុខចុងក្រោយជាមួយរដ្ឋាភិបាល ។ ប៉ូលិសជាច្រើនពាន់នាក់ ត្រូវដាក់ពង្រាយនាថ្ងៃទី៩ ធ្នូ ៕
ចែករំលែកព័តមាននេះ