បុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនក្រោយពីឃោសនាឱ្យមនុស្សចូលអោបរូបគេដោយឥតគិតថ្លៃ ដើម្បីបង្កើតជានិមិត្តរូបទ្រទ្រង់លើសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅទីសាធារណៈ ។ លោកអាប់ឌុលរ៉ាម៉ាន់ អាល់ខេយ៉ាល់ អាយុ២១ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួនពីបទប្រកាសឱ្យមនុស្សចូលអោបរូបគេដោយដាក់ស្លាកបដាថា «អោបឥតគិតថ្លៃ» នៅតាមផ្លូវក្នុងទីក្រុងរីយ៉ាដ កាលពីពេល ថ្មីៗកន្លងទៅ ។
ប៉ូលិសចោទថា នោះជាការទ្រទ្រង់លើគម្រោងឃោសនា «អោបដោយសេរី» ដើម្បីឱ្យជនជាតិអារ៉ាប៊ីសាអូឌីត មានសិទ្ធិអោបគ្នានៅទីសាធារណៈ ជាពិសេសនៅតាមទីក្រុង ធំៗដើម្បីធ្វើឱ្យជីវិតនៃការរស់នៅរបស់មនុស្សកាន់តែមានភាពស្រស់ស្រាយ ។ហេតុការណ៍នោះធ្វើឱ្យមានការពិភាក្សាវែកញែកក្នុងសង្គមអភិរក្សនិយមរបស់អារ៉ាប៊ីសាអូឌីត ។ ក្រុមអភិរក្សនិយមបញ្ជាក់ថា ធ្វើបែបនោះខុសនឹងទំនៀមទម្លាប់ ព្រោះមិនមាននៅក្នុងបទបញ្ញត្តិរបស់ព្រះអាឡា ដូច្នេះតទៅមុខទៀតនឹងអាចឈានទៅដល់ការប្រកាសឱ្យរួមភេទដោយឥតគិតថ្លៃទៀតមិនខាន ។
ការចាប់ខ្លួនអាប់ឌុលរ៉ាម៉ាន់ អាល់ខេយ៉ាល់ ស្ថិតនៅក្រោមអំណាចរបស់ប៉ូលិសសាសនានៃអារ៉ាប៊ីសាអូឌីត ដែលមានអំណាចហាមបុរសស្ត្រីដែលមិនមែនសាច់ញាតិទាក់ទងគ្នា រួមទាំងបង្ក្រាបអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងការជួញដូរផ្លូវភេទ ។
ការប្រើអំណាចរបស់ប៉ូលិសសាសនានោះ រងការវាយប្រហារថា ល្មើសលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចជាការហាមស្ត្រីបើកបររថយន្ត និងបង្ខំឱ្យហាងទំនិញគ្រប់ទីកន្លែងត្រូវគោរពព្រះ៥លើកក្នុងមួយថ្ងៃ ជាដើម ៕
ចែករំលែកព័តមាននេះ