ខេត្តប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡិចស៊ីសបើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាក្រឡាបញ្ជីរបស់ប្រធានតុលាការនៃសាលាដំបូងខេត្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបុកជាមួយម៉ូតូវ៉េវដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី៣០ វិច្ឆិកា ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចទល់មុខក្រុមហ៊ុនឡេង សុភ័ណ្ឌ ខូអិលធីឌីទិញពោត ដំឡូងក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ក្រោយកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
អ្នកបើកបររថយន្តបង្កឈ្មោះខាន់ សុខា ជាក្រឡាបញ្ជីរបស់ប្រធានតុលាការនៃសាលាដំបូងខេត្ត ដោយបើករថយន្តម៉ាកឡិចស៊ីសពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២J៩៣២៥ រងការខូចខាតផ្នែកខាងឆ្វេងស្រាល ចំណែកជនរងគ្រោះឈ្មោះឡុង ហៀប ភេទប្រុស អាយុ៣០ឆ្នាំ ជាកសិករ របួសធ្ងន់បែកក្បាល បាក់ជើងស្តាំ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន១A៣៣៣២ ខុចខាតទាំងស្រុង ។
បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ភ្លាម លោកអ៊ី ឈាន អភិបាលខេត្តប៉ៃលិនបានចុះទៅត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង និងបានចេញបទបញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចសហការគ្នាតាមចាប់ខ្លួនជនបង្កហេតុយកមកដាក់ទោសតាមនីតិវិធីច្បាប់ឱ្យបានជាដាច់ខាត៕
ចែករំលែកព័តមាននេះ