ខេត្តកណ្តាល ៖ បទល្មើសនេសាទខុសច្បាប់កំពុងកើតមានយ៉ាងអនាធិបតេយ្យនៅតាមបឹងក្នុងអតីតឡូត៍នេសាទនៅក្នុងភូមិសាស្ត្រស្រុកកោះធំ ស្រុកលើកដែក និងស្រុកស្អាង ចាប់តាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទវិញ ហើយបទល្មើសទាំងនោះភាគច្រើនជាបទល្មើសស្បៃមុង ចាប់ត្រីទាំងតូច ទាំងធំ ចំណែកសមត្ថកិច្ចជំនាញហាក់ដូចជាអសកម្មក្នុងការងារចុះបង្ក្រាប។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ននេះមានឧបករណ៍នេសាទល្មើសច្បាប់ដូចជាសឺយឺន ស្បៃមុង ឡុកស្បៃមុង ត្រូវបានជនខិលខូចលួចដាក់នៅតាមបឹងបួ ព្រែកជាដើម ជាក់ស្តែងនៅបឹងអតីតឡូត៍នេសាទលេខ៩ និង១០ ក្នងុភូមិសាស្ត្រស្រុកកោះធំមានសៃយឺន ស្បៃមុងដាក់តម្រៀបគ្នាហូរហែជាខ្សែៗ វែងៗច្រើនរយម៉ែត្រដែលអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ទាំងនោះមានទាំងខ្មែរ និងជនជាតិវៀតណាម។
ប្រជាពលរដ្ឋបាននិយាយថា ក្នុងមួយថ្ងៃៗ កូនត្រីរាប់សិបតោនត្រូវបានបំផ្លាញដោយឧបករណ៍នេសាទខុសច្បាប់សៃយឺន ស្បៃមុងនេះ គឺចាប់យកកូនត្រីសម្រាប់យកទៅធ្វើចំណីត្រីឆ្តោ។ ទាក់ទិននឹងបទល្មើសនេសាទខាងលើនេះ លោកឃ្លាំង វណ្ណធុល នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១ ធ្នូ ថា បញ្ហាបទល្មើសនេសាទខុសច្បាប់នៅក្នុងអតីតឡូត៍នេសាទ គឺពិតជាកើតមានពិតប្រាកដមែន ប៉ុន្តែមិនមានទ្រង់ទ្រាយធំទេ។ កន្លងមកសមត្ថកិច្ចជំនាញជលផលបានសហការជាមួយនគរបាលកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានចុះធ្វើការបង្ក្រាបឧបករណ៍នេសាទសៃយឺនស្បៃមុង និងដុតកំទេចចោលជាបន្តបន្ទាប់ផងដែរ ៕
ចែករំលែកព័តមាននេះ