ខេត្តកំពង់ឆ្នាំង ៖ ពកដើមធ្នង់មួយដើមធំ ត្រូវបានកម្លាំងមន្ត្រីកងរាជអាវុធហត្ថ ស្រុកកំពង់លែង ប្រទះឃើញនៅមាត់ទឹក ខណៈដែលក្រុមឈ្មួញបម្រុងដឹកចេញតាមកាណូត តែត្រូវបែកការណ៍ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០១៣ នៅចំណុចថ្មដុប ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ។
ទោះបីយ៉ាងណា មុនពេលគេចខ្លួនចេញទៅ ក្រុមឈ្មួញឈើទាំងនោះបានគំរាម មន្ត្រីកងរាជអាវុធហត្ថស្រុកថា ក្រុមគេជាអ្នកកាសែត និងទូរទស្សន៍ ហើយនាំគ្នាថតរូបភាពមន្ត្រីកងរាជអាវុធហត្ថ និងគំរាមថានឹងបង្ហោះផ្សាយតាមទូរទស្សន៍ទៀតផង ។ ប៉ុន្តែខណៈដែលមន្ត្រីកងរាជអាវុធហត្ថកំពុងរាយការណ៍ និងសុំជំនួយមកថ្នាក់លើ ស្រាប់តែក្រុមក្លែងខ្លួនទាំងនោះគេចខ្លួនបាត់អស់ ។
លោក ស៊ន បូរិន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់លែង បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោងជាង១០ព្រឹក ខណៈដែលលោកកំពុងនៅសាលាស្រុក មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានមនុស្សចម្លែក៣នាក់ កំពុងជិះទូកនៅមាត់ទឹក មិនដឹងកំពុងចង់ធ្វើអ្វីនោះទេ ។ ភ្លាមនោះ លោក និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀត បាននាំគ្នាទៅចំណុចដែលប្រជាពលរដ្ឋប្រាប់ ហើយប្រទះឃើញទូកមួយគ្រឿងមានគ្នា៣នាក់ និងមានការ៉ុងពណ៌សមួយនៅលើទូក ។
ប្រភពបន្តថា ពេលនោះគាត់បានសួរថា ទៅណា? ពួកគេឆ្លើយថា ទៅដាក់មង ប៉ុន្តែពេលគាត់ឆែកក្នុងការ៉ុង ក៏ឃើញមានកៅឡាក់០១គ្រឿង (ប្រដាប់ស្ទូច) ហើយបានសួរថាទៅដាក់មងម្តេចមានកៅឡាក់? ស្រាប់តែពួកគេស្រែកគំហកថា ម៉េចលោកឯងហ៊ានឆែកខ្ញុំ ពួកខ្ញុំជាអ្នកកាសែតនិងទូរទស្សន៍ ។ ពេលនោះក្រុមមនុស្សទាំង៣នាក់បាននាំគ្នាលើកម៉ាស៊ីនថត ពួកគាត់ជាសមត្ថកិច្ច ។ ដោយឃើញដូចនេះ គាត់បានរាយការណ៍មកមស្រុក និងខេត្ត ហើយបានសុំកម្លាំងបន្ថែម តែនៅពេលដែលគាត់កំពុងរាយការណ៍បែបបនេះ ពួកឈ្មួញទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់អស់ ៕
ចែករំលែកព័តមាននេះ