បើទោះណាមានរសជាតិមិនឆ្ងាញ់ តែមើមខ្ទឹមសមានប្រជាប្រិយភាពណាស់ដែរក្នុងអាហារប្រចាំថ្ងៃរបស់មនុស្ស ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាព៧ចំណុចដែលយើងគួរតែដឹងអំពីមើមខ្ទឹមស ៖
១- កាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីក ៖ ក្រុមជំនាញជឿថា ខ្ទឹមសផ្ទុកសារធាតុពិសេសម្យ៉ាងដែលអាចកាត់បន្ថយអត្រាប្រឈមដោយជំងឺមហារីក ជាពិសេសគឺមហារីកក្រពះ ។ ការសិក្សាជាច្រើនបានបង្ហាញថា ទទួលទានខ្ទឹមសអាចធ្វើជាខែលឱ្យអ្នកប្រឆាំងនឹងជំងឺមួយនេះ បាន ។
២- បំបាត់ការរមាស់បំពង់ក ៖ សារធាតុប្រឆាំងនឹងបាក់តេរីរបស់ខ្ទឹមសមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលបំពង់ក ។ នៅពេលដែលអ្នកក្អកឬរលាកបំពង់ក បៀមខ្ទឹមសក្នុងមាត់ដោយខាំបន្តិចនិងលេបទឹកដែលជញ្ជក់បាននោះចូល ។
៣- ផ្តល់ផលប្រយោជន៍ចំពោះបេះដូង ៖ ទទួលទានខ្ទឹមសនឹងធ្វើឱ្យឈាមរាវ ។ នេះពិតជាមានប្រយោជន៍បំផុតក្នុងការពង្វាងជំងឺដែលទាក់ទងនឹងបេះដូង ។ លើសពីនេះទៀត ខ្ទឹមសមានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងសម្ពាធឈាម ។ ការទទួលទានខ្ទឹមស២កំពឹសរាល់ថ្ងៃពិតជាអាចកាត់បន្ថយបាននូវហានិភ័យលក្ខខណ្ឌវេជ្ជសាស្ត្រ Arteriosclerosisទប់ស្កាត់ការគាំងបេះដូងនិងដាច់សរសៃឈាមក្នុងខួរក្បាល ។
៤- បំបាត់ការឈឺធ្មេញ ៖ តាមអ្នកជំនាញប្រាប់ថា វាមានប្រសិទ្ធភាពព្យាបាលការឈឺធ្មេញ ។ អ្នកអាចបន្តក់ប្រេងរបស់វាដែលរកបានតាមទីផ្សារឬបុកខ្ទឹមស្រស់ឱ្យម៉ត់ ។
៥- ជួយជំរុញកម្លាំងប្រព័ន្ធការពាររាងកាយ៖ ដោយសារតែខ្ទឹមសផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មមួយចំនួន ដូច្នេះវាមានប្រសិទ្ធភាពបំផុតជួយជំរុញកម្លាំងការពារប្រព័ន្ធរាងកាយ ។ ទទួលទានវាជាប្រចាំអាចផ្តល់កម្លាំងដល់រាងកាយដើម្បីប្រឆាំងនឹងជំងឺឆ្លងព្រមទាំងវីរុសផ្សេងៗ ។
៦- កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ៖ ទទួលទានខ្ទឹមសត្រូវគេដឹងថាអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ។ ខ្ទឹមសផ្ទុកសារធាតុពិសេសដែលអាចបញ្ឈប់បាននូវការបង្កើតជាដុំខ្លាញ់កូឡេស្តេរ៉ូលក្នុងរាងកាយ ហើយកាត់បន្ថយបានកូឡេស្តេរ៉ូលអាក្រក់ ។
៧- ប្រឆាំងនឹងជំងឺផ្តាសាយ ៖
មានការសិក្សាជាច្រើនដែលបានរកឃើញថា ខ្ទឹមសមានឥទ្ធិពលលើជំងឺផ្តាសាយ ។ មានជំនឿថា ទទួលទានមើមខ្ទឹមសនៅពេលដែលដឹងថាអ្នកមានសញ្ញាមិនស្រួលខ្លួនអាចនឹងឈានទៅកើតជំងឺផ្តាសាយគឺពិតជាកាត់បន្ថយអាការៈធ្ងន់ធ្ងរបាន ៕
ចែករំលែកព័តមាននេះ