រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ២៩ វិច្ឆិកា ២០១៣ នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ច ព្រមទាំងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ១២៨រូបដែលមានស្នាដៃបម្រើការងារល្អប្រសើរកន្លងមក ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
មន្ត្រីដែលត្រូវផ្ទេរមុខតំណែងមាន៥៥រូប និងបំពាក់ឋានន្តរស័ក្តិ៧៣រូប ក្នុងនោះប្រកាសផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ យឹម សុជាតិ ពីប្រធានការិយាល័យអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការខណ្ឌដង្កោ ទៅជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជំនួសលោកវរសេនីយ៍ទោ ប៊ន សំអាត អធិការខណ្ឌពោធិ៍សែនជ័យចាស់ឆ្នាំមកហើយនោះ ត្រូវបានផ្ទេរតំណែងទៅកាន់ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ ។ ខណៈលោកវរសេនីយ៍ទោ សោម ប៊ុន្នី ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបច្ចុប្បន្ន សុំទៅធ្វើជំនួយការលោកស្នងការនគរបាលរាជធានីភ្នំពេញ ដោយបញ្ហាសុខភាពលោកទ្រុឌទ្រោម ។
គួរបញ្ជាក់ផងដែរថា ទំាងលោកវរសេនីយ៏ទោ យឹម សុជាតិ និងលោកវរសេនីយ៏ទោ យឹម សារ៉ាន់ គឺនគរបាលវ័យក្មេងដែលក្នុងការងារកន្លងមក លោកទំាងពីរត្រូវបានគេទទួលស្គាល់ថាមានស្នាដៃក្នុងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋនិងសង្គម ៕
ចែករំលែកព័តមាននេះ