រាជធានីភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា លោក Marke Gooding ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សម្តែងនូវការរំលែកទុក្ខជូនចំពោះប្រជាជនកម្ពុជា ដែលទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ។
ជាមួយនេះលោក ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរជូនចំពោះលោកក្នុងឱកាសដែលលោកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ។ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងបែបនេះ នាព្រឹកថ្ងៃទី២៦ វិច្ឆិកា នៅវិមានសន្តិភាពក្នុងឱកាសដែលលោកឯកអគ្គរាជទូត ចក្រភពអង់គ្លេសចូលជម្រាបលាសម្តេចតេជោនាយករដ្ឋមន្ត្រី ។
លោកឯកអគ្គរាជទូតមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបានកើន ឡើង ជាពិសេសលើវិស័យពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ កើនឡើងរហូតដល់៧៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៩ខែឆ្នាំ២០១៣ កន្លងមកនេះ ។ លោកឯកអគ្គរាជទូត មានជំនឿជឿជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងរហូតទៅដល់១ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ។
លោក Marke Gooding បានគោរពសម្តែងនូវអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ ។ ក្នុងន័យនេះ លោកឯកអគ្គរាជទូតមានប្រសាសន៍ថា អនាគតព្រះរាជាណាចក្រកម្ពុជាមានភាពវិជ្ជមានយ៉ាងខ្លាំង ។ ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានល្អ ទាំងខាងនយោបាយ និងទាំងខាងពាណិជ្ជកម្ម ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត និងសម្តែងនូវក្តីសប្បាយរីករាយចំពោះកំណើនពាណិជ្ជកម្មរវាងកម្ពុជា -អង់គ្លេស ក៏ដូចជាកំណើនទេសចររបស់ចក្រភពអង់គ្លេស មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះ សម្តេចបានថ្លែងអំណរគុណ និងជូនពរឱ្យលោក Marke Gooding ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មការទូតរបស់លោកនាថ្ងៃអនាគត ។
ដោយឡែក នៅព្រឹកថ្ងៃដដែលនោះដែរ លោក Jacques Stroun ប្រធានគណៈប្រតិភូ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានចូលជម្រាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីលោកបានបំពេញបេសកកម្មអស់រយៈពេលជាង៣០ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ។ លោកប្រធានគណៈប្រតិភូបានមានប្រសាសន៍ថា ក្នុងបេសកកម្មជាង៣០ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា លោកបានទទួលនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការងារមនុស្សធម៌ ការងារកាកបាទក្រហម និងក្រសួងមហាផ្ទៃ ។ លោកJacques Stroun បានមានប្រសាសន៍ទៀតថា លោកមានមោទនភាពណាស់ ចំពោះកិច្ចសហប្រតិបត្តិការដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនលោក ។
ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោក Jacques Stroun បានចំណាយពេលប្រមាណពាក់កណ្តាលជីវិតរបស់លោកជួយធ្វើការបម្រើប្រជាជនកម្ពុជា ។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោក Jacques Stroun និងបានជូនពរជាថ្មីម្តងទៀត សូមឱ្យលោកទទួលបានជោគជ័យក្នុងភារកិច្ចរបស់លោកជាបន្តបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ