ក្រុងប៉ោយប៉ែត : នៅរសៀលថ្ងៃទី២២ វិច្ឆិកា ២០១៣ ក្រុមមន្ត្រីគយដែលឈរជើងនៅក្រោមប្រាសាទកំពូលបី មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានមានការរឹតបន្តឹងដល់ក្រុមកម្មករអូសរទេះដឹកទំនិញទាំងអស់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ឲ្យចូលខ្លួនបង្ហាញពីអត្តសញ្ញាណ ផ្តិតមេដៃធ្វើកិច្ចសន្យាក្នុងការនាំទំនិញចូលមកក្នុងស្រុក ។
បើតាមប្រភពពីមន្ត្រីគយ និងរដ្ឋាករដែលឈរជើងនៅមាត់ច្រកទ្វារបានបង្ហើបឲ្យដឹងថា ចំពោះការរឹតបន្តឹងដល់ក្រុមកម្មករអូសរទេះដឹកទំនិញពីថៃ ចូលមកនៅពេលនេះ ក្នុងគោលបំណងចង់ដឹងពីចំនួនមុខទំនិញ និងចំនួនពិតប្រាកដរបស់ក្រុមកម្មករទាំងអស់នោះផងដែរ ។ ដោយមន្ត្រីរូបនោះបានបន្តថា ការរឹតបន្តឹងនេះចាប់ផ្តើមធ្វើពីថ្ងៃនេះតទៅ មានរយៈពេល1ខែ ហើយការដែលឲ្យពួកគាត់ជាកម្មករអូសរទេះចូលខ្លួនមកធ្វើកិច្ចសន្យា នៅពេលនេះមិនមានឲ្យពួកគាត់បង់ប្រាក់ឡើយ ។
បើតាមប្រភពពីមន្ត្រីគយបានបញ្ជាក់ថា ការរឹតបន្តឹងដល់ក្រុមកម្មករអូសរទេះដឹកទំនិញពីថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅពេលនេះគឺធ្វើតាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីប្រមូលពន្ឋអាករជូនរដ្ឋឲ្យតម្លាភាព ក្នុងអាណត្តិនីតិកាលទី5 ឆ្នាំ2014 ខាងមុខនេះផងដែរ ។
ចែករំលែកព័តមាននេះ