ខេត្ដព្រះសីហនុ ៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដ ដកហូតម៉ូតូ និងនាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការអប់រំ និងផាកពិន័យ ដោយសារតែបុរសរូបនោះជេរប្រមាថបង្កការរំខាន នៅពេលដែលសមត្ថកិច្ចកំពុងបំពេញការងារ អនុវត្ដការរឹតបន្ដឹងពីច្បាប់ចរាចរណ៍ ។
លោកអនុសេនីយ៍ឯក យឹុង សុខា ប្រធានផ្នែកត្រួតពិនិត្យគោលដៅចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដ ឱ្យដឹងថា បុរសដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២០ វិច្ឆិកា កន្លងទៅគឺឈ្មោះ យឿន ស៊ី អាយុ ៣២ឆ្នាំ ជាកម្មករទូកនេសាទ ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ បុរសនេះបើកម៉ូតូវ៉េវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយ ព្រះសីហនុ1C-9258 មានមិត្ដភក្ដិរួមដំណើរជាមួយម្នាក់ឈ្មោះ ហ៊ី មានទីលំនៅក្នុងស្រុកស្ទឹងហាវ តែពេលសមត្ថកិច្ចឃាត់ម៉ូតូផាកពិន័យ មិត្ដភក្ដិដែលរួមដំណើរបានគេចខ្លួនបាត់ស្រមោល ។
នៅការិយាល័យចរាចរណ៍ផ្លូវគោកបុរសឈ្មោះ យឿន ស៊ី និយាយថា ខណៈឈប់សម្រាកពីការនេសាទ រូបគេបានបបួលឈ្មោះ ហ៊ី ទៅផឹកស៊ីនៅភោជនីយដ្ឋានមួយកន្លែងខាងក្រោយស្ថានីយប្រេងតូតាល់ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ បន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំរៀងៗខ្លួន ក៏បបួលគ្នាជិះម៉ូតូត្រឡប់ទៅកំពង់ផែចតទូក (អ៊ូវៀតណាម) ដោយបើកម៉ូតូខាងលើតាមបណ្ដោយវិថីឯករាជ្យ ក្នុងស្ថានភាពរេចង្កូតពេញផ្លូវ និងស្រែកហ៊ោកញ្ជ្រៀវ ។ លុះទៅដល់ក្បែរមន្ទីរទេសចរណ៍ខេត្ដ ក៏ត្រូវនគរបាលចរាចរណ៍ឃាត់ដើម្បីផាកពិន័យ ដោយសារអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាព ម៉ូតូពាក់ស្លាកលេខក្លែងក្លាយ និងមិនដាក់កញ្ចក់មើលក្រោយ ។
លោកអនុសេនីយ៍ឯក យឹុង សុខា បន្ដទៀតថា ពេលនគរបាលឃាត់ម៉ូតូ បុរសទាំង២នាក់ខាងលើនេះ ចុះមកក្នុងស្ថានភាពស្រវឹងក៏បានជេរប្រមាថយ៉ាងចាស់ដៃមកលើសមត្ថកិច្ចជារបៀបមនុស្សអគតិ គ្មានសុជីវធម៌ ថែមទាំងរករឿងវាយដំមកលើសមត្ថកិច្ចថែមទៀតផង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវចោមរោមមើលយ៉ាងច្រើនកុះករ ។
បន្ទាប់មកក៏ទទួលបានបទបញ្ជាពីលោកវរសេនីយ៍ទោ ព្រហ្ម ពៅ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក ក៏ដូចជាបទបញ្ជារបស់លោកឧត្ដមសេនីយ៍ តាក វណ្ណថា ស្នងការនគរបាលខេត្ដ ឱ្យនាំខ្លួនបុរសអ្នកបើកម៉ូតូ និងដកហូតម៉ូតូយកទៅការិយាល័យចរាចរណ៍ ដើម្បីអប់រំ និងទទួលការផាកពិន័យពីទោសកំហុសដែលខ្លួនបានប្រព្រឹត្ដមកលើសមត្ថកិច្ចពេលកំពុងបំពេញភារកិច្ច ដើម្បីជាការព្រមានកុំឱ្យកើតមានហេតុការណ៍អាក្រក់បែបនេះទៅថ្ងៃក្រោយទៀត ៕
ចែករំលែកព័តមាននេះ