រាជធានីភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ៖ អ្នកចូលរួមប្រមាណជាង៣០០ នាក់ ជាតំណាងរដ្ឋាភិបាលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដៃគូអភិវឌ្ឍន៍តំណាងឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា អាជ្ញាធរឃុំ-សង្កាត់មកពីក្រុងបាត់ដំបង ខេត្តកំពត ខេត្តព្រះសីហនុ និងភ្នំពេញ តំណាងយុវជនសហគមន៍មកពីក្រុងបាត់ដំបង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ យុវជនស្ម័គ្រចិត្ត និងសមាជិកសហគមន៍នៅរាជធានីភ្នំពេញ បានចូលរួមជាមួយគ្នានៅក្នុងវេទិកាយុវជនថ្នាក់ជាតិស្តីអំពីដីធ្លីនិងលំនៅឋាននៅថ្ងៃនេះ ។
វេទិកាយុវជនដែលមានរយៈពេលមួយថ្ងៃនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារអីុមភើរៀល ក្រោមប្រធានបទ«បង្កើនការចូលរួមទាំងអស់គ្នាក្នុងការដោះស្រាយបញ្ហាដីធ្លី និងលំនៅឋាន»ដោយមានការចូលរួមរៀបចំឡើងពីសំណាក់អង្គការសង្គមស៊ីវិលជាច្រើននៅក្នុងប្រទេសកម្ពុជា ។
វេទិកាយុវជនថ្នាក់ជាតិនេះ ត្រូវរៀបចំឡើងក្នុងគោលបំណងសំខាន់មួយចំនួនមានដូចជា ការបង្កើនការយល់ដឹងអំពីបញ្ហាដីធ្លី និងលំនៅឋាន និងយន្តការដោះស្រាយ ការលើកទឹកចិត្ត និងបង្កើនឱកាសចូលរួម និងការជជែកពិភាក្សារបស់យុវជនទៅលើបញ្ហាដីធ្លីក៏ដូចជា លំនៅឋានជាមួយអាជ្ញាធរដីធ្លី និងចុងក្រោយគឺការពង្រឹងទំនាក់ទំនងរវាងយុវជន និងអាជ្ញាធរដីធ្លី។
ចែករំលែកព័តមាននេះ