ប្រទេសចិនកាលពីថ្ងៃទី២១ វិច្ឆិកា បានសម្តែងពីការប្រឆាំងរបស់ខ្លួនចំពោះការអនុម័តគម្រោងច្បាប់មួយដោយគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកមួយដែលអនុញ្ញាតឱ្យលក់អាវុធដល់តៃវ៉ាន់ ។ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២១ វិច្ឆិកា លោកហុងឡី អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអនុម័តច្បាប់មួយស្តីពីការលក់អាវុធឱ្យតៃវ៉ាន់ដោយគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកមួយ ។
គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់នោះដែលអនុញ្ញាតឱ្យលក់អាវុធដល់តៃវ៉ាន់ ដែលក្នុងនោះរួមមាន នាវាពិឃាដប្រភេទ PERRY ចំនួន៤គ្រឿងផង ។យោងតាមអ្នកនាំពាក្យរូបនោះថា ចិនប្រឆាំងនឹងការលក់អាវុធរបស់គ្រប់ប្រទេសទាំងអស់ឱ្យដល់កោះតៃវ៉ាន់ ។ ជំហរនោះគឺច្បាស់លាស់ហើយពុំផ្លាស់ប្តូរឡើយ ។ យើងស្នើដល់ព្រឹទ្ធសមាជិកអាមេរិកមួយចំនួនឱ្យបោះបង់ចោលគំនិតនៃសង្គ្រាមត្រជាក់របស់ពួកគេ ហើយឱ្យចូលរួមក្នុងនយោបាយចិនតែមួយ គោរពបណ្តាសេចក្តីប្រកាសរួមចិន-អាមេរិក រួចគោរពស្មារតីនៃការបង្កើនវិធីសាស្ត្រថ្មីមួយសម្រាប់ទំនាក់ទំនងរវាងមហាប្រទេសទាំងពីរ ហើយបញ្ឈប់ការធ្វើច្បាប់នានាស្តីពីការលក់អាវុធឱ្យតៃវ៉ាន់ ។
ពួកគេត្រូវរួមចំណែកថែមទៀតដល់ការពង្រីកទំនាក់ទំនងចិន-អាមេរិក និងការពង្រីកដោយសន្តិវិធីនៃទំនាក់ទំនងរវាងចិនដីគោក និងកោះតៃវ៉ាន់ ជាជាងធ្វើអ្វីដែលមានទិសដៅផ្ទុយពីនេះ ៕
ចែករំលែកព័តមាននេះ