ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​សម្រេច​​របស់ ICJ ប​ក្ស​ប្រឆាំង​ថៃ​​ដុត​​កម្ដៅ​​ក្នុង​សភា​​ប​ញ្ហា​​ទឹកដី​ជុំ​វិ​ញប្រាសាទ​ព្រះវិហារ

11 ឆ្នាំ មុន

​​​នាយក​រដ្ឋមន្ត្រី​ថៃ​​លោក​​ជំទាវ​​ យីង​ឡាក់ ​សីុ​ណា​វ៉ាត្រា ​​ដែល​ស្ថិត​​ក្រោម​សម្ពាធ​​ដេញ​ដោល​​ពី​ក្រុម​​​សមាជិក​​សភាបក្ស​ប្រឆាំង​​​​ដឹក​នាំ​ដោយ​​​​​លោក​​អាប់​ភីសីុត បានថ្លែង​ប្រាប់​​​​សភា​ជាតិ កាល​​ពី​​ថ្ងៃ​​ទី​​១៣ វិច្ឆិកា ​ថា លោក​​​ជំទាវ​​មិន​ដែល​ទទួល​​យក​ការ​​សម្រេច​របស់​​តុលា​ការ​​យុត្តិធម៌​​អន្តរជាតិ​​​(ICJ)​ ដែល​ប្រគល់​​តំបន់​​​ជុំ​វិញ​​​ភ្នំ​ប្រាសាទ​ព្រះវិហារ​​ទាំងមូល​​ឱ្យ​ប្រទេស​កម្ពុជា​ទេ ។

​​​នាយក​រដ្ឋមន្ត្រី​ថៃ​​លោក​​ជំទាវ​​ យីង​ឡាក់ ​សីុ​ណា​វ៉ាត្រា ​​ដែល​ស្ថិត​​ក្រោម​សម្ពាធ​​ដេញ​ដោល​​ពី​ក្រុម​​​សមាជិក​​សភាបក្ស​ប្រឆាំង​​​​ដឹក​នាំ​ដោយ​​​​​លោក​​អាប់​ភីសីុត បានថ្លែង​ប្រាប់​​​​សភា​ជាតិ កាល​​ពី​​ថ្ងៃ​​ទី​​១៣ វិច្ឆិកា ​ថា លោក​​​ជំទាវ​​មិន​ដែល​ទទួល​​យក​ការ​​សម្រេច​របស់​​តុលា​ការ​​យុត្តិធម៌​​អន្តរជាតិ​​​(ICJ)​ ដែល​ប្រគល់​​តំបន់​​​ជុំ​វិញ​​​ភ្នំ​ប្រាសាទ​ព្រះវិហារ​​ទាំងមូល​​ឱ្យ​ប្រទេស​កម្ពុជា​ទេ ។

​​លោក​​​​ជំទាវ​ថ្លែង​ថា ៖ខ្ញុំ​មិន​ដែល​​បាន​និយាយ​​​​​​​ថា ខ្ញុំ​​នឹង​ទទួល​យក​ការសម្រេច​​របស់​តុលាការ​នោះ​​ទេ ។​ អ្វីដែល​​ខ្ញុំ​និយាយ ​គឺ​ខ្ញុំ​នឹង​រក្សា​​ទំនាក់​ទំនង​​​ទ្វេ​ភាគី​​​ ហើយ​ខ្ញុំ​​​​​នឹង​ការ​ពារ​​បូរណ​ភាព​ទឹក​ដី​​របស់​​ខ្ញុំ​​ដោយមិន​ខ្វល់​​ថា​តើ​​​តុលាការ​​​បក​ស្រាយ​​​យ៉ាង​ម៉េច​នោះ​​ទេ ​​​។ គ្រប់​ពាក្យ​​​​គឺ​មាន​​ភាព​រសើប​​និងមាន​សារ​សំខាន់​នៅ​ពេល​​​​យើង​​និយាយ​​​​​ជាលក្ខណៈ​ការ​ទូត​អន្តរជាតិ ។ ​​លោក​ជំទាវ​ក៏​បានសន្យា​ស្វះ​ស្វែង​​រក​ការ​អនុ​ម័ត​​​​​ពីសភា​​សម្រាប់កិច្ច​​ចរចា​​ណា​មួយ​ដែល​​កើត​មាន​​ឡើង ​ស្ថិតនៅ​​​ក្រោម​ច្បាប់​វិសោធ​ន​កម្ម​​មាត្រា​​​​១៩០​​​ ​​​នៃ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ ។​ ​កិច្ច​ប្រជុំ​សភា​​​ជា​បន្ទាន់​នេះ​ ​​ត្រូវបាន​​ធ្វើ​ឡើង​ក្រោ​​ម​​ច្បាប់​រដ្ឋ​​​ធម្ម​នុញ្ញ​​​មា​ត្រា​​​​១៧៩ ​​​​​​ដើម្បី​ពិភាក្សា​​​ពីការសម្រេច​​​របស់​តុលាការICJ​​ដែល​​​​ក្រុម​អ្នក​​ជ្រុល​និយម​​​​​ថៃ​​និយាយថា​ ​អាច​ឈាន​​​ទៅ​ដល់​​ការ​បាត់​បង់​​ទឹក​ដី​របស់​ថៃ​មួយ​ចំនួន​ ។ ​លោក​អាប់ភីសីុត ​មេ​ដឹក​នាំ​គណ​បក្ស​ប្រជា​ធិ​បតេយ្យ​​ ​បាន​ទទូច​​ឱ្យ​លោក​ជំទាវ​នាយក​រដ្ឋ​មន្ត្រី​​ដក​ចេញច្បាប់​វិសោធន​កម្ម​​​​មាត្រា​​​​១៩០​​​ដោយ​បារម្ភខ្លាចថា ​​​ការ​អនុវត្ត​​តាម​មាត្រា​​​​នេះ​​នឹង​​ទទួល​បាន​​​​ការ​អនុម័ត​​​ពីសភា​​ ដែលធ្វើ​ឱ្យ​​​ប៉ះពាល់​​ដល់​​បូរ​ណ​ភាព​ទឹក​ដី ​​​បន្ទាប់​ពីការ​កាត់ក្ដី​រឿង​ប្រាសាទ​ព្រះវិហារ​ដោយ​តុលាការ​ICJ​​ ។ ​លោក​អាប់​ភីសីុត ​បន្ត​ទៀត​ថា ​​លោក​ជំទាវ​នាយក​​​រដ្ឋមន្ត្រី​​​​គួរ​តែ​ចាត់វិធាន​ការ​​​បញ្ឈប់​​វិសោធ​ន​កម្ម​មិន​ឱ្យ​អនុវត្ត ​​ដើម្បី​​ធ្វើ​ឱ្យ​ប្រាកដ​​​ថា កិច្ច​ចរចា​​ណា​មួយ​​ដែល​កើត​មាន​​ឡើង​​រវាង​​​​ភាគី​​ទាំង​ពីរ​​ថៃ-កម្ពុជា​ត្រូវ​​​​​​​ធ្វើ​ឡើង​​ប្រកប​ដោយ​​តម្លា​ភាព​​ ​​​​​និង​ការ​ពារ​​​ប្រយោជន៍ជាតិ ​។

​​មេ​ដឹកនាំ​​គណបក្សប្រឆាំង​រូប​នេះ​​​បាន​និយាយ​​ថា​​ លោក​យល់ស្រប​​នឹងការ​កំណត់​​លក្ខ​ខណ្ឌ​​​របស់​លោក​​ជំទាវ​នាយក​រដ្ឋមន្ត្រី​​​​​លើ​ការ​កាត់​ក្ដី​របស់​ICJ ​។ ប៉ុន្តែ​​លោក​បាន​​ទទូច​​ឱ្យ​រដ្ឋា​ភិបាល​​​មាន​ភាព​ស្មោះ​ត្រង់ និង​​ទទួល​ខុស​ត្រូវ​​​​​ចំពោះ​​សាធារ​ណ​ជន​ប្រសិន​បើ​មាន​ការបាត់​បង់​ទឹក​ដីណា​មួយ​ចំពោះ​ការ​គោរព​តាម​ការសម្រេច​​របស់​តុលាការយុត្តិធម៌​​​ICJ  ។ ​​​​​លោក​​ជំទាវ​នាយក​រដ្ឋ​មន្ត្រី​ថៃ ​​​យីង​ឡាក់ ​​សីុណាវ៉ា​ត្រា​​ បានថ្លែង​​​ថា លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​​ថៃ​​នឹង​ជួប​គ្នា​ជាមួយ​សម​ភាគី​កម្ពុជា​ ដើម្បីជជែក​​​អំពី​​ការ​អនុវត្ត​​​​​​សាល​ដីកា​​​តុលាការ​​​ក្រុង​ឡាអេ​ ទាក់​ទង​នឹង​ប្រាសាទ​ព្រះ​វិហារ​។​​នៅ​ពេល​​នេះ ​បើតាម​​ការ​អះអាង​​​​របស់មេបញ្ជា​ការ​​​កង​ទ័ព​​​​កម្ពុជា​​ លោក​ឧត្តមសេនីយ៍​ឯក ស្រី​ ឌឹក ​​កង​កម្លាំង​របស់ភាគី​កម្ពុជា​និង​ថៃ​​នៅ​ព្រំ​ដែន​ ​នៅ​តែ​បន្ត​ឈរ​​​ជើង​នៅ​កន្លែង​ដដែល​រហូត​​ដល់​មានការ​សម្រេច​​របស់​រដ្ឋាភិបាលទាំង​ពីរ ។​
​​ទោះបីជា​បែបណា  ​​ស្ថាន​ភាព​​នៅ​តាម​ព្រំ​ដែន​​​ប្រាសាទ​ព្រះវិហារ​​​ស្ងប់ស្ងាត់ជា​​ធម្ម​តា ​ហើយ​​អ្នក​​​​​ទេស​ចរ​​ក៏​ត្រូវបាន​អនុញ្ញាត​​ឱ្យ​ឡើង​​​​​ទៅ​ទស្ស​នា​​លើ​ប្រាសាទ​ព្រះវិហារ​​​ជា​ធម្ម​តា​​​ដែរ ។​ ​​ការ​បញ្ជាក់​​អំពី​​ភាពប្រក្រ​តី​​​នៅ​តាម​ព្រំ​ដែន​​ក្រោយការ​បកស្រាយ​​សាល​ដីកា​​របស់​តុលាការ​​​ICJ​​​នោះ ​លោក​​ឧត្តមសេនីយ៍​ឯក​​​​ស្រី ឌឹក ​នៅ​ក្នុង​សន្និសីទ​​កាសែ​ត​​រួម​គ្នា​​មួយ​​ជាមួយ​​​​មេ​បញ្ជា​ការ​​កង​ទ័ព​ថៃ​​​​ កាល​ពីថ្ងៃទី​​១២ វិច្ឆិកា ​បាន​ប្រាប់​ឱ្យ​ដឹង​​ថា កង​កម្លាំង​​​​របស់កម្ពុជា​​​​និង​ថៃ​នៅ​​​បន្ត​ឈរ​​ជើង​នៅ​​​លើ​ទីតាំង​​ដដែល​​រហូត​ដល់​មាន​​ការ​សម្រេច​​​ជា​ថ្មី​​ពីខាង​​រដ្ឋាភិបាល​​ ។​ ​​យោង​តាម​​សារ​ព័ត៌មាន​​ថៃ​The Nation ​​​ចេញ​​​ផ្សាយ​​​កាល​ពីថ្ងៃទី​​​១៣ វិច្ឆិកា ​​​លោក​​​ជំទាវ​នាយក​​រដ្ឋមន្ត្រី​ថៃ​យីងឡាក់ ​សីុណាវ៉ាត្រា​ បាន​ប្រាប់​​ឱ្យ​ដឹង​ថា ប្រមុខ​​ការទូត​​​ថៃ​នឹង​ជួប​គ្នា​ជាមួយ​​លោក​រដ្ឋមន្ត្រីការ​បរទេសកម្ពុជា​​ដើម្បី​ជជែក​​គ្នា​អំពី​ការ​អនុវត្ត​សាល​ដីកា​តុលាការ​​​ក្រុង​​ឡា​អេ
​នេះ ។​

កាល​ពី​យប់​ថ្ងៃ​ទី​១១​ វិច្ឆិកា​ សេចក្តី​ថ្លែង​ការណ៍​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ត្រូវ​បាន​​ចាក់​ផ្សាយ​​​តាម​កញ្ចក់​ទូរ​ទស្សន៍​ បន្ទាប់​ពី​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ (ICJ) នា​ទីក្រុង​ឡាអេ​ ប្រទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស​ហូឡង់​ បាន​ប្រកាស​ចេញ​នូវ​សាល​ដីកា​របស់​ខ្លួន​ លើ​បណ្តឹង​សុំ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ឱ្យ​បក​ស្រាយ​លើ​សាល​ដីកា​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​១៩៦២​ ពាក់​ព័ន្ធ​​នឹង​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​ ។​ សាល​ដីកា​របស់​តុលា​ការ​បាន​សម្រេច​​​​ថា​ ៖ ១-​ប្រកាស​ដោយ​សំឡេង​ឯក​ច្ឆន្ទ​ថា​ តុលា​ការ​មាន​សមត្ថ​កិច្ច​ដោយ​ផ្អែក​តាម​មាត្រា​៦០​ នៃ​លក្ខន្តិកៈ​របស់​ខ្លួន​ ដើម្បី​សម្រេច​លើ​បណ្តឹង​សុំ​បក​ស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២​ ដែល​ប្តឹង​សុំ​ដោយ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ហើយ​ទទួល​ស្គាល់​ថា​ បណ្តឹង​សុំ​នេះ​ អាច​ទទួល​យក​មក​ពិនិត្យ​ដោះ​ស្រាយ​បាន​ ។​

២-​ប្រកាស​ដោយ​សម្រេច​ឯក​ច្ឆន្ទ​ថា​ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បក​ស្រាយ​សាល​ដីកា​ចុះ​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​១៩៦២​ តុលា​ការ​សម្រេច​នៅ​ក្នុង​សាល​ដីកា​នេះ​ថា​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​អធិប​តេយ្យ​ពេញ​លេញ​លើ​បូរណ​ភាព​ទឹក​ដី​លើ​តំបន់​ពយ​ភ្នំ​ (Eperon/Promontory) នៃ​ប្រាសាទ​ព្រះ​វិហារ​ ដូច​ដែល​មាន​កំណត់​ក្នុង​កថា​ខណ្ឌ​ទី​៩៨​ នៃ​សាល​ដី​កា​នេះ​ ហើយ​ជា​បច្ច័យ​ តុលា​ការ​ប្រកាស​ថា​ ព្រះ​រាជា​ណា​ចក្រ​ថៃ​ មាន​កាតព្វ​កិច្ច​ដក​ចេញ​ពី​ទឹក​ដី​នេះ​ នូវ​គ្រប់​កង​កម្លាំង​ប្រដាប់​អាវុធ​ ឬ​កង​នគរ​បាល​ ឬ​អ្នក​ថែរក្សា​ ឬ​ឆ្មាំ​យាម​ ផ្សេង​ទៀត​របស់​ថៃ​ ដែល​បោះ​ទីតាំង​នៅ​ក្នុង​ទឹក​ដី​នោះ​ ។​ សម្តេច​តេជោ​ បាន​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ជំហាន​ទៅ​មុខ​ដ៏​មាន​សារសំខាន់​ និង​មាន​អត្ថ​ន័យ​​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ទៀត​ នៅ​ក្នុង​ការ​ខិត​ខំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ សំដៅ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ និង​ផ្អែក​លើ​ច្បាប់​អន្តរ​ជាតិ​ នូវ​វិវាទ​រវាង​កម្ពុជា​ និង​ថៃ​ លើ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ និង​តំបន់​ជុំវិញ​ប្រាសាទ​នេះ​ ។​ ជា​ពិសេស​ ការណ៍​ដែល​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​យក​ផែន​ទី​ឧបសម្ព័ន្ធ​១​ ខ្នាត​ ១/២០០ ០០០ ដែល​ភាគី​កម្ពុជា​ បាន​ដាក់​ជូន​តុលា​ការ​នៅ​ឆ្នាំ​១៩៦២​ មក​ធ្វើ​ជា​​សំអាង​ក្នុង​ការ​បក​ស្រាយ​ធ្វើ​សេចក្តី​សម្រេច​​របស់​ខ្លួ​ន​ ពិត​ជា​នឹង​ផ្តល់​ភាព​ច្បាស់​លាស់​ដ៏​សំខាន់​បំផុត​ដល់​ភាគី​ទាំង​ពីរ​សម្រាប់​ការ​អនុវត្ត​បន្ត​ ។​

លើ​មូល​ដ្ឋាន​នេះ​​សម្តេច​តេជោ​ ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ យីង​ឡាក់​ ស៊ីណា​វ៉ាត្រា​ នាយក​រដ្ឋ​មន្ត្រី​ថៃ​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​បាន​ឯក​ភាព​​គ្នា​កន្លង​​មក​ថា ​«ទោះ​​បី​ជា​សាល​ដីកា​នៃ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ នា​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​​​ ចេញ​មក​បែប​ណា​ក៏​ដោយ​ ក៏​ប្រទេស​ទាំង​ពីរ​ ត្រូវ​តែ​គោរព​តាម​សេចក្តី​សម្រេច​នេះ​ ហើយ​ខិត​ខំ​ថែ​រក្សា​ឱ្យ​ខាង​តែ​បាន​នូវ​មិត្ត​ភាព​រវាង​ប្រទេស​ និង​ប្រជា​ជន​ទាំង​ពីរ​ ព្រម​ទាំង​សន្តិ​ភាព​ និង​ស្ថិរ​ភាព​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-ថៃ» ៕​