ខេត្តស្វាយរៀង ៖ នារិវ័យក្មេងម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ដោយយកអាវយឺតចងភ្ជាប់ទៅនឹងចម្រឹងបង្អួច ខណៈតូចចិត្តម្តាយស្តីបន្ទោសរឿងដើរលេងពេលយប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៦ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។
បើតាមស្ត្រីជាម្តាយប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់ដែលស្លាប់នេះ ឈ្មោះគង់ តឿ អាយុ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត ។ ប្រភពបន្តថា កាលពីយប់ថ្ងៃទី០៥ វិច្ឆិកា រូបគាត់បានស្តីបន្ទោសកូនស្រីរឿងដើរលេងពេលយប់ ដោយខ្លួនជាស្រីមិនគួរដើរលេងយប់ជ្រៅនោះឡើយ ម្យ៉ាងទៀតព្រឹកឡើងត្រូវទៅធ្វើការ បើអត់ងងុយទៅជាឈឺមិនខាន ។
ប្រភពឱ្យដឹងទៀតថា គ្រាន់តែនិយាយមិនទាន់ចប់ស្រួលបួលផង កូនស្រីរបស់គាត់ក៏រត់ចូលទៅសំងំដេកបាត់ទៅ ។ លុះព្រឹកឡើង នៅពេលរូបគាត់ចុះមកដីមិនលឺសំឡេងកូនបោសសម្រាមដូចរាល់ដង ក៏មានការសង្ស័យរួចឡើងទៅលើផ្ទះ ស្រាប់តែឃើញកូនស្រីចង.កស្លាប់បាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ